ភ្នំពេញៈ កម្ពុជានឹងទទួលបានថាមពលប្រមាណ ៤៩៥ មេហ្គាវ៉ាត់បន្ថែមពីរោងចក្រថាមពលសូឡាចំនួន ៧ ស្មើនឹង ២០ ភាគរយនៃការផ្គត់ផ្គង់ថាមពលសរុបត្រឹមឆ្នាំ ២០២៣ ដែលនឹងក្លាយជាប្រភពថាមពលដ៏សំខាន់ពីថាមពលកកើតឡើងវិញក្នុងការរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។
លោក អ៊ិត ប្រាំង រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅក្នុងវេទិកាកម្រិតខ្ពស់រវាងសិង្ហបុរីទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ ក្រោមប្រធានបទ «ការវិនិយោគលើការផ្លាស់ប្តូរថាមពលដែលរួមបញ្ចូល និងថាមពលស្អាត» ដែលរៀបចំកាលពីថ្ងៃទី ២៦ ខែតុលាថា គិតត្រឹមឆ្នាំ ២០២១ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ទាក់ទងនឹងអត្រាការប្រើប្រាស់អគ្គិសនីតាមភូមិសម្រេចបាន ៩៧,៤ ភាគរយ ហើយអត្រាអគ្គិសនីប្រើប្រាស់តាមគ្រួសារសម្រេចបាន ៨១ ភាគរយ។
លោកថ្លែងថា៖ «បើនិយាយអំពីការផ្គត់ផ្គង់អគ្គិសនីរបស់យើងត្រូវបានគ្រប់គ្រងដោយថាមពលកកើតឡើងវិញ ជាពិសេសវារីអគ្គិសនីដែលមានចំនួន ៨៨ ភាគរយនៅថ្ងៃធម្មតា បន្ទាប់ពីថាមពលសូឡា។ យើងនៅតែមានរោងចក្រថាមពលធ្យូងថ្មមួយចំនួនក្នុងតម្រូវការផលិត និងការនាំចូលដើម្បីគាំទ្រដល់ស្ថិរភាពប្រព័ន្ធរបស់យើង ដែលបច្ចុប្បន្ននេះថាមពលសូឡាមានចំណែក ៩ ភាគរយនៃសមត្ថភាពដំឡើងរបស់យើង»។
លោកបានលើកឡើងថា៖ «ត្រឹមឆ្នាំ ២០២៣ រោងចក្រថាមពលសូឡាចំនួន ៧ មានសមត្ថភាពសរុប ៤៩៥ មេហ្គាវ៉ាត់ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការ ដែលតំណាងឱ្យ ២០ ភាគរយនៃការផ្គត់ផ្គង់ថាមពលសរុបរបស់យើង។ គោលបំណងដ៏សំខាន់ៗរបស់យើងរួមមានលទ្ធភាពទទួលបានភាពអាចជឿទុកចិត្ត តម្លៃសមរម្យ សុវត្ថិភាព ក៏ដូចជាការរួមចំណែកដោះស្រាយបម្រែបម្រួលអាកាសធាតុ»។
លោក អ៊ិត ប្រាំង បានឱ្យដឹងទៀតថា ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបម្រែបម្រួលអាកាសធាតុ គឺត្រូវបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយរួមជាសកល ការបង្កើនល្បឿនការអភិវឌ្ឍថាមពលកាបូនទាប ដើម្បីបង្កើនល្បឿនការផ្លាស់ប្តូរថាមពលក្នុងលក្ខណៈកែតម្រូវ និងសមធម៌ គឺមានភាពចាំបាច់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទិសដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីប្រយុទ្ធប្រឆាំងនឹងឱកាសនៃការកម្រិតការកើនឡើងកម្តៅផែនដីត្រឹមឆ្នាំ ២០៥០ មកនៅត្រឹម ១,៥ អង្សាសេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងកាលពីថ្ងៃទី ៣ ខែកញ្ញា តាមអនឡាញនៅក្នុងវេទិកាអភិវឌ្ឍន៍កាបូនទាប ថាមពល Taiyuan ឆ្នាំ ២០២១ ថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពហិរញ្ញប្បទានប្រកបដោយនិរន្តរភាពសម្រាប់គម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ លោកបានបន្ថែមថា កម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការងារជាមួយបណ្តាប្រទេសដែលមានចំណាប់អារម្មណ៍ ស្ថាប័នវិស័យឯកជន ឬដៃគូសក្តានុពលផ្សេងទៀតនៅក្នុងវិស័យនេះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វេទិកានេះបម្រើជាការក្រើនរំឭកដល់យើងទាំងអស់គ្នាកុំឱ្យភ្លេចបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងការទទួលខុសត្រូវតាមរយៈការគិតគូរជានិច្ចអំពីដំណោះស្រាយរួមជាសកល»។
លោកបញ្ជាក់ថា បើទោះបីកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ក៏កម្ពុជាបានប្តេជ្ញាចិត្ត ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅក្នុងវិស័យព្រៃឈើ ថាមពល ឧស្សាហកម្ម កសិកម្ម និងការគ្រប់គ្រងកាកសំណល់ចំនួន ៦៤,៦ លានតោននៅត្រឹមឆ្នាំ ២០៣០ ផងដែរ៕ LA