ធនាគារអេស៊ីលីដាដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទថ្មីជាផ្លូវការដែលមាន ឈ្មោះ ថា KHQR Payment Service ដែលធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្ដល់សេវាទូទាត់អាចបម្រើសេវាទូទាត់ KHQR Payment Service រួមគ្នាសម្រាប់ការទូទាត់ទំនិញ និងសេវាកម្មផ្សេងៗ។
យោងតាមធនាគារមួយនេះកាលពីថ្ងៃទី ២៥ ខែតុលាបានដាក់ឱ្យដំណើរជាផ្លូវការនូវ អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) អាចស្កេន KHQRCode ទាំងប្រាក់រៀល និង ប្រាក់ដុល្លារ និងកម្មវិធីផ្សេងៗទៀត ដែលរួមទាំងកម្មវិធី បាគង (Bakong App) អាចស្កេន KHQR របស់ធនាគារ អេស៊ីលីដា ទាំងប្រាក់រៀល និងប្រាក់ដុល្លារ។
សេវាទូទាត់ KHQR Payment Service ផ្តល់សេវាកម្ម កាន់តែប្រសើរដល់អ្នកប្រើប្រាស់ជាមួយនឹងប្រសិទ្ធភាពសុវត្ថិភាព និងទំនុកចិត្តខ្ពស់សម្រាប់ប្រតិបត្តិការទូទាត់ទំនិញ និង សេវាកម្ម ក្នុងចំណោមធនាគារ និងគ្រឹះស្ថានធនាគារហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់ ដែលជាសមាជិកនៃកម្មវិធី បាគង (Bakong App)។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២៥ ខែតុលាថា KHQR មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកប្រើប្រាស់អតិថិជនទាំងអស់ទាំងពាណិជ្ជករ អតិថិជនរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់។ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគឺពួកគេអាចជ្រើសរើស ការទូទាត់តាមរយៈ KHQR តែមួយប៉ុណ្ណោះគឺវាងាយស្រួល និងមានសុវត្ថិភាពដោយគ្មានភាពស្មុគស្មាញ។
លោកថ្លែងថា៖ «ដំណោះស្រាយនេះគឺជាផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដ៏សំខាន់ដែលត្រូវបានផ្តួចផ្តើម ដោយធនាគារជាតិនៃកម្ពុជា (NBC) ហើយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់បានធ្វើការរួមគ្នាជាមួយធនាគារអេស៊ីលីដា ដើម្បីអភិវឌ្ឍដំណោះស្រាយ ប្រកបដោយសុវត្ថិភាព និងងាយស្រួលបំផុតសម្រាប់ការគ្រប់គ្រងធនាគារ និងអតិថិជនរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុទាំងអស់ដូច្នេះពួកគេអាចធ្វើការទូទាត់តាមរយៈ KHQR របស់ធនាគារអេស៊ីលីដា ភី អិលស៊ី ហើយយើងកំពុងទន្ទឹងរង់ចាំ ដំណោះស្រាយដ៏សំខាន់បែបនេះអស់រយៈពេលជាច្រើនឆ្នាំហើយ»។
លោកស្រី ជា សេរី ឧបការី ទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្នការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុបានផ្តល់ឱកាស និងជំរុញឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដាក់ចេញនូវឧបករណ៍ និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជាការទូទាត់តាមប្រព័ន្ធអ៊ីនធឺណិតតាមទូរស័ព្ទ ចល័ត និងតាមឃ្យូអកូដ ជាដើម។
លោកស្រីបន្តថា ទោះជាយ៉ាងនេះក៏ដោយ ការទូទាត់តាមឃ្យូអកូដកន្លងមកនៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអកូដ (KHQR Code) សម្រាប់ទូទាត់សងប្រាក់កាលពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។
លោកស្រីលើកឡើងថា៖ «ធនាគារជាតិនៃកម្ពុជាសូមអបអរសាទរចំពោះធនាគារ អេស៊ីលីដាភីអិលស៊ីក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ និង ដាក់ឱ្យដំណើរការសេវាទូទាត់ តាមខេអេច ឃ្យូអកូដ ដែលនឹងផ្តល់ភាពងាយស្រួលដល់អតិថិជនអាចធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងឆាប់រហ័សតាមកម្មវិធី បាគង (Bakong App) កម្មវិធី អេស៊ីលីដា ម៉ូបាល (ACLEDA Mobile) និងកម្មវិធីម៉ូបាលរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ផ្សេងៗទៅវិញទៅមកបាន»។
លោក អ៊ិន ចាន់នី បានឱ្យដឹងថា រហូតមកដល់ពេលនេះ ធនាគារអេស៊ីលីដាភីអិលស៊ីមានអតិថិជនជាង ២ លាននាក់បានប្រើ KHQR។ ការអភិវឌ្ឍដ៏សំខាន់នេះនៃ KHQR អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតទាំងអស់អាចធ្វើការទូទាត់កាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «នៅពេលនេះយើងបានធ្វើឱ្យវាអាចធ្វើទៅបានសម្រាប់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ អតិថិជនរបស់ពួកគេ ពាណិជ្ជករ និងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ»។ ការអភិវឌ្ឍនេះស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ KHQR មានសារៈសំខាន់ណាស់ក្នុងការបង្រួបបង្រួម ការទូទាត់ ដែលអតិថិជន អាចជ្រើសរើសបានដែលវាគឺជាជម្រើសថ្មីមួយសម្រាប់អតិថិជន»៕