ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ប្រេងឆៅ​ប្រមាណ ២៩៥ ០០០ ​បារ៉ែល​ ដែល​ត្រូវបាន​ក្រុម​នាវិក​នាវា MT Strovolos លួច​ដឹក​ចេញ ហើយ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់បាន គឺជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

កាលពី​ថ្ងៃទី​ ២៥ សីហា កងនាវា​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ឱ្យដឹងថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេង ដែលមាន​ប្រធាន​ក្រុម​ជា​ជនជាតិ​បង់ក្លាដែស និង​សមាជិក​នាវិក ១៨ ​នាក់​ផ្សេងទៀត​។ នាវា​នេះ មាន​ផ្ទុក​ប្រេង​ប្រមាណ ២៩៥ ០០០ ​បារ៉ែល (​ជិត ៤៧,៣៣ ​លាន​លីត្រ​) ដោយ​ធ្វើដំណើរ​ចេញពី​ប្រទេស​ថៃ ទៅកាន់​កោះ Batam​។

សេចក្ដី​ជូនដំណឹង​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា ឱ្យដឹងថា​ «​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឃើញ​ព័ត៌មាន និង​ការអះអាង​មិន​ពិត​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​លើ​ប្រេង​ឆៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយចំនួន​របស់​ម្ចាស់​នាវា និង​អ្នកគ្រប់គ្រង​នាវា MT Strovolos ដែល​ចាំបាច់​ត្រូវ​កែតម្រូវ​។ ប្រេងឆៅ​ទាំងអស់ គឺជា​ទ្រព្យសម្បត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ពេល​ទាំងអស់​។ ការលួច ឬ ការរំលោភបំពាន​កម្មសិទ្ធិ​លើ​ប្រេងកាត​ដោយ​ម្ចាស់​នាវា អ្នកគ្រប់គ្រង និង​ក្រុម​នាវិក​នៃ​នាវា MT Strovolos និង​បក្ខពួក​របស់គេ គឺជា​បទល្មើស​ស្ថិតក្រោម​ច្បាប់​កម្ពុជា​»​។

យោងតាម​ក្រសួង ម្ចាស់​នាវា អ្នកគ្រប់គ្រង និង​ក្រុម​នាវិក​នៃ​ MT Strovolos ត្រូវបាន​ជូន​ដំណឹង​អំពី​កម្មសិទ្ធិ​លើ​ប្រេងឆៅ និង​ការបំពានច្បាប់​កម្ពុជា​តាំងពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ​។ ពួកគេ​មិន​ត្រឹមតែ​មិន​ធ្វើ​សកម្មភាព​ណាមួយ​នៅក្នុង​ការបង្វិល​សង​ប្រេងឆៅ​មក​កម្ពុជា​វិញ​ទេ ប៉ុន្តែ​គេ​ថែមទាំង​ធ្វើដំណើរ​ទៅកាន់​កំពង់ផែ​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម ដោយ​ពួកគេ​បាន​បន្ត​បិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​ស្វ័យប្រវត្តិ​របស់​នាវា​ក្នុង​រយៈពេល​យូរ ពេល​ដែល​ពួកគេ​ធ្វើដំណើរ រួមទាំង​ពេល​ចាកចេញ​ពី​ដែនទឹក​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​, ចាកចេញ​ពី​ដែនទឹក​ថៃ​, និង​ចូលទៅ​ដែនទឹក​ប្រទេស​ឥណ្ឌូនេស៊ី​។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ពន្យល់ថា ពេលដែល​នាវា MT Strovolos ចាកចេញ​ពី​ដែនទឹក​កម្ពុជា​ដោយ​ខុសច្បាប់ នាវា​នេះ​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន KrisEnergy ដែល​ក្រុមហ៊ុន​ទទួលបាន​កិច្ចសន្យា​អភិវឌ្ឍន៍​ជម្រក​ប្រេងកាត​កម្ពុជា​។ វិវាទ​រវាង​ម្ចាស់​នាវា និង​អ្នកគ្រប់គ្រង​នាវា និង​ក្រុមហ៊ុន KrisEnergy ពាក់ព័ន្ធ​នឹង​ការជួល​នាវា ប្រហែល​ជា​បាន​កើតឡើង ប៉ុន្តែ​បញ្ហា​នេះ​មិន​ពាក់ព័ន្ធ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។

ក្រសួង​បន្តថា​៖ «​ប្រេងឆៅ​មិនអាច​ក្លាយជា​កម្មវត្ថុ​នៃ​ការទាមទារ​របស់​ម្ចាស់​នាវា និង​អ្នក​គ្រប់គ្រង MT Strovolos ឡើយ ព្រោះថា​ប្រេងឆៅ​ទាំងនេះ​មិនមែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ជួល​នាវា​ (​ក្រុមហ៊ុន គ្រីសអេនើជី) ទេ​។ ដូច​បញ្ជាក់​កន្លងមក​ប្រេងឆៅ​ជា​ទ្រព្យសម្បត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ គ្មាន​ការទាមទារ​ណាមួយ​ក្រោម​កិច្ចព្រមព្រៀង​ជួល​នាវា​អាច​ផ្តល់​ហេតុផល​សមរម្យ ឬ​អនុញ្ញាត​ឱ្យ​នាវា MT Strovolos ចាកចេញ​ពី​ដែនទឹក​កម្ពុជា​ដោយ​ខុសច្បាប់ ឬ​អនុញ្ញាត​ឱ្យមាន​ការរំលោភ​បំពាន​កម្មសិទ្ធិ​ប្រេងឆៅ​របស់​កម្ពុជា​ឡើយ​»​។

ក្រសួង​បន្តថា​៖ «​ម្ចាស់​នៃ​នាវា MT Strovolos បាន​ថ្លែង​ការណ៍​ថា​ខ្លួន​យកចិត្តទុកដាក់​ដល់​សុខុមាលភាព​របស់​ក្រុម​នាវិក​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​។ ប៉ុន្តែ​សេចក្តី​ថ្លែងការណ៍​នេះ​គឺ​ផ្ទុយទៅនឹង​ការពិត​ដែល​ក្រុម​នាវិក​របស់​ពួកគេ​មិនបាន​គោរព​គោលការណ៍​សុវត្ថិភាព​នៃ​ជីវិត​មនុស្ស​នៅលើ​លម្ហ​សមុទ្រ​ឡើយ​។ ពួកគេ​បាន​បិទ​ប្រព័ន្ធ​អត្តសញ្ញាណ​ស្វ័យប្រវត្តិ​របស់​នាវា​ក្នុង​ពេល​ពួកគេ​ធ្វើដំណើរ ទន្ទឹមនឹង​ការដែល​ពួកគេ​ចាកចេញ​ពី​ដែន​ទឹក​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត ឬ​ដោយ​គ្មាន​សិទ្ធិ ដោយ​នាំចេញ​យកទៅ​ជាមួយ​នូវ​ប្រេងឆៅ​របស់​កម្ពុជា​»​។

លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​ប្រេងកាត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៣០ ខែកញ្ញា​ថា ចាប់តាំងពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី ចាប់​នាវា នាវិក និង​ប្រេងឆៅ​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដោយ​ផ្តល់នូវ​ឯកសារ​ចាំបាច់​ពាក់ព័ន្ធ​នានា​តប​តាម​សំណើ​របស់​ឥណ្ឌូនេស៊ី​ ដើម្បី​យក​ប្រេង​ឆៅ នាវា និង​នាវិក​ទាំងអស់​ត្រឡប់មកវិញ​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​តាមដាន​អង្កេត​ដោយ​យកចិត្ត​ទុកដាក់​អំពី​ដំណើរការ​ផ្លូវច្បាប់​ទាំង​សមភាគី​ឥណ្ឌូនេស៊ី និង​អាំងទែ​ប៉ូល​អំពី​ចំណាត់ការ​នេះ​ថា តើ​វា​ឆ្លើយតប​ទៅនឹង​សំណើ​កម្ពុជា​ឬ​យ៉ាងណា​? យើង​នឹង​ធ្វើឱ្យ​អស់ពី​លទ្ធភាព​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​»​។

យោងតាម​ក្រសួង ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​ ក្រោយ​ពេល​និវេទន៍​ក្រហម​របស់​អាំងទ័រ​ប៉ូល ត្រូវ​បានចេញ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ប្រទេស​កម្ពុជា​។

ក្រសួង​បន្តថា​លើសពីនេះ​ទៀត ពេលនេះ​ពួកគេ​គួរតែ​ត្រូវ​រៀបចំ​បង្វិល​សង​ប្រេងឆៅ​មកឱ្យ​ម្ចាស់​ស្របច្បាប់ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ និង​គួរតែ​បោះបង់​ការព្យាយាម​ទាមទារ​ប្រាក់​ពី​កម្ពុជា ចំពោះ​បញ្ហា​ដែលជា​វិវាទ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន KrisEnergy៕ LA

វីដេអូ៖