ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា Cambodia Agricultural Cooperation Alliance (CACA) បានធ្វើពិធីចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណង ដើម្បីលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ និងការអភិវឌ្ឍសម្រាប់វិស័យកសិកម្ម។
ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធអនឡាញ Zoom។
លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិយាយថា ការសហការនៃស្ថាប័នទាំងពីរនឹងរួមចំណែកបន្ថែមទៀត ដើម្បីធ្វើឱ្យវិស័យកសិកម្មនៅកម្ពុជាទទួលបាននូវសេវាហិរញ្ញវត្ថុបានកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព។
លោកថ្លែងថា៖ «អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំងពីរ តាមរយៈការបញ្ជ្រៀបចំណេះដឹងហិរញ្ញវត្ថុដល់សមាជិកសហគមន៍ ការសិក្សាស្រាវជ្រាវ ការអនុវត្តគម្រោងរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យទាំងពីរ និងដើម្បីជំរុញឱ្យមានការទទួលបានសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព»។
ចំណែកលោក ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានលើកឡើងថា ដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាប្រកបដោយភាពរឹងមាំ និងនិរន្តរភាព គឺទាមទារឱ្យអ្នកពាក់ព័ន្ធនានាត្រូវយល់ដឹងពីសេវាហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ព្រោះ សេវាហិរញ្ញវត្ថុ នឹងអាចជួយទ្រទ្រង់វិស័យនេះឱ្យរីកចម្រើនបានឆាប់រហ័ស។
លោកថា៖ «ពិតណាស់ដែលយើងត្រូវអភិវឌ្ឍន៍តាមរយៈការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម និងដែលត្រូវការការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធនានា ជាពិសេសពីវិស័យហិរញ្ញវត្ថុ»។
លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោតសរសើរចំពោះសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីរួមគ្នា អភិវឌ្ឍន៍វិស័យកសិកម្មនៅជនបទកម្ពុជា។
លោករំពឹងថា៖ «អនុស្សរណៈនៃការយោគយល់គ្នារវាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្លើយតបទៅនឹងអភិក្រមនៃភាពជាដៃគូ ព្រមទាំងចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងវិស័យកសិកម្ម ជាពិសេសសម្រាប់គ្រួសារកសិករនៅជនបទនៃប្រទេសកម្ពុជា»។
យោងតាម លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២០ ឥណទានក្នុងវិស័យកសិកម្ម មានចំនួន ១៩,៣ ភាគរយនៃឥណទានសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (២៧,៥ ទ្រីលានរៀល) ដែលស្មើនឹង ៥,៣ ទ្រីលានរៀល ឬជិត ១ ៣០០ លានដុល្លារ៕