ទីក្រុងប៉ារីសៈ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការខ្វះខាត​នៃ​ឧស្ម័ន​ធម្មជាតិ​ និង​ធ្យូងថ្ម​បាន​បង្វែរ​ទៅរក​ឥន្ធនៈ ជំរុញ​តម្រូវការ​សម្រាប់​ប្រេងឆៅ​ និង​រុញច្រាន​តម្លៃ​កើនឡើង​។

IEA ដែល​ប្រឹក្សា​យោបល់​ដល់​រដ្ឋាភិបាល​លើ​គោលនយោបាយ​ថាមពល​បាន​និយាយថា ពេលនេះ​ខ្លួន​រំពឹង​តម្រូវការ​ឥន្ធនៈ​សកល​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំ​ ២០២២ ដល់​កម្រិត​ខ្ពស់ជាង​ការព្យាករណ៍​កាលពីពេល​មុន​របស់ខ្លួន​។

ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​បាន​និយាយថា​៖ «​តម្លៃ​ឥន្ធនៈ​កំពុង​កើន​ខ្ពស់​ជាង​តម្លៃ​ដែលមាន​ជាច្រើន​ឆ្នាំ​មកហើយ ពេល​ដែល​ការខ្វះខាត​ឧស្ម័ន​ធម្មជាតិ ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង ធ្យូងថ្ម​ជំរុញ​តម្រូវការ​សម្រាប់​វិស័យ​ឥន្ធនៈ ដែល​អាច​ធ្វើឱ្យ​ទីផ្សារ​មាន​ឱនភាព​ដល់​យ៉ាងហោចណាស់​ចុងឆ្នាំ​នេះ​»​។

IEA បាន​និយាយ​ក្នុង​ព្រឹត្តិបត្រ​ប្រចាំខែ​ស្តីពី​ទីផ្សារ​ប្រេង​ថា​៖ «​តម្លៃ​ធ្យូងថ្ម​ និង​ឧស្ម័ន​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ ព្រមទាំង​ការខ្វះ​ធ្យូងថ្ម​កំពុង​ធ្វើឱ្យ​វិស័យ​ថាមពល និង​ឧស្សាហកម្ម​ពឹង​ផ្អែកលើ​ថាមពល​ងាក​ទៅ​រក​ប្រេងឥន្ធនៈ ដើម្បី​រក្សា​បន្តដំណើរ​ផលិតកម្ម​ដែល​រង​ការវាយដំ​»​។

តម្លៃ​ឧស្ម័ន​កើនឡើង ពេលដែល​រដូវរងា​ជិត​មកដល់​នៅ​អឌ្គោល​ខាងជើង​ដោយ​បន្ថែម​សម្ពាធ​អតិផរណា​ និង​បង្កើន​ការព្រួយបារម្ភ​ថា​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ដែល​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

តម្លៃ​ប្រេង​ក៏បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ អំឡុងពេល​ជាច្រើន​ឆ្នាំ​។

IEA និយាយ​ថា តម្រូវការ​ប្រេង​ជា​សកល​ពេលនេះ​ត្រូវបាន​ព្យាករ​ឡើងដល់​ ៩៦,៣ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ​នៅ​ឆ្នាំនេះ កើនឡើង​ ៥,៥ ​លាន​បារ៉ែល​ពី​របាយការណ៍​លើកមុខ​របស់ខ្លួន​។ វា​នឹង​កើនឡើង​ចំនួន​ ៣,៣ ​លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំក្រោយ​។

ទន្ទឹមនឹង​នោះដែរ ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ជា​សកល​ត្រូវ​បាន​រំពឹងថា​នឹង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ខែតុលា ពេល​ដែល​ផលិតកម្ម​របស់​អាមេរិក​ងើប​ពី​ការធ្លាក់ចុះ​ដោយសារ​ភ្ជុះ ដែល​រំខាន​យ៉ាងខ្លាំង​ចំពោះ​ប្រតិបត្តិការ​ក្នុង​តំបន់​នាយ​សមុទ្រ​ក្នុង​ចុងខែ​សីហា​។

IEA និយាយ​ថា​ការផ្គត់ផ្គង់​ក៏ទទួល​បាន​ការជំរុញ ពេលដែល​អង្គការ OPEC និង​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​រុស្ស៊ី បន្ត​ដើម្បី​បន្ធូរបន្ថយ​ការកាត់​ផលិតកម្ម​៕ RR