ភ្នំពេញៈ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននិយាយថា លទ្ធផល «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ ២០២១» (Time Release Study-2021) នឹងជួយឱ្យកម្ពុជាអាចដាក់ចេញអនុសាសន៍នានាជាមូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១១ ខែតុលា នាអំឡុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី «ការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ ឆ្នាំ ២០២១ ដោយសហការជាមួយរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងអង្គការគយពិភពលោក (WCO)។
លោកលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO-TFA) និងកាតព្វកិច្ចរបស់កម្ពុជាដែលត្រូវបំពេញស្របតាមការតម្រូវរបស់អាស៊ានក្នុងការសិក្សាពីការកាត់បន្ថយចំណាយចម្លងការពាណិជ្ជកម្ម (Trade Transaction Cost-TTC)។
លោកបានថ្លែងថា៖ «ការសិក្សានេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកចំណុចខ្វះខាតនៅគ្រប់ដំណាក់កាលនៃការបញ្ចេញទំនិញនៅកម្ពុជា ហើយនឹងដាក់ចេញនូវអនុសាសន៍នានាជាមូលដ្ឋានសម្រាប់តួអង្គពាក់ព័ន្ធយកទៅបំពេញបន្ថែម ដើម្បីបន្តកែលម្អនីតិវិធី និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវភារកិច្ចរបស់ស្ថាប័ននីមួយៗក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា»។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១២ ខែតុលាថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសិក្សាលម្អិតពីរយៈពេលនៃការបញ្ចេញទំនិញពីគយ។
លោកនិយាយថា៖ «សិក្ខាសាលានេះជួយឱ្យយើងដឹងពីរយៈពេលនៃការបញ្ចេញទំនិញពីគយ (ភាពឆាប់រហ័ស និងភាពយឺតយ៉ាវ) ដើម្បីធ្វើជាសូចនាករសម្រាប់វាស់វែងជាមួយនឹងស្ថាប័នគយនៃបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក»។
ទាក់ទងនឹងស្ថានភាពនៃការដឹកជញ្ជូនទំនិញនៅពេលនេះលោក ចន្ធី ប្រាប់ថា ដោយសារយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជាមានដំណើរទៅមុនល្អប្រសើរ ហេតុនេះវិស័យដឹកជញ្ជូនក្នុងប្រទេស គឺមានភាពល្អប្រសើរជាធម្មតា។ លោកប្រាប់ថា៖ «បើនិយាយពីសកម្មភាពនៃការដឹកជញ្ជូនក្នុងស្រុកនៅពេលនេះ គឺស្ទើរតែមានដំណើរការជិត ១០០ ភាគរយដូចមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ហើយ»។
ទោះយ៉ាងណា លោក ស៊ិន ចន្ធី បញ្ជាក់ថា តម្លៃដឹកជញ្ជូនទំនិញទៅកាន់គោលដៅឆ្ងាយៗដូចជា អាមេរិក និងសហគមន៍អឺរ៉ុប គឺនៅតែខ្ពស់ដដែល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការកំណត់ពេលវេលាក្នុងការប្រមូលទិន្នន័យ និងការវិភាគលទ្ធផលនៃការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ ២០២១ គ្រោងនឹងធ្វើនៅក្នុងសប្តាហ៍ទី ៤ ខែតុលា នេះ៕ LA