ភ្នំពេញៈ ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ​នៅ​ថ្ងៃទី​ ២៦ ខែតុលា ខាងមុខ ដែល​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយទៀត​ ដើម្បី​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​អាស៊ី​ទាំង​ ២​។

កម្ពុជា​-​កូរ៉េខាងត្បូង បាន​ប្រកាស​រួមគ្នា​ពី​ការបិទបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាំងពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ខណៈ​អ្នកជំនាញ​និង​មន្ត្រី​យល់ឃើញ​ដូចគ្នា​ថា កូរ៉េខាងត្បូង​នឹង​ក្លាយជា​ទីផ្សារ​នាំចេញ​ដ៏ធំ​មួយ​របស់​កម្ពុជា​ បន្ទាប់ពី​ប្រទេស​មហាយក្ស​ចិន​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍ នា​ថ្ងៃទី​ ២០ ខែតុលា ថា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ និង​លោកស្រី YOO Myung-hee រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​។ លោក​បន្តថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ទំនិញ​កម្ពុជា​ប្រមាណ​ជាង ១០ ០០០ (១ ​ម៉ឺន​) ​បន្ទាត់​ពន្ធ នឹង​នាំ​ចេញទៅ​ប្រទេស​កូរ៉េ​ដោយ​រួច​ពន្ធ​។

លោក​ថ្លែងថា​៖ «​ដូចគ្នា​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ដែរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង និង​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រសួង​ពាណិជ្ជកម្ម​នៅក្នុង​ការបើក​ច្រក​ទីផ្សារ​ពិភពលោក​សម្រាប់​ការនាំចេញ​ទំនិញ​កម្ពុជា​»​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​និយាយថា ប្រទេស​ទាំង ២ មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា ហើយ​វា​នឹង​កាន់តែ​ពិសេស​បន្ថែមទៀត​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស ២ ​ចូល​ជា​ធរមាន​។

លោក​បន្ថែមទៀត​ថា ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា​ចាំបាច់​ត្រូវខិតខំ​បន្ថែមទៀត​ ដើម្បី​ធ្វើខ្លួន​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​នាំចេញ ដោយ​មិន​ត្រឹមតែ​ជាមួយ​កូរ៉េ​ប៉ុណ្ណោះ​ទេ​គឺ​សម្រាប់​គ្រប់​ទីផ្សារ​លើ​ពិភពលោក​។

លោក​ថា​៖ «​ការធ្វើ​ពិពិធកម្ម​លើ​ការផលិត​ផលិតផល​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជួយ​ធ្វើឱ្យ​កម្ពុជា​អាច​មាន​ឧត្តមភាព​លើ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​»​។

បើ​យោងតាម​លោក សុវិជាតិ ទីផ្សារ​កូរ៉េ​នឹង​បង្កើន​ឱកាស​ថែមទៀត​សម្រាប់​ទំនិញ​កសិផល​, កសិផល​កែច្នៃ សម្លៀកបំពាក់ ស្បែកជើង កាបូប​ធ្វើដំណើរ ផលិតផល​កៅស៊ូ គ្រឿងបន្លាស់ គ្រឿង​បង្គុំ​អេឡិចត្រូនិក ផលិតផល​ឧស្សាហកម្ម​ស្រាល និង​ផលិតផល​ផ្សេងៗ​ទៀត ដែល​មួយចំនួនធំ​ផលិត​ដោយ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​អាច​នាំ​ចេញទៅ​កូរ៉េ​ដោយ​រួច​ពន្ធ​។

ទន្ទឹមនឹងនេះ លោក​អះអាង​ថា តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ក៏បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការនាំ​ចូលមក​វិញ​នូវ​ទំនិញ​អេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងបន្លាស់​រថយន្ត និង​សម្ភារ​បរិក្ខារ​ដែល​ជា​វត្ថុធាតុដើម និង​ម៉ាស៊ីន​ឧបករណ៍​ផលិតកម្ម​ផ្សេងៗ​ទៀត​បម្រើឱ្យ​ការផលិត​ដែល​នឹង​នាំឱ្យមាន​ការកើនឡើង​នូវ​ផលិតភាព​ផលិតកម្ម ក៏ដូចជា​គុណភាព​ផលិតផល​សម្រាប់​នាំចេញ​។

ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ (Kita) បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-កូរ៉េ មាន​ទឹកប្រាក់​សរុប ៤៥១,៩៨ ​លាន​ដុល្លារ​កើន ៦,៧២ ​ភាគរយ​ពី​ចំនួន ៤២៣,៥១ ​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ទឹកប្រាក់ ១៥៩,៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ១,៦ ​ភាគរយ​ពី​ចំនួន ១៦២,០៦ ​លាន​ដុល្លារ​ និង​ការនាំ​ចូល​ពី​ប្រទេស​កូរ៉េ​មក​កម្ពុជា មាន​តម្លៃ​ ២៩២,៥៩ ​លាន​ដុល្លារ​កើនឡើង ១១,៩ ​ភាគរយ​ពី​ចំនួន ២៦១,៤៥ ​លាន​ដុល្លារ​៕ LA