ភ្នំពេញៈ លោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជាមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលឆ្លុះបញ្ចាំងពីវិធានការបុរេសកម្មរបស់រដ្ឋាភិបាលចំពោះផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ លើសង្គម និងសេដ្ឋកិច្ច ខណៈស្ថាប័នមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកនេះបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនប្រហែល ២,២ ភាគរយក្នុងឆ្នាំ ២០២១ នេះ។
ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោក Yasuhisa Ojima ក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) កាលពីថ្ងៃទី ១១ ខែតុលា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC។
លោក Yasuhisa បានឱ្យដឹងថា បន្ទាប់ពីក្រុមបេសកកម្មនៃក្រុមការងារ IMF ដឹកនាំដោយលោក Alasdair Scott បានជួបប្រជុំតាមអនឡាញជាមួយនឹងអាជ្ញាធរកម្ពុជាស្តីពីការពិគ្រោះយោបល់មាត្រា ៤ ឆ្នាំ ២០២១ ក្នុងអំឡុងពីថ្ងៃទី ១៣-២៧ ខែកញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា៖ «ជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ដោយសារតែការធ្លាក់ចុះតម្រូវការខាងក្រៅកាលពីឆ្នាំ ២០២០ និងការឆ្លងក្នុងសហគមន៍ឆ្នាំ ២០២១»។
«ជាលទ្ធផល IMF មានសុទិដ្ឋិនិយមខ្ពស់ចំពោះអាជ្ញាធរដែលបានឆ្លើយតបជាមួយនឹងវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩ និងគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជន។ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញវិធានការជាបន្តបន្ទាប់យ៉ាងឆាប់រហ័សក្នុងគ្រាមានវិបត្តិ ដើម្បីកែលម្អសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ និងបានចេញសេចក្តីណែនាំដល់ធនាគារ ដើម្បីជួយសម្រួលដល់ការរៀបចំឥណទានឡើងវិញ ព្រោះវារួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសម្រាលបន្ទុកដល់ពាណិជ្ជករ និងគ្រួសារជនក្រីក្រ»។ នេះបើតាមការដកស្រង់សម្តីរបស់លោក Yasuhisa។
លោក ជា ចាន់តូ បានកោតសរសើរចំពោះ IMF ប្រចាំនៅកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ការផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សដល់ប្រទេសកម្ពុជា។
យោងតាម IMF ដោយមានការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាល និងការស្ទុះងើបឡើងវិញនៃតម្រូវការខាងក្រៅកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងមានប្រហែល ២ ភាគរយនៅឆ្នាំនេះ និង ៥ ភាគរយនៅឆ្នាំក្រោយ។
IMF បានបង្ហាញថា រដ្ឋាភិបាលបានប្តូរទិសធនធានយ៉ាងឆាប់រហ័សទៅផ្នែកការថែទាំសុខភាព ខណៈដែលធ្វើឱ្យការចំណាយប្រកបដោយប្រសិទ្ធភាពចំពោះការចំណាយផ្សេងៗទៀតនៅពេលបច្ចុប្បន្ន។ រដ្ឋាភិបាលបានអនុវត្តប្រព័ន្ធការផ្ទេរប្រាក់ទៅឱ្យក្រុមគ្រួសារដែលងាយរងគ្រោះ។ ប្រាក់កម្ចី និងការធានាការលើកលែងការបង់ពន្ធ ការឧបត្ថម្ភធនប្រាក់ឈ្នួល និងការគាំទ្រសម្រាប់ការបណ្តុះបណ្តាលជំនាញឡើងវិញត្រូវបានពង្រីកដល់អាជីវកម្មដែលរងផលប៉ះពាល់។
IMF ព្យាករកំណើន ២,២ ភាគរយនៅឆ្នាំ ២០២១ ដោយកើនបន្តិចម្តងៗដល់អត្រាមុនវិបត្តិ ៦,៣០ ភាគរយក្នុងរយៈពេល ២-៣ ឆ្នាំក្រោយ។
IMF បានឱ្យដឹងថា៖ «កំណើននាពេលអនាគតពឹងផ្អែកយ៉ាងខ្លាំងលើការវិវត្តនៃការរីករាលដាលកូវីដ ១៩។ ការទប់ស្កាត់វីរុសកាន់តែលឿននៅប្រទេសកម្ពុជា និងប្រទេសដទៃទៀតនឹងជួយសម្រួលដល់ការបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ។ ការបើកដំណើរការកាន់តែយឺត នឹងធ្វើឱ្យខូចកំណើនបន្ថែមទៀត»។
IMF បន្តថា៖ «ខ្លួនបានត្រៀមខ្លួនរួចស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់អាជ្ញាធរតាមរយៈការប្រឹក្សាយោបល់គោលនយោបាយ និងអភិវឌ្ឍសមត្ថភាព»៕ LA