ភ្នំពេញៈ សមាគមភ័ស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហការជាដៃគូផ្នែកបច្ចេកវិទ្យាព័ត៌មាន ដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្សតាមប្រព័ន្ធអនឡាញ ឬ (E-Lear-ning Platform) លើវិស័យភ័ស្តុភារកម្ម និងស្ពានថ្នល់។
ការចុះហត្ថលេខានេះបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែតុលា ក្រោមអធិបតីភាពលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
លោក ហឿន សំនៀង បានថ្លែងថា ជាមួយទស្សនៈគិតគូរវែងឆ្ងាយ និងមោះមុតរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ក្រសួងបានខិតខំយ៉ាងសស្រាក់សស្រាំនៅក្នុងការស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាសរសៃឈាមនៃការដឹកជញ្ជូនក្នុងដែនដីកម្ពុជាសម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ចជាតិ។
លោកក៏បានសម្តែងការអបអរសាទរដល់សមាគមភ័ស្តុភារកម្មកម្ពុជា និងក្រុមហ៊ុនវន្តសាលា ឯ.ក ដែលបានចូលរួមគាំទ្រដល់សកម្មភាពបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឡូជីស្ទិក និងដឹកជញ្ជូន តាមរយៈការបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា MoU នេះបង្ហាញពីឆន្ទៈរបស់ស្ថាប័នទាំង ២ នៅក្នុងការផ្តល់វគ្គបណ្តុះបណ្តាលធនធានមនុស្សលើវិស័យភ័ស្តុភារកម្មឱ្យបានកាន់តែច្រើនឡើង ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រូវការ។
លោកបាននិយាយថា៖ «សមាគមយើងខ្ញុំឥឡូវនេះកាន់តែបោះជំហានទៅមុខជាបណ្តើរៗ ដោយក្រៅអំពីកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ជូនសិក្ខាកាម នាពេលឆាប់ៗខាងមុខនេះ សមាគមនឹងមានកម្មវិធីបង្រៀនតាមរយៈទម្រង់បច្ចេកវិទ្យាព័ត៌មាន (E-Learning Platform) លើមុខវិជ្ជាជំនាញឡូជីស្ទីក និងដឹកជញ្ជូនផងដែរ ដោយសមាគមបានសហការជាមួយក្រុមហ៊ុន វន្តសាលា ឯ.ក ដែលជាក្រុមហ៊ុនមានជំនាញលើផ្នែកនេះច្រើនឆ្នាំ»។
ដើម្បីធ្វើឱ្យប្រព័ន្ធភ័ស្តុភារកម្មកម្ពុជាកាន់តែមានភាពល្អប្រសើរ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីកាលពីដើមខែមីនា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (AF) សម្រាប់ការបង្កើតគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PPLC) ដែលជាការរួមចំណែកក្នុងការជំរុញការធ្វើសមាហរណកម្មភ័ស្តុភាររបស់កម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
ការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះត្រូវបានធ្វើឡើង បន្ទាប់ពីដើមខែមករាឆ្នាំ ២០២០ រដ្ឋាភិបាលសម្រេចអនុម័តលើសេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យ និងជួយកាត់បន្ថយតម្លៃសេវាក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក។ សេចក្តីព្រាងផែនការមេអន្តរកាលស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មត្រូវបានរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១៨៕ LA