ភ្នំពេញៈ ក្រសួងទេសចរណ៍គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ នៅសប្តាហ៍ក្រោយ ខណៈផែនការមេនេះត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី ២០ ខែតុលា ខាងមុខ ក្រសួងទេសចរណ៍នឹងរៀបចំពិធីប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមជាអធិបតីរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុម័តកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១។
កន្លងមកក្រសួងទេសចរណ៍ ធ្លាប់បានលើកឡើងថា តាមរយៈផែនការមេនេះ ខេត្តសៀមរាបរំពឹងនឹងអាចទាក់ទាញបានភ្ញៀវទេសចរជាតិបាន ១០,៩ លាននាក់នៅឆ្នាំ ២០២៣ និងភ្ញៀវទេសចរអន្តរជាតិ ៧,៥ លាននាក់នៅឆ្នាំ ២០២៥។ តាមរយៈនេះ រដ្ឋាភិបាលក៏មានចក្ខុវិស័យបង្កើតការងារឱ្យបាន ៩៤ ម៉ឺននាក់ និងប្រាក់ចំណូលហូរចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាបប្រមាណ ៦ ពាន់លានដុល្លារ។
ផែនការមេនេះក៏នឹងជួយធ្វើឱ្យខេត្តសៀមរាប និងតំបន់នៅជុំវិញក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពឆ្ពោះទៅឆ្នាំ ២០៣៥ តាមរយៈការអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួនដូចជា ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពក្នុងខេត្ត, ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មី, ការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ, ការពង្រឹងគុណភាព និងនិរន្តរភាព, ការគ្រប់គ្រងបរិស្ថាន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកការតភ្ជាប់គាំទ្រវិស័យទេសចរណ៍, និងការពង្រឹងអភិបាលកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តនេះ។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) លោក ធួន ស៊ីណាន ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផែនការមេនេះនឹងរួមចំណែកក្នុងការស្តារវិស័យទេសចរណ៍នៅកម្ពុជាដែលកំពុងរងផលប៉ះខ្លាំង ដោយជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «បើយើងដើរតាមផែនការចង្អុលផ្លូវនេះ ខ្ញុំជឿថានឹងសម្រេចបានគោលដៅកំណត់ ឬយ៉ាងហោចណាស់ក៏យើងបានទៅជិតដល់គោលដៅទាំងនេះដែរ។ ខ្ញុំរីករាយ និងអបអរសាទរចំពោះការសម្រេចបានផែនការចង្អុលផ្លូវនេះ ព្រោះកិច្ចការនេះខ្ញុំឃើញថា ក្រសួងក៏ដូចជារដ្ឋាភិបាលមានការយកចិត្តទុកដាក់ការងារនេះយ៉ាងហ្មត់ចត់»៕