ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បាននិយាយថា ការផ្លាស់ប្តូរឌីជីថល (Digital Transformation) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) បាននិងកំពុងជួយជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) នៅកម្ពុជា។
ការលើកឡើងនេះបានធ្វើឡើងក្នុងពេលលោក សូរស័ក្តិ អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីវិបុលភាពរួម (Harnessing Frontier Technologies for Shared Prosperity” នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 15) ដែលសហការរៀបចំដោយរដ្ឋាភិបាលប្រទេសបាបេដូស (Barbados) និងអង្គការ UNCTAD នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តាមប្រព័ន្ធវីដេអូ។
សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះ គឺជាកិច្ចប្រជុំកំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ១៩៥ ប្រទេស និងអង្គការអន្តរជាតិ ព្រមទាំងដៃគូមួយចំនួនទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយដល់ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំ និងពង្រឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការពាក់ព័ន្ធនានា ដើម្បីពន្លឿនការអភិវឌ្ឍវិស័យនេះឱ្យបានជោគជ័យ ប្រកបដោយចីរភាព និង បរិយាបន្ន។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរឌីជីថល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងចូលរួមយ៉ាងសំខាន់នៅក្នុងការជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា»។
លោកបន្ថែមទៀតថា យ៉ាងណាមិញ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថលក៏បានពង្រីកគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រទេសអភិវឌ្ឍន៍តិចតួច។ ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយប្រទេសជាដៃគូពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធនានា គឺមានតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ និងការទទួលបានផលប្រយោជន៍ពីពាណិជ្ជកម្មឌីជីថល តាមរយៈការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា ការពង្រឹងប្រព័ន្ធច្បាប់ និងគោលនយោបាយ និងការអភិវឌ្ឍសមត្ថភាព ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។
លោកលើកឡើងទៀតថា ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដែលនឹងរួមចំណែកយ៉ាងខ្លាំងក្នុងការស្តារ និងជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ក្រោយពីវិបត្តិនៃការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ ១៩។
ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ ក៏បានអំពាវនាវឱ្យ UNCTAD បន្តជួយគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា លើការពង្រឹងសមត្ថភាពផលិត ការអភិឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស និងជំនាញបច្ចេកទេសផងដែរ៕