ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុចំពេលវិបត្តិសុខភាព។
នេះជាកម្មវិធីរងទី ៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន ២ (អនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩) ដើម្បីជួយកម្ពុជាអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថាស្ថិតក្រោមកម្មវិធីរងនេះ រដ្ឋាភិបាលបានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈសម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជា។
លោកស្រីថ្លែងថា៖ «កម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាតត្បាតកូវីដ ១៩»។
យោងតាម ADB នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្រាប់ពលរដ្ឋក្រីក្រនៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១,៧ ភាគរយនៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេសប៉ុណ្ណោះ ដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។
អាជីវកម្មជារឿយៗត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេលវែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរដ្ឋាភិបាលដូចជា ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨ ភាគរយប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
ADB បានឱ្យដឹងថា៖ «កម្មវិធីរងថ្មីនេះគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យមឱ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យឱ្យកាន់តែប្រសើរ ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។
កាលពីខែមេសា ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចបានដាក់ឱ្យដំណើរការធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME Bank) ដែលមានដើមទុនដំបូងចំនួន ១០០ លានដុល្លារដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SME)។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវគម្រោង «សហហិរញ្ញប្បទានធុនតូច និងមធ្យម» របស់ខ្លួនដែលជាការវិនិយោគរួមគ្នារវាងធនាគារ SME Bank និងធនាគារពាណិជ្ជចំនួន ២៣ ធនាគារឯកទេសចំនួន ២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧ ដែលក្នុងនោះមាន ៥ ជាគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុ។
កាលពីខែសីហា ឆ្នាំ ២០២១ SME Bank បានបើកដំណើរការ «គម្រោងសហហិរញ្ញប្បទានដំណាក់កាលទី ២» ដើម្បីគាំទ្រដល់សកម្មភាពអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងកាត់បន្ថយផលប៉ះពាល់ដោយសារតែវិបត្តិកូវីដ ១៩។
ធនាគារ SME Bank បានកត់សម្គាល់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៦ ខែសីហាថា ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីការទទួលបានលទ្ធផលវិជ្ជមាននៅដំណាក់កាលទី១ ដោយគ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមផ្តល់នូវការបន្តប្រតិបត្តិការសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលត្រូវការហិរញ្ញប្បទាន ដើម្បីការពារការក្ស័យធន និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។
គម្រោងនេះមានបំណងផ្តល់ប្រាក់កម្ចីការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម៕ LA