ភ្នំពេញៈ ការនាំចេញកៅស៊ូពីកម្ពុជាទៅទីផ្សារអន្តរជាតិនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលកន្លងមក បើទោះជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ ការនាំចេញកៅស៊ូរបស់កម្ពុជាមានចំនួន ១៧៤,១ ពាន់តោនស្មើនឹងតម្លៃ ២៦៥,៨ លានដុល្លារ កើនឡើង ៤៨,៣ ពាន់តោន ឬប្រមាណ ១១១,៦ លានដុល្លារ។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែតុលាថា មូលហេតុនៃការនាំចេញកៅស៊ូពីកម្ពុជាកើនឡើងគឺដោយសារមានតម្រូវការខ្ពស់នៅក្នុងទីផ្សារអន្តរជាតិ ក្រោយពីស្ថានភាពជំងឺកូវីដ ១៩ មានភាពធូរស្រាល។ លោកបន្តថា ក្នុងន័យនេះមានប្រទេសមួយចំនួននៅលើពិភពលោកបានបើកទ្វារឡើងវិញ និងបានអនុញ្ញាតឱ្យមានការនាំចូលកៅស៊ូទៅប្រទេសពួកគេ ជាពិសេសប្រទេសចិន ដែលអនុញ្ញាតឱ្យមានការនាំចូលច្រើនជាងគេ ដោយសារតម្រូវការនៅក្នុងវិស័យឧស្សាហកម្ម។
លោកថ្លែងថា៖ «កៅស៊ូត្រូវបាននាំទៅទីផ្សារក្រៅប្រទេស ដើម្បីយកទៅប្រើប្រាស់នៅក្នុងវិស័យសុខាភិបាល ឧស្សាហកម្ម និងវិស័យផ្សេងៗទៀត»។
លោកឱ្យដឹងទៀតថា ដំណាំកៅស៊ូនៅប្រទេសកម្ពុជាក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះនៅតែមានភាពល្អប្រសើរទាំងការវិនិយោគ និងនាំចេញ ជាពិសេសតម្លៃរបស់វានៅមានកម្រិតខ្ពស់ បើធៀបជាមួយនឹងដំណាំដទៃទៀត។
បើតាមលោក ហ៊ឹម អូន កៅស៊ូនៅតែមានតម្លៃខ្ពស់សម្រាប់នាំចេញដោយបច្ចុប្បន្នកៅស៊ូប្រភេទលេខ ១ តម្លៃ ១ ៨៥០ ដុល្លារក្នុងមួយតោន និងប្រភេទលេខ ២ មានតម្លៃ ១ ៧៥០ ដុល្លារ ចំណែកកៅស៊ូសន្លឹកដែលប្រភេទនេះត្រូវបាននាំចេញទៅប្រទេសជប៉ុន ដើម្បីផលិតកង់រថយន្តមានតម្លៃប្រហាក់ប្រហែល ១៧៥០ ដុល្លារ។
លោក ម៉ែន សុភក្តិ ប្រធានក្រុមហ៊ុនវិនិយោគសុភក្តិនីកា ដែលដាំដុះ និងនាំចេញកៅស៊ូបានប្រាប់ថា ការនាំចេញកៅស៊ូនៅបន្តមានកំណើនគួរឱ្យកត់សម្គាល់ ដោយសារទិន្នផលប្រមូលបានច្រើន និងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា ពាក់ព័ន្ធនឹងតម្លៃកៅស៊ូវិញ ក៏មិនមានអ្វីថមថយដែរ ដោយពេលនេះកៅស៊ូនាំចេញមានតម្លៃជាមធ្យម ១ ៧៥០ ដុល្លារក្នុងមួយតោន ហើយភាគច្រើនត្រូវបាននាំទៅប្រទេសចិន កូរ៉េ ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត ដោយឆ្លងកាត់តាមប្រទេសវៀតណាម។
ទោះយ៉ាងណាលោកបញ្ជាក់ថា ចំពោះការវិនិយោគលើការដាំដំណាំកៅស៊ូនាពេលនេះ មិនមានទ្រង់ទ្រាយធំទេ ព្រោះកម្ពុជាប្រឈមនឹងវិបត្តិមួយចំនួនជាពិសេសជំងឺកូវីដ ១៩ ហើយចំនួនការនាំចេញទៅនេះ ភាគច្រើនជាគម្រោងចាស់ៗតែប៉ុណ្ណោះ៕ LA
វីដេអូ៖