ភ្នំពេញៈ ធនាគារ KB Kookmin របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសពីការទិញភាគហ៊ុនដែលនៅសល់នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីធ្វើជាម្ចាស់លើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេមួយនេះនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ The Korea Herald នៅថ្ងៃទី ២០ ខែតុលា។
សារព័ត៌មាននេះឱ្យដឹងថា ធនាគារ KB Kookmin បានទិញភាគហ៊ុន ៧០ ភាគរយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្នុងតម្លៃ ៦០៣,៤ លានដុល្លារពីស្ថាប័នផ្តល់ប្រាក់កម្ចី LOLC Holdings ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កាកាលពីខែមេសា ឆ្នាំ ២០២០ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ស្ថាប័នមួយនេះ។
បើយោងតាមការចុះផ្សាយរបស់ KB កាលពីខែសីហា តម្លៃភាគហ៊ុន ៣០ ភាគរយរបស់ KB Kookmin គឺមានប្រមាណ ៣២២ លានដុល្លារ។ ប៉ុន្តែការផ្លាស់ប្តូរចុងក្រោយរបស់ធនាគារ KB Kookmin បានធ្វើឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្លាយជាស្ថាប័នបុត្រសម្ព័ន្ធរបស់ធនាគារកូរ៉េមួយនេះ។
បុគ្គលិក KB Kookmin ម្នាក់ដែលត្រូវបានដកស្រង់សម្តីដោយ The Korea Herald ឱ្យដឹងថា៖ « យើងមានគម្រោងពង្រីកផលបត្រមីក្រូហិរញ្ញវត្ថុប្រាសាក់សម្រាប់ការផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ ហើយមានគម្រោងបន្ថែមចំណុចខ្លាំងរបស់ Kookmin ក្នុងដំណើរការនេះ»។
បុគ្គលិកខាងលើបានបន្ថែមថា៖ «ទីបំផុតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នឹងក្លាយជាមជ្ឈមណ្ឌលស្នូលរបស់ Koo-kmin ក្នុងការជំរុញអាជីវកម្មនៅក្នុងតំបន់អាស៊ាន»។
យោងតាមឯកសារក្រុមហ៊ុនផ្ញើទៅគណៈកម្មការមូលបត្រអាមេរិក កាលពីខែសីហា ក្រុមហ៊ុន KB បានគ្រប់គ្រងភាគហ៊ុនចំនួន ២៩៩ ៩៩៩ ៩៩៩ ដែលតំណាងឱ្យ ៩៩,៩៩ ភាគរយនៃចំនួនភាគហ៊ុនដែលបានចេញសរុបរបស់ប្រាសាក់។
លោក ស៊ឹម សេនាជាតិ ប្រធាននាយកប្រតិបត្តិប្រាសាក់បានឱ្យដឹងនាពេលកន្លងមកថា ការវិនិយោគរបស់ធនាគារ KB លើប្រាសាក់ឆ្លុះបញ្ចាំងពីការកើនឡើងទំនុកចិត្តក្នុងចំណោមក្រុមវិនិយោគិនបរទេសនៅកម្ពុជា និងគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI)។
លោក សេនាជាតិ បានថ្លែងថា៖ «ថ្នាក់គ្រប់គ្រង និងបុគ្គលិកប្រាសាក់សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ KB Kookmin Bank ដែលជាភាគទុនិកថ្មីដើម្បីជំរុញប្រាសាក់ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការពង្រីកបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា»។
លោកបានបន្តថា ប្រាសាក់ ឈរជាអ្នកនាំមុខទីផ្សារជាមួយបណ្ដាញប្រតិបត្តិការឈានមុខគេក្នុងចំណោមគ្រឹះស្ថានទទួលប្រាក់បញ្ញើ (MDI) ប្រាក់ចំណេញហិរញ្ញវត្ថុដ៏រឹងមាំ និងកំណត់ត្រាដែលបង្ហាញកំណើនប្រកបដោយនិរន្តរភាពនៅក្នុងផលបត្រប្រាក់កម្ចី និងសមតុល្យប្រាក់បញ្ញើរបស់ខ្លួន។
នៅពេលថ្មីៗនេះ ប្រាសាក់ បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញសុទ្ធ ៦៨,៤៧ លានដុល្លារក្នុងអំឡុងខែមករា ដល់ខែមិថុនា ធៀបនឹង ៣៧,៣៧ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ទ្រព្យសកម្មសរុបរបស់ប្រាសាក់ ផលបត្រកម្ចីដុល សមតុល្យប្រាក់បញ្ញើ និងភាគហ៊ុនរបស់ភាគទុនិកមានចំនួន ៣,៨៣ ពាន់លានដុល្លារ (កើន ១៤,២៣ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន) ដែលមានផលបត្រកម្ចីដុល ៣,៣៥ ពាន់លានដុល្លារ សមតុល្យប្រាក់បញ្ញើ ចំនួន ២,៣២ ពាន់លានដុល្លារ និងភាគហ៊ុនរបស់ភាគទុនិក ៥៨៧ លានដុល្លារ៕ LA
វីដេអូ៖