ភ្នំពេញៈ ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ចំនួន ២ បានរាយការណ៍ពីការស្ទុះងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ពួកគេក្នុងរយៈពេល ៣ ត្រីមាសចុងក្រោយនេះ ដោយសារភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកពីវិបត្តិសុខភាពជំងឺកូវីដ ១៩។
ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុផ្ញើទៅ CSX កាលពីថ្ងៃទី ៨ ខែតុលាថា ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែ បានកើនឡើងជិត ១៩ ភាគរយ ខណៈចំនួនទំនិញ និងឥន្ធនៈឧស្ម័នកើនឡើង ៤,២៣ ភាគរយផងដែរនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១។
រីឯក្រុមហ៊ុន PESTECH (Cambodia) ក៏បានរាយការណ៍ថា ប្រាក់ចំណូលសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២១ បានកត់ត្រាចំនួន ២៧៣ ៦២៨ លានរៀលតំណាងឱ្យការកើន ៧០ ៦១៤ លានរៀល ឬ ៣៤,៨ ភាគរយបើធៀបនឹងឆ្នាំហិរញ្ញវត្ថុ ២០២០ ដែលបានកត់ត្រា ២០៣,០១៤ លានរៀល។
ក្រុមហ៊ុន PESTECH បានឱ្យដឹងថា៖ «ការកើនឡើងនេះភាគច្រើនបានមកពីការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនៅកម្ពុជា និងនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ»។
ជាមួយគ្នានេះក្រុមហ៊ុនក៏បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណេញប្រតិបត្តិការពី ៦៤ ៦៨០ លានរៀលនៅឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២០ មកនៅត្រឹម ៣១ ០៣៣ លានរៀលនៅឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២១ ដែលតំណាងឱ្យការថយចុះ ៣៣ ៦៤៧ លានរៀល ឬ ៥២,០ ភាគរយ ដែលភាគច្រើនដោយសារប្រាក់ចំណេញកាន់តែខ្ពស់ ដែលបានមកពីការបញ្ចប់គម្រោងធំៗចំនួន ២ ក្នុងឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២០។
ចំណែកប្រាក់ចំណេញសុទ្ធបានកត់ត្រាចំនួន ៥ ៩៨០ លានរៀល តំណាងឱ្យការធ្លាក់ចុះ ២៣ ៤៦៣ លានរៀល ឬ ៧៩,៧ ភាគរយបើធៀបនឹងប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២០ ដែលមានចំនួន ២៩ ៤៤៣ លានរៀល។ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធកាន់តែខ្ពស់នៅក្នុងឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២០ គឺដោយសារតែប្រាក់ចំណេញកាន់តែខ្ពស់ដែលបានមកពីការបញ្ចប់គម្រោងធំៗចំនួន ២។
លោក Han Fatt Juan អគ្គនាយក PESTECH បានឱ្យដឹងកាលពីខែឧសភាថា PESTECH បានអនុវត្តការងារដែលប្រើប្រាស់កម្លាំងពលកម្មច្រើន នៅលើអណ្ដូងរ៉ែមាស អូខ្វាវ ក្នុងខេត្តមណ្ឌលគិរី។
លោកបន្ថែមថា ក្រុមហ៊ុនមួយនេះកំពុងធ្វើការយ៉ាងសកម្មលើកសិដ្ឋានផលិតថាមពលសូឡា ដែលមានថាមពល ២០ មេហ្គាវ៉ាត់នៅក្នុងក្រុងបាវិតខេត្តស្វាយរៀង ដោយការងារបឋមមានការរីកចម្រើនជាលំដាប់ ហើយបានដាក់ការបញ្ជាទិញជាមុនសម្រាប់សម្ភារ និងគ្រឿងផ្គុំសំខាន់ៗដែលនឹងត្រូវផ្ដល់នៅត្រីមាសទី ៤ ឆ្នាំនេះ និងឆ្នាំបន្ទាប់ទៀត។
លោកបន្ថែមថា ការងារលើគម្រោងខ្សែបញ្ជូនថាមពលចម្ងាយ ១៣០ គីឡូម៉ែត្រខាងកើតខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ កំពុងដំណើរការយ៉ាងរលូនដោយមានមូលដ្ឋានមួយចំនួនកំពុងត្រូវបានសាងសង់នៅលើទីតាំងដែលបានជ្រើសរើស។ លោកបន្តថា ប៉មខ្សែបញ្ជូនថាមពល និងឧបករណ៍ថាមពល នឹងត្រូវដំឡើងឡើងនៅពេលសម្ភារមកដល់នៅត្រីមាសខាងមុខ។
លោក Han ថ្លែងថា៖ «យើងសង្ឃឹមថានឹងបន្តសកម្មភាពអនុវត្តគម្រោង ចំពេលការរីករាលដាលជំងឺកូវីដ ១៩។ យើងនឹងខិតខំធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីធានាបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់សមាជិកក្រុមរបស់យើងទាំងអស់»។
លោកឱ្យដឹងទៀតថា PESTECH ក៏មានភារកិច្ចអនុវត្តផ្នែកខ្លះនៃការងារដំណាក់កាលទី ២ នៃគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូនថាមពល និងចែកចាយក្នុងទីក្រុងភ្នំពេញចំនួន ២៣០ គីឡូវ៉ុលដែលលោកសង្កត់ធ្ងន់ថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់នៅកណ្តាលរាជធានីភ្នំពេញ។
លោកបន្តថា គម្រោងនេះជាប់ពាក់ព័ន្ធនឹងការដាក់ពង្រាយម៉ាស៊ីនខួងទិសដៅផ្ដេក (HDD) ដែលកាត់បន្ថយការរំខានដល់ការធ្វើដំណើរតាមយានយន្ត និងថ្មើរជើង។
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុនមួយនេះបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រកបដោយភាពជោគជ័យ។ ចំនួនភាគហ៊ុនដែលចេញថ្មីមានចំនួន ៣ ៩៤៥ ០០០ ភាគហ៊ុនដែលមានតម្លៃស្មើនឹង ៤០០ រៀល ឬ ០.១០ ដុល្លារក្នុងតម្លៃទិញលក់ ៣១២០ រៀល ឬ ០,៧៦ ដុល្លារ។ នៅពេលបញ្ចប់ការចុះបញ្ជីនៅ CSX ក្រុមហ៊ុន PESTECH International Berhad បានគ្រប់គ្រងភាគហ៊ុនចំនួន ៩៤,៧៤ ភាគរយរបស់ក្រុមហ៊ុនមួយនេះ៕ LA