ភ្នំពេញៈ ធនាគារ KB Kookmin របស់កូរ៉េខាងត្បូងបានប្រកាសទិញភាគហ៊ុនដែលនៅសេសសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីធ្វើជាម្ចាស់គ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន The Korea Herald នៅថ្ងៃទីនៅថ្ងៃទី ២០ ខែតុលានេះ។
សារព័ត៌មាននេះបន្តថា ធនាគារ KB Kookmin បានទិញភាគហ៊ុន ៧០ ភាគរយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្នុងទឹកប្រាក់ ៦០៣,៤ លានដុល្លារ ពីស្ថាប័នផ្តល់ប្រាក់កម្ចី LOLC Holdings ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កាកាលពីខែមេសា ឆ្នាំ ២០២០ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ស្ថាប័ននេះ។
បើយោងតាមការចុះផ្សាយរបស់ KB កាលពីខែសីហា តម្លៃភាគហ៊ុន ៣០ ភាគរយដែល ធនាគារ KB Kookmin គឺមានតម្លៃប្រមាណ ៣២២ លានដុល្លារ។ ប៉ុន្តែការផ្លាស់ប្តូរចុងក្រោយរបស់ធនាគារ KB Kookmin បានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានក្លាយជាស្ថាប័នបុត្រសម្ព័ន្ធរបស់ធនាគាររបស់កូរ៉េមួយនេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់គឺជាគ្រឹះស្ថានដាក់ប្រាក់បញ្ញើលេខ ១ របស់កម្ពុជាដែលមានចំណែកទីផ្សារ ៤៤,៦ ភាគរយនៃចំណែកទីផ្សារនៅក្នុងប្រទេសកម្ពុជា ដោយមាន ១៨០ សាខា និង ទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន ១០៩ លានដុល្លារកាលពីឆ្នាំមុន ដោយបានកើនឡើង ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕