ភ្នំពេញៈ វិស័យឯកជនបានអះអាងថា ការនាំចេញផ្លែចេកស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារនៃប្រទេសចិន នៅតែមានកំណើនខ្ពស់ នៅក្នុងឆ្នាំនេះ ស្របពេលដែលកម្ពុជាជួបបញ្ហាប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ ឱ្យដឹងថា មូលហេតុដែលនាំចេញចេកស្រស់កម្ពុជានៅតែមានកំណើននេះគឺដោយសារប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងពិធីសារបើកផ្លូវឱ្យមានការនាំចេញទៅកាន់ប្រទេសចិនកាលពីឆ្នាំ ២០១៨ កន្លងមកនេះ។
លោកពន្យល់ថា កិច្ចព្រមព្រៀងនេះបានបើកចំហដោយមិនបានដាក់កម្រិតនៃការនាំចេញប្រភេទចេកស្រស់នោះទេ។ ទោះជាយ៉ាងណា ការបើកចំហនេះ លុះត្រាតែរក្សាបាននូវគុណភាព និងអនុវត្តទៅតាមគោលការណ៍ វិធានអនាម័យ និងភូតគាមអនាម័យ ដែលមាននៅក្នុងខ្លឹមសារកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជាជាមួយនឹងភាគីចិន។
លោកថ្លែងថា៖ «នៅពេលដែល យើងវិនិយោគជាកញ្ចប់បានគឺវាអាចសមស្របជាមួយនឹងគោលការណ៍ស្តង់ដារបស់ប្រទេសនាំចូល ដូចជា ប្រទេសចិនជាដើម ដែលបានចុះកិច្ចព្រមព្រៀងជាមួយកម្ពុជាគឺជាកត្តាសំខាន់ជាងគេ។ វាមិនមែនបើកចំហឱ្យមានការនាំចេញដោយសេរីទេវាត្រូវតែគោរពឱ្យបានត្រឹមត្រូវនូវពិធីសារនៃកិច្ចព្រមព្រៀង»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្គាល់ថា ការនាំចេញចេកស្រស់កម្ពុជាទៅកាន់ប្រទេសចិននេះពិតជាមានកំណើនខ្ពស់ក្នុងឆ្នាំ ២០២១ នេះបើធៀបទៅនឹងការនាំចេញនៅក្នុងឆ្នាំ ២០២០ មានចំនួនតិច ព្រោះកម្ពុជាទើបតែចាប់ផ្តើមដាំដុះ។
លោក បន្តថាមួយទៀតកម្ពុជាមានតែចម្ការចំនួន ៦ ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យមានការនាំចេញ ព្រោះបានអនុវត្តត្រឹមត្រូវស្របតាមស្តង់ដាភូតគាមអាម័យ និងការប្រើប្រាស់ថ្នាំគីមីរបស់ប្រទេសចិន។ ដូច្នេះក្រុមហ៊ុនដែលអាចនាំចេញចេកស្រស់ទៅកាន់ប្រទេសចិនបានសុទ្ធតែជាក្រុមហ៊ុនដែលមានកិច្ចសហប្រតិបត្តិការ ឬជាក្រុមហ៊ុនរបស់ចិន។
លោកថ្លែងថា៖ «ធម្មតា ថ្លៃដើមនៅកម្ពុជាមានតម្លៃទាបជាងថ្លៃដើមពីប្រទេសផ្សេង ទើបគេនាំចូលពីប្រទេសយើង បើសិនជាថ្លៃដើមយើងខ្ពស់ដូចផ្លែមៀន និងផ្លែតាង៉ែនមិនអាចនាំទៅបានទេ។ ក្នុងន័យនេះ ខ្ញុំស្នើថាវាជាឱកាសកម្ពុជា ហើយយើងមើលអំពីតម្រូវការ និងការផ្គត់ផ្គង់រដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម គួរតែពង្រីកវិសាលភាព ផលិតកម្ម កសិកម្ម ឱ្យបានទៅដល់ប្រជាពលរដ្ឋ និងកសិករឱ្យទទួលបានចំណូល ដើម្បីឈានទៅរកកំណើនស្មើភាពគ្នាក្នុងឆ្នាំ ២០៥០»។
លោក ហ៊ុន ឡាក់ បានស្នើដល់វិស័យឯកជន និងសាធារណៈ ត្រូវតែពង្រឹងរក្សាឱ្យបាននូវវិធាននានា ដែលពាក់ព័ន្ធនឹងស្តង់ដា និងខ្លឹមសារសំខាន់ៗដែលមាននៅក្នុងពិធិសារ ជាពិសេសវិធានអនាម័យ និងភូតគាម អនាម័យ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តរភាពនៃការនាំចេញសម្រាប់រយៈពេលវែង ជាពិសេសត្រូវពង្រឹងគុណភាពដើម្បីធ្វើការប្រកួតប្រជែង ពីព្រោះផ្លែចេកស្រស់មិនមែនតែប្រទេសកម្ពុជានាំចូលទៅកាន់ប្រទេសចិនទេ គឺមានបណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោកក៏គេធ្វើការនាំចេញទៅកាន់ប្រទេសចិនដែរ ។
លោកបានថ្លែងថា៖ «អ៊ីចឹង ទាមទារឱ្យយើងផលិតចេកស្រស់របស់យើងដែលទើបតែអភិវឌ្ឍក្រោយគេនេះ ដែលទើបតែបាន ៤ ឆ្នាំនេះយើងត្រូវតែប្រឹង រក្សាគុណភាពឱ្យបានលើតម្លៃប្រកួតប្រជែង។ អ៊ីចឹង ខ្ញុំរំពឹងថា ការនាំចេញទៅកាន់ប្រទេសចិននឹងនៅតែមានកំណើនជាបន្តបន្ទាប់ទៀត»។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ បានបង្ហាញថា ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ កម្ពុជានាំចេញផ្លែចេកស្រស់មានចំនួន ៣៤៣ ៨១២,៣៤ តោនកើនឡើងចំនួន ៤៦,២០% បើធៀបជាមួយនឹងឆ្នាំ ២០២០ ដោយក្នុងការនាំចេញទៅប្រទេសចិនចំនួន ៣០១៦២៨,៩៩ តោន ប្រទេសវៀតណាមចំនួន ៤១ ១៦៩,៣៥ តោន ប្រទេសជប៉ុនមានចំនួន ៥៣៣,៥២ តោន និង ប្រទេសសិង្ហបុរីមានចំនួន ៤៨០,៤៨ តោន៕
វីដេអូ៖