ភ្នំពេញៈ ការនាំចេញកសិផលកម្ពុជាទៅប្រទេសវៀតណាម ថៃ និងចិនមានបរិមាណខ្ពស់ជាងគេក្នុងចំណោម ការនាំចេញទៅប្រទេសចំនួន ៩០ នារយៈពេល ៩ ខែ ឆ្នាំ ២០២១។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃទី ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញកសិផលទៅកាន់ ៩០ ប្រទេសក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះសម្រេចបាន ៥,៩៣ លានតោន ក្នុងនោះទៅប្រទេសវៀតណាម ចំនួន ៦៤,១១ ភាគរយ, ថៃ ២១,៤៩ ភាគរយ និងចិន ៩,៦៩ ភាគរយ ខណៈទៅគោលដៅប្រទេស ៨៧ ផ្សេងទៀត ៤,៧១ ភាគរយ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែតុលា ថា ការនាំកសិផលទៅប្រទេសទាំង ៣ នេះមានកំណើន ដោយសារការដឹកជញ្ជូនមានភាពងាយស្រួល ពិសេសប្រទេសចិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។
លោកប្រាប់ទៀតថា កំណើនផលិតផលកសិផលនៅពេលនេះ ក៏ដោយសារក្រសួងខិតខំលើកទឹកចិត្តដល់ការកែច្នៃក្នុងស្រុក ព្រោះវាជាកត្តាស្លាប់រស់ក្នុងវិស័យកសិកម្ម ដែលអាចបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជន។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញថា ចំនួននៃការនាំចេញទៅប្រទេសទាំង ៣ នេះមានចំនួនច្រើនជាងគេ ដោយសារតែប្រទេសទាំងនេះនៅជិតកម្ពុជា។ លោកថ្លែងថា៖ «នៅពេលគេនិយាយពីការធ្វើពាណិជ្ជកម្មអន្តរជាតិ គេត្រូវតែគិតពីរយៈចម្ងាយ ហើយរយៈចម្ងាយដែលមានលទ្ធភាពនាំចេញបានច្រើន និងងាយស្រួល គឺប្រទេសជិតខាង»។
លោកបានបន្តថា ដោយសារប្រទេសថៃ និងវៀតណាម មានកសិកម្មឈានមុខ ហើយការនាំចេញ និងកែច្នៃមានលក្ខណៈទ្រង់ទ្រាយធំជាងកម្ពុជា ដូច្នេះកម្ពុជាគ្រាន់តែជាប្រទេសមួយចូលរួមបំប៉នបន្ថែមនូវវិស័យផលិតកម្មទៅលើវិស័យកសិកម្ម និងការកែច្នៃឱ្យប្រទេសថៃ និងវៀតណាមតែប៉ុណ្ណោះ។
បើតាមលោក សេរីវឌ្ឍន៍ មួយវិញទៀតប្រទេសកម្ពុជាក៏គ្រាន់តែជាអ្នកប្រមូលទិញកសិផល ដូចជា ផ្លែមៀន ជាដើម ដើម្បីបញ្ជូនទៅប្រទេសថៃ និងវៀតណាមតែប៉ុណ្ណោះ ខណៈកម្ពុជានៅមិនទាន់មានកិច្ចព្រមព្រៀមភូតគាមអនាម័យ ជាមួយនឹងប្រទេសចិន បើទោះបីកម្ពុជាមានរោងចក្រកែច្នៃ ក៏មិនអាចនាំចេញបានដែរ៕ LA