ភ្នំពេញៈ គម្រោងវិនិយោគចំនួន ៧ ដែលមានទុនវិនិយោគ សរុបជិត ៩៤,៥ លានដុល្លារ និងបង្កើតការងារថ្មីបាន ៥ ៣១១ កន្លែងត្រូវបានក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តកាលពីចុងសប្តាហ៍កន្លងមក។
យោងសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងដែលត្រូវបានអនុម័តរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Trend Apparel Co., Ltd មាន ទីតាំងវិនិយោគនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ២ លានដុល្លារអាចបង្កើតការងារបាន ៣៦៨ កន្លែង, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Blingtex (Cambodia) Co., Ltd នៅស្រុក គងពិសី ខេត្តកំពង់ស្ពឺ មាន ទុនវិនិយោគ ២,៣ លានដុល្លារ បង្កើតការងារ បាន ៣៥៩ កន្លែង, គម្រោងបង្កើតរោងចក្រផលិត ស្បែកជើងរបស់ក្រុមហ៊ុន Epic International Co., Ltdនៅសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ មានទុនវិនិយោគ ៣,១ លានដុល្លារ បង្កើតការងារបាន ៧៣៥ កន្លែង, និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Smart Shine Garment (Cambodia) Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៣,២ លានដុល្លារបង្កើតការងារបាន ២២១៩ កន្លែង។
ចំណែក ៣ គម្រោងទៀត គឺស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលរួមមាន គម្រោងបង្កើតរោងចក្រផលិត សាឡុង ស្បែក គ្រឿងសាឡុងឈើ និងកេះកាតុងរបស់ក្រុមហ៊ុន Jayee Furniture (Cambodia) Co., Ltd.ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុមានទុនវិនិយោគ ១,៨ លាន ដុល្លារ បង្កើតការងារបានចំនួន ១៥០ កន្លែង, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អរបស់ក្រុមហ៊ុន Starray Lighting (Cambodia) Enterprise Co., Ltd.ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ខេត្តស្វាយរៀង មានទុន វិនិយោគ ២,៥ លានដុល្លារ បង្កើតការងារបាន ៧០០ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទរបស់ក្រុមហ៊ុន RMKH Glove (Cambodia) Co., Ltd.នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាត ធេន ស្វាយរៀងខេត្តស្វាយរៀងមានទុនវិនិយោគ ៨០ លានដុល្លារ និងបង្កើតការងារបាន ៧៨០ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែតុលាថា ទោះបីស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅលើពិភពលោកមិនទាន់ធូរស្រាលក៏ចំនួននៃការដាក់ពាក្យស្នើសុំវិនិយោគនៅ CDC មិនបានធ្លាក់ចុះនោះទេ ហើយសំណើវិនិយោគដែលអនុម័តថ្មីៗនេះក៏មានភាពចម្រុះលើគ្រប់វិស័យផងដែរ ដែលនេះជាការបញ្ជាក់ពីការធ្វើពិពិធកម្មផលិតកម្មនៅកម្ពុជា។ លោកបន្តថា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ក្នុងពេលថ្មីៗនេះ ដូចជាច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន កំណើននៃការចូលមកបណ្តាក់ទុននៅកម្ពុជានឹងមានកំណើនខ្ពស់បន្ថែមទៀត។
លោកថ្លែងថា៖ «ការអនុម័ត ជាបន្តបន្ទាប់របស់ក្រុមប្រឹក្សាអភិវឌ្ឃន៍កម្ពុជា គឺបញ្ជាក់ពីទំនុកចិត្តរបស់ក្រុមអ្នកវិនិយោគចំពោះការបណ្តាក់ទុននៅប្រទេសកម្ពុជា។ កំណើននៃការដាក់ពាក្យសុំវិនិយោគ ត្រូវរំពឹងថានឹងមានកំណើនជាបន្តបន្ទាប់ចាប់ពីពេលនេះទៅ ខណៈពេលការសម្រេចបើកផ្លូវហោះហើរ និងការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កនឹងជួយឱ្យអ្នកវិនិយោគបានភាពងាយស្រួលក្នុងការចូលមកសិក្សា និងពិនិត្យឱកាសវិនិយោគនៅកម្ពុជា»។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៧០ ក្រោមទុនវិនិយោគសរុប ២ ៤២៨ លានដុល្លារក្នុងឆមាសទី ១ ឆ្នាំ ២០២១។ នេះបើយោងតាមការគណនាដោយកាសែតភ្នំពេញប៉ុស្តិ៍ ចំពោះតែគម្រោងដែលត្រូវបាន CDC បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២១៕