ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ដើមទុន​អប្បបរមា​សម្រាប់​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ ដែល​ស្ថិតក្នុង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមាហរ័ណ ត្រូវមាន​ចាប់ពី ៨០០ ០០០ ០០០ ០០០ (​ប្រាំបី​រយ​ពាន់​លាន​) ​រៀល​ឡើងទៅ និង​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ​មិន​ស្ថិតក្នុង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមាហរ័ណ ត្រូវមាន​ចាប់ពី ៤០០ ០០០ ០០០ ០០០ (​បួនរយ​ពាន់​លាន​) ​រៀល​ឡើងទៅ​។

យោងតាម​អនុក្រឹត្យ លេខ ១៦៦ អនក្រ.បក ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៦ ខែ​ សីហា ឆ្នាំ​ ២០២១ បាន​ពន្យល់ថា ដើមទុន​សម្រាប់​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម​សមាហរ័ណ និង​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ សំដៅ​ដល់​ទ្រព្យសកម្ម​ចរន្ត​រួមទាំង​មូលនិធិ​របស់​ម្ចាស់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន និង​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​នោះ​។

អនុក្រឹត្យ​បន្តថា ទោះ​យ៉ាងណា​ត្រូវ​ដកចេញ​នូវ​ទ្រព្យសកម្ម​មិនមែន​ចរន្ត និង​ចំណាយ​ដែល​បាន​បង់​មុន​របស់​ក្រុមហ៊ុន ឥណទាន​ដែល​គ្មាន​ការធានា និង​ប្រាក់​បុរេប្រទាន​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន បាន​ចាត់ទុកជា​ទ្រព្យសកម្ម​ចរន្ត ជាដើម​។

ចំពោះ​ដើមទុន​អប្បបរមា​សម្រាប់​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ​ដែលមាន​អាជ្ញាប័ណ្ណ​មុន​ច្បាប់​ស្តីពី​ការគ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម​ចូល​ជា​ធរមាន​ត្រូវ​កំណត់​ជា ៥ ដំណាក់កាល គឺ ដំណាក់កាល​ទី​ ១ នៅ​ឆ្នាំ​ទី​ ១ ត្រូវមាន​ដើមទុន​ចាប់ពី ៥០ ​ពាន់​លាន​រៀល​ឡើងទៅ​ដំណាក់​កាល​ទី​២ នៅ​ឆ្នាំ​ទី​៤ ត្រូវមាន​ដើមទុន​ចាប់ពី ១០០ ​ពាន់​លាន​រៀល ដំណាក់កាល​ទី ៣ នៅ​ឆ្នាំ​ទី​ ៧ ត្រូវមាន​ដើមទុន​ពី ២០០ ​ពាន់​លាន​រៀល ដំណាក់កាល​ទី​៤ នៅ​ឆ្នាំ​ទី​ ១១ ត្រូវមាន​ដើមទុន​ចាប់ពី ៣០០ ​ពាន់​លាន​រៀល និង​ដំណាក់កាល​ទី​៥ ​នៅ​ឆ្នាំ​ទី​១៥ ត្រូវមាន​ដើមទុន​ចាប់ពី ៤០០ ​ពាន់​លាន​រៀល​ឡើង​។

ទាក់ទង​ករណីនេះ កម្មសិទ្ធិករ​កាស៊ីណូ ដែលមាន​អាជ្ញាប័ណ្ណ​មុន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ចូល​ជា​ធរមាន​ត្រូវ​បង្កើន​ដើមទុន​ឱ្យ​គ្រប់​ចំនួន​តាម​កម្រិត​អប្បបរមា​ដូច​មានចែង​ក្នុង​មាត្រា ៦ នៃ​អនុក្រឹត្យ​នេះ​ទើប​មាន​សិទ្ធិ​ស្នើសុំ​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ​បាន​។

លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២០ ​ខែ​តុលា​ថា ការកំណត់​ដើមទុន​ថ្មី​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​សេដ្ឋកិច្ច ក៏ដូចជា​ការគ្រប់គ្រង​វិស័យ​កាស៊ីណូ​នៅក្នុង​ប្រទេស​កម្ពុជា និង​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ដែល​ត្រូវ​បានអនុម័ត​កាលពីពេល​កន្លងមក​។

លោក​បន្តថា​៖ «​យើង​ធ្វើ​នេះ​ក្នុង​ក្របខ័ណ្ឌ​នៃ​ភាព​ដែល​អាច​ទៅ​រួច​រវាង​ប្រតិបត្តិការ​កាស៊ីណូ ហើយ​នឹង​និរន្តរភាព​នៃប្រតិបត្តិការ​កាស៊ីណូ និង​ធានាបាន​នៃ​អ្នក​លេងល្បែង​»​។

លោក​បន្តថា ចំពោះ​ការវិនិយោគ​លើ​វិស័យ​កាស៊ីណូ​នេះ សម្រាប់​អាជ្ញាប័ណ្ណ​ថ្មី លុះត្រា​តែមាន​ដើមទុន​ដូច​បានកំណត់​នៅក្នុង​អនុក្រឹត្យ​នេះ​ទើប​ក្រសួង​ចេញ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ជាថ្មី ហើយ​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ចាស់​ត្រូវតែ​ខិតខំ​បង្កើន​ដើមទុន ដើម្បី​ទទួលបាន​លិខិតអនុញ្ញាត​ធ្វើ​អាជីកម្ម​។

បើតាម លោក ម៉ី វ៉ាន់ វិស័យ​កាស៊ីណូ​នា​រយៈពេល ២ ​ឆ្នាំ​មកនេះ​ បាន​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​បាត់​ចំណូល​យ៉ាងច្រើន ដោយសារ​មិនមាន​ភ្ញៀវទេសចរ​ចូល​លេង ខណៈ​តាមច្បាប់ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិនត្រូវ​បាន​អនុញ្ញាត​ឱ្យចូល​លេង​កម្សាន្ត​នោះទេ​។

ទោះយ៉ាងណា លោក​រំពឹងថា វិស័យនេះ​នឹង​ងើបឡើង​វិញ​លឿន​នៅពេល​កម្ពុជា​អនុញ្ញាត​ឱ្យ​ភ្ញៀវទេសចរ​ត្រឡប់​ចូល​មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ​៕ LA

វីដេអូ៖