ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការសម្រេចឱ្យចរាចរណ៍ និងប្រើប្រាស់ក្រដាសប្រាក់ប្រភេទ ៣០ ០០០ រៀលគំរូថ្មីនៅទូទាំងប្រទេសនាថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ ដើម្បីអបអរខួប ៣០ ឆ្នាំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ ឆ្នាំ នៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងប្រទេសឡើយ ប៉ុន្តែវានឹងជួយជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រទេសកាន់តែកើនឡើង។
លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែតុលាថា ចំពោះការបង្កើតឱ្យមានក្រដាស ៣០ ០០០ រៀលប្រភេទថ្មីនេះ មិនមែនមានន័យថា រដ្ឋាភិបាលបោះពុម្ពលុយបន្ថែមទេ ដោយក្នុងន័យបង្កើតក្រដាសប្រាក់ប្រភេទថ្មី ដើម្បីប្រើប្រាស់ក្រោយមានវិបត្តិជំងឺកូវីដ ១៩ កម្ពុជានឹងបើកឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងប្រទេសឡើងវិញ។
ជាមួយគ្នានេះលោកក៏បានលើកឡើងថា បានជារដ្ឋាភិបាលមិនបោះពុម្ពក្រដាសប្រាក់ ៤០ ០០០ រៀលឱ្យមានតម្លៃស្មើក្រដាសប្រាក់ ១០ ដុល្លារអាមេរិក គឺក្នុងបំណងចង់ឱ្យប្រជាជនខ្មែរប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន។
លោកថ្លែងថា៖ «ការបង្កើតឱ្យមានក្រដាស ៣០ ០០០ រៀលនេះ គឺជាផលិតផលថ្មី ព្រោះអត្តចរិតប្រជាពលរដ្ឋយើងគាត់ត្រូវការផលិតផលថ្មី។ អ៊ីចឹងនៅពេលមានក្រដាស ៣០ ០០០ រៀល ត្រូវបានដាក់ឱ្យប្រើប្រាស់ម្នាក់ៗនឹងយកមកប្រើប្រាស់កាន់តែច្រើន»។
បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ ការបង្កើតឱ្យមានក្រដាសប្រាក់ថ្មីនេះក៏ជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនថែម បើទោះបីការផ្គត់ផ្គង់រូបិយវត្ថុច្រើននៅក្នុងទីផ្សារអាចធ្វើឱ្យប្រាក់រៀលធ្លាក់ថ្លៃបន្តិច ប៉ុន្តែវាក៏ធ្វើឱ្យមានតម្រូវការសាច់ប្រាក់រៀលកើនឡើង ដែលអាចទប់ជាមួយនឹងហាងឆេងអត្រាប្តូរប្រាក់ដុល្លារបានដែរ។ ដូច្នេះក្រដាសប្រាក់ ៣០ ០០០ រៀលប្រភេទថ្មីនេះ គឺជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយរបស់រដ្ឋាភិបាលផងដែរ។
លោក ឆេង គឹមឡុង អ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានថ្លែងថា ការបោះពុម្ពក្រដាសប្រាក់បន្ថែម និងការចេញផ្សាយរូបិយប័ណ្ណមានទិដ្ឋភាពផ្សេងពីគ្នា។ ចំពោះការបោះពុម្ពក្រដាសប្រាក់ប្រភេទថ្មី ដោយមិនបញ្ចូលទំហំទឹកប្រាក់បន្ថែមទេ គឺមិនមានអ្វីប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចទេ ប៉ុន្តែបើក្នុងរូបភាពបោះពុម្ពប្រាក់បន្ថែម ដើម្បីជះចូលទៅក្នុងសកម្មភាពលំហូរសេដ្ឋកិច្ចក្នុងប្រទេសនោះទើបធ្វើឱ្យមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានដល់សេដ្ឋកិច្ច។
លោកបានបន្តថា តាមដែលលោក ដឹង គឺបច្ចុប្បន្នរដ្ឋាភិបាលពុំមានផែនការបោះពុម្ពក្រដាសប្រាក់បន្ថែម ដើម្បីដាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិទេ ដោយពេលនេះរដ្ឋាភិបាលគ្រាន់តែបោះពុម្ពផ្សាយក្រដាសប្រាក់ប្រភេទថ្មី ហើយរក្សាលំនឹង និងស្ថិរភាពនៃលំហូរសាច់ប្រាក់ទូទៅក្នុងប្រទេសកម្ពុជា មិនធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចទេ។
លោកថ្លែងថា៖ «រដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់មួយបន្តពីប្រភេទក្រដាសប្រាក់រៀលផ្សេងទៀតកាលពីលើកមុនមាន ២០ ០០០ រៀល និង ៥០ ០០០ រៀល ហើយអាចនឹងមានការបោះពុម្ព ៤០ ០០០ រៀលទៀត។ ទោះជាយ៉ាងណា ខ្ញុំមិនដឹងពីគោលនយោបាយរបស់ធនាគារជាតិនៅក្នុងការបោះពុម្ពផ្សាយក្រដាសប្រាក់ទេ ប៉ុន្តែការបោះពុម្ពក្រដាសប្រាក់ថ្មីក្នុងន័យនេះ គឺដើម្បីគោរព និងរំឭកការចងចាំនូវបុព្វបុរស ដូចសម្តេចព្រះនរោត្តម សីហនុ ជាដើម»។
យោងតាមអនុក្រឹត្យលេខ ២០០ អនក្រ.បក ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ បានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរណ៍ និងប្រើប្រាស់ទូទាំងប្រទេសនូវធនបត្រអនុស្សាវរីយ៍ប្រភេទ ៣០ ០០០ រៀល ទន្ទឹមនឹងប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ៕ LA
វីដេអូ៖