ភ្នំពេញៈ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា​បាន​កើន ២០០ ​រៀល ​ក្នុង​ ១ ​លីត្រ​ចាប់ពី​ថ្ងៃទី​​ ១៦ ខែ តុលា ឆ្នាំ​ ២០២១ ស្របពេល​ដែល​តម្លៃ​ប្រេងឆៅ​នៅលើ​ពិភពលោក​កើន​ដល់​ ៨០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

បើ​យោងតាម អ្នកលក់​ប្រេង​ឱ្យ​ស្ថានីយ​តូតាល់ ១ ​កន្លែង​ក្នុង​ក្រុងភ្នំពេញ​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៧ ខែ តុលា ឆ្នាំ​ ២០២១ ថា តម្លៃ​ប្រេង​ចាប់ផ្តើម​ឡើងថ្លៃ​កាលពី​ថ្ងៃទី​ ១៦ ខែតុលា ដែល​បានធ្វើឱ្យ​ប្រជាពលរដ្ឋរ​អ៊ូរទាំ​ចំពោះ​ការឡើង​ថ្លៃ​នេះ​។

លោក​បាន​បន្តថា ប្រេង​បាន​ឡើង​តម្លៃ ២០០ ​រៀល​ទាំងអស់ ដោយ​នៅពេលនេះ​ប្រេងម៉ាស៊ូត​មាន​តម្លៃ ៤ ០០០ ​រៀល ​ក្នុង​ ១ ​លីត្រ សាំង​ធម្មតា​ ៤ ៣០០ ​រៀល និង​សាំង​ស៊ុបពែរ ៤ ៨៥០ ​រៀល​។

អ្នករត់​តាក់ស៊ី​នៅក្នុង​ទីក្រុង​ភ្នំពេញ លោក លឿង វង្សវិសុទ្ធិ បាន​ឱ្យដឹងថា តម្លៃ​ប្រេង​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់លោក និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​រក​ចំណូល​មិនបាន ប៉ុន្តែ​ប្រេងសាំង​គិតតែ​ពី​ឡើងថ្លៃ ដែល​ឡើង​ម្តង ២០០ ​រៀល​...​ប៉ុន្តែ​ពេល​ចុះ​ម្តង​តែ ៥០ ​រៀល វា​អត់​ស្មើភាព​គ្នា​»​។

លោក​បាន​ស្នើឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ការបញ្ចុះ​តម្លៃ​ប្រេងសាំង​ឡើងវិញ បើ​មិន​ដូច្នេះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​គ្រប់រូប​ជាពិសេស​អ្នករត់​តាក់ស៊ី​ដូច​រូបលោក និង​អ្នក​ផ្សេងទៀត ខណៈ​ការរកចំណូល​មិនសូវ​បាន​។

លោក ណុត វិរៈ អ្នករត់​ម៉ូតូ​កង់បី​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឱ្យ​ដឹងថា មិន​ចំពោះតែ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ទេ សូម្បីតែ​ហ្គាស ក៏​កើនឡើង ៥០០ ​រៀល​ដែរ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ កាលពីមុន​តម្លៃ​ត្រឹមតែ ២ ០០០ ​រៀល ប៉ុន្តែ​ឥឡូវ ២ ៥០០ ​រៀល ដែល​ធ្វើឱ្យប៉ះពាល់​ជីវភាព​អ្នករកស៊ី​កង់បី​ដូចជា​រូបលោក​។

លោក​ថ្លែងថា​៖ «​តាំងពី​ឡើងថ្លៃ​មក ខ្ញុំ​រត់​អត់​ចំណេញ ខ្ញុំ​ធ្លាប់​ចាក់​អស់ ២ ​ម៉ឺន​កាលពីមុន រកបាន​ ១០ ​ម៉ឺន​រៀល​ក្នុង​ ១​ ថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​ចាក់ ៤ ​ម៉ឺន​រៀល ហើយ​រក​អត់​បាន​ទៀត​»​។

លោក​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​នាំចូល​ប្រេង​ឱ្យ​បញ្ចុះតម្លៃ​ប្រេងសាំង និងហ្គាស​បន្ថែម​ទៀត ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុង​ការប្រើប្រាស់ ទាំង​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​កម្ពុជា​បាន​និយាយថា ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រេង​ឡើងថ្លៃ នេះ​វា​មិនមែន​ជា​ការដំឡើង​ទៅតាម​ការនឹកឃើញ​របស់​កម្ពុជា និង​វិស័យ​ឯកជន​ទេ ដោយ​តម្លៃ​ប្រេង​ឡើង​ចុះ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​ចរន្ត​តម្លៃ​ទីផ្សារ​ពិភពលោក ព្រោះ​កម្ពុជា​មិនមែន​ជា​ប្រទេស​ផលិត​ប្រេង​៕ LA

វីដេអូ៖