ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីហ្សាញស៊ិនជិន (UPDIS) របស់ប្រទេសចិន ដើម្បីរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាមជ្ឈមណ្ឌលនវានុវត្តន៍ថ្មី និងជាមជ្ឈមណ្ឌលឡូជីស្ទិក និងរមណីយដ្ឋានក្នុងតំបន់។
កិច្ចព្រមព្រៀងរៀបចំផែនការមេនេះត្រូវបានចុះហត្ថលេខារវាងលោក ផាន ផល្លា រដ្ឋលេខាធិការ និងជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយនឹងលោក Sima Xiao ប្រធាន UPDIS ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមប្រព័ន្ធ Zoom កាលពីថ្ងៃទី ១៨ ខែតុលា។
ផែនការមេនេះគឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់អភិវឌ្ឍក្រុងព្រះសីហនុ ឱ្យទៅជា «ទីក្រុង Shenzhen ទី២» ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។ ការអភិវឌ្ឍផែនការមេនេះអាចនឹងត្រូវប្រើពេលប្រហែល ១៨ ខែ ដោយចែកជា ៤ ដំណាក់កាល គឺការប្រមូលទិន្នន័យ និងស្ទង់ទីតាំង, ការវាយតម្លៃ និងការស្នើសុំ, ការរៀបចំផែនការមេ, និងការបញ្ចប់គម្រោងផែនការមេ។
លោក Sima Xiao ប្រធាន វិទ្យាស្ថាន UPDIS បានឱ្យដឹងថា ជាមួយនឹងបទពិសោធ ៣១ ឆ្នាំ និងការសាងសង់តំបន់សេដ្ឋកិច្ចពិសេស Shenzhen ក្រុមការងារ UPDIS នឹងចែករំលែកបទពិសោធការអភិវឌ្ឍការធ្វើផែនការ និងការកសាងតំបន់សេដ្ឋកិច្ចពិសេស Shenzhen ជាមួយកម្ពុជា។
លោកនិយាយថា៖ «យើងជឿថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ យើងនឹងអាចបញ្ចប់ផែនការមេប្រកបដោយគុណភាពខ្ពស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍក្រុងព្រះសីហនុឱ្យទៅជាច្រកចេញចូលមជ្ឈមណ្ឌលសេដ្ឋកិច្ចជាតិ និងជាទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព និងគួរឱ្យចង់រស់នៅ»។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសដែលអាចក្លាយទៅជា «ក្បាលម៉ាស៊ីនស្នូល» ថ្មីមួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «ខ្ញុំជឿលើ UPDIS ដែលមានបទពិសោធជាង ៣០ ឆ្នាំ និងបានបញ្ចប់គម្រោងប្រមាណ ៥ ៨០០ នៅជុំវិញពិភពលោក ពិសេសជាស្ថាប័នឈានមុខគេក្នុងការរៀបចំផែនការមេរបស់ទីក្រុង Shenzhen ដែលនឹងប្រើប្រាស់បទពិសោធនេះ ដើម្បីរៀបចំផែនការមេប្រកបដោយគុណភាពខ្ពស់ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមួយ ដោយមានការបង្ហាញពីចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា»។
ទស្សនទានសម្រាប់រៀបចំផែនការមេ ដើម្បីអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ត្រូវបានអនុម័តដោយលោកនាយករដ្ឋមន្ត្រី កាលពីឆ្នាំ ២០១៩។
យោងតាមទិន្នន័យពីរដ្ឋបាលខេត្តព្រះសីហនុចាប់ពីឆ្នាំ ១៩៩៤ មកដល់ពាក់កណ្តាលឆ្នាំ ២០២០ ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគជិត ៤ ពាន់លានដុល្លារ។ គិតត្រឹមខែឧសភា ឆ្នាំ ២០២០ ក្រុមហ៊ុនចំនួន ២០ បានអភិវឌ្ឍឆ្នេរ និងកោះជាមួយនឹងការវិនិយោគដើមទុនសរុបចំនួន ៣,៩ ពាន់លានដុល្លារ។
ពីឆ្នាំ ២០០៧ ដល់ខែកក្កដា ឆ្នាំ ២០២០ គម្រោងវិនិយោគ ៨១៩ ត្រូវបានអនុម័តនៅក្នុងខេត្តក្នុងនោះគម្រោង ២១៨ មានកម្ពស់ចាប់ពី ៥ ទៅ ៤២ ជាន់។ កាលពីឆ្នាំ ២០១៩ ខេត្តទទួលបានទេសចរប្រមាណ ២ លាននាក់៕ LA