ភ្នំពេញៈ កម្ពុជាបាននាំចេញអង្ករជាង ១៣ ម៉ឺនតោន ស្មើនឹងទឹកប្រាក់ជាង ៨១ លានដុល្លារ ទៅទីផ្សារអន្តរជាតិ នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២១ ដែលបរិមាណនេះកើនឡើងជាង ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
របាយការណ៍ CRF ចេញផ្សាយនាដើមសប្តាហ៍នេះបង្ហាញថា ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ ២០២១ ការនាំចេញអង្កររបស់កម្ពុជាសម្រេចបាន ១៣០ ២៤៨ តោន កើនឡើង ៤២,៩៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួនត្រឹមតែ ៩១ ១១៥ តោន។ ទឹកប្រាក់បានពីការនាំចេញអង្ករក្នុងត្រីមាសទី៣ មានជាង ៨១ លានដុល្លារ។
សម្រាប់បរិមាណអង្ករនាំចេញក្នុងខែកញ្ញា ឆ្នាំ ២០២១ គឺមានចំនួន ៦៧ ២៥១ តោន (តម្លៃ ៣៥,៣៤ លានដុល្លារ) ដែលជាបរិមាណខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដោយកាលពីខែកញ្ញា ឆ្នាំ ២០២០ ការនាំចេញមានចំនួន ៤០ ៥៧២ តោន, ឆ្នាំ ២០១៩ មាន ៥៦ ៥៤១ តោន, ឆ្នាំ ២០១៨ មាន ៤៧ ៦២៦ តោន, និងឆ្នាំ ២០១៧ មានចំនួន ៤៩ ៧៧៦ តោន។
ទោះជាយ៉ាងណាបរិមាណសរុបនៃការនាំចេញរយៈពេល ៩ ខែ ឆ្នាំ ២០២១ គឺមានត្រឹម ៤១០ ៦៩៨ តោន (ទឹកប្រាក់ ២៨៣,៦៩ លានដុល្លារ) ដោយធ្លាក់ចុះ ១៥,៩៧ ភាគរយ ពីចំនួន ៤៨៨ ៧៧៥ តោននារយៈពេល ៩ខែ ឆ្នាំ ២០២០។
យោងតាម CRF ទីផ្សារដែលទទួលទិញអង្ករពីប្រទេសកម្ពុជាច្រើនជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាលហុងកុង និងម៉ាកាវ ដែលមានចំនួន ៤៩,៥០ ភាគរយនៃការនាំចេញសរុប ខណៈប្រទេសនៅសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស មាន ២៦,៩១ ភាគរយ ប្រទេសក្នុងសមាគមអាស៊ាន ១០,០៩ ភាគរយ និងគោលដៅផ្សេងទៀត ១៣,៥០ ភាគរយ។
ប្រភេទអង្ករនាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទ ៦៩,៧១ ភាគរយ អង្ករសបាយទុន ២៧,១៨ ភាគរយ អង្ករចំហុយ ១,៧១ ភាគរយ និងអង្ករសរីរាង្គ ១,៤១ ភាគរយ។
បរិមាណនៃការនាំចេញអង្ករទៅទីផ្សារអន្តរជាតិបានធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ ២០២០ ខណៈបញ្ហានេះត្រូវបានថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករអះអាងដូចគ្នាថា បណ្តាលមកពីកង្វះទូកុងតឺន័រ និងតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ ពិសេសគោលដៅទៅតំបន់អឺរ៉ុប។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក ចាន់ សុខឃាំង ធ្លាប់បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកើនជាបន្តបន្ទាប់ចាប់តាំងពីមានការរីករាលដាលជំងឺកូវីដ ១៩ ពិសេសចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០។
លោកបន្តថា ការកើនឡើងតម្លៃដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ផែនការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ នេះ។
លោកប្រាប់ទៀតថា បើតាមការពន្យល់ពីផ្នែកដឹកជញ្ជូនការកើនឡើងតម្លៃពេលនេះ គឺបណ្តាលមកពីកង្វះខាតទូកុងតឺន័រផ្ទុកទំនិញ។
កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕