ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការជុំទី១០ បន្ថែមទៀត ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចក្នុងបរិការណ៍នៃវិបត្តិ, ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុង និងក្រោយពីវិបត្តិជំងឺកូវីដ ១៩។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចអះអាងថា វិធានការនេះមិនមានសម្ទុះជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេសឱ្យខ្លាំងក្លានោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៨ ខែតុលា រដ្ឋាភិបាលសម្រេចដាក់ចេញវិធានការបន្តជួយឧបត្ថម្ភប្រាក់ ៤០ ដុល្លាររយៈពេល ៣ ខែបន្ថែមទៀត (ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២១) សម្រាប់កម្មករ និយោជិតធ្វើការក្នុងវិស័យកាត់ដេរវាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ កាបូប ដែលទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម្ចាស់រោងចក្រសហគ្រាសក្នុងវិស័យត្រូវបន្ថែមចំនួន ៣០ ដុល្លារសរុប ៧០ ដុល្លារក្នុង ១ ខែសម្រាប់ ១ នាក់។
សេចក្តីប្រកាសព័ត៌មានបន្តថា រដ្ឋាភិបាលក៏នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុង ១ ខែជូនកម្មករ-និយោជិត ម្នាក់ដែលបំពេញការងារក្នុងវិស័យទេសចរណ៍សម្រាប់រយៈពេល ៣ ខែបន្ថែមផងដែរ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរដ្ឋាភិបាលបានផ្តល់ជូន។
ជាមួយគ្នានេះរដ្ឋាភិបាលក៏នឹងបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារសម្រាប់រយៈពេល ៣ ខែ និងបន្តលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្ម។
ដោយឡែកចំពោះវិធានការបន្តជួយវិស័យអាកាសចរណ៍ គឺរដ្ឋាភិបាលលើកលែងការបង់ពន្ធអប្បបរមា រយៈពេល ៣ ខែបន្ថែមទៀតដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និងបន្តផ្តល់ការអនុគ្រោះចំពោះការបង់ប្រាក់ជំពាក់លើកម្រៃអាកាសចរស៊ីវិលដោយពន្យាររយៈពេល ៣ ខែបន្ថែមទៀត។
បើតាមសេចក្តីប្រកាសព័ត៌មាន ការសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ១០ នេះ គឺក្នុងបំណងបន្តជួយកាត់បន្ថយផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ ១៩ មកលើស្ថានភាពសង្គមសេដ្ឋកិច្ច។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣១ ខែតុលាថា វិធានការដែលរដ្ឋាភិបាលដាក់ចេញនេះ គឺជាគោលនយោបាយសារពើពន្ធមួយដែលបានជួយទៅដល់កំណើនសេដ្ឋកិច្ចតាមរយៈការផ្ទេរ និងមួយចំណែកទៀតជាគោលនយោបាយបន្ថយពន្ធប៉ុណ្ណោះ។ ទោះយ៉ាងណា វិធានការទាំងអស់នេះមិនមានឥទ្ធិពលខ្លាំងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិនោះទេ ប៉ុន្តែរដ្ឋាភិបាលធ្វើនេះដើម្បីរៀបចំឱ្យមានប្រាក់ចំណូលមិនឱ្យមានភាពខុសគ្នាក្នុងពេលមានវិបត្តិនៃជំងឺកូវីដ ១៩។
លោកថ្លែងថា៖ «រដ្ឋមិនមានគោលនយោបាយបើកប្រាក់ឧបត្ថម្ភជាប្រចាំទេ ប៉ុន្តែរដ្ឋអាចធ្វើជាកញ្ចប់ថវិកាដោយឡែក។ អ៊ីចឹងអ្វីដែលរដ្ឋាភិបាលធ្វើជុំទី ១០ នេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះអំពីការផ្អាក និងព្យួរការងារដោយសារតែរោងចក្រមួយចំនួន ឬវិស័យមួយចំនួនដូចជាវិស័យទេសចរណ៍ជាដើមដែលត្រូវបានផ្អាក»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបាននិយាយថា វាជារឿងល្អ ព្រោះជាការយកចិត្តទុកដាក់ក្នុងការជួយដោះបន្ទុកមួយចំនួនទៅកម្មករ និយោជិតក្នុងវិស័យទាំងនេះ។
លោកអះអាងថា៖ «ការបន្តជួយប្រាក់ឧបត្ថម្ភពិតជារួមចំណែកជួយបុគ្គលិកកម្មករនៅក្នុងវិស័យវាយនភណ្ឌ និងទេសចរណ៍នេះ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលគួរពិចារណាធ្វើគឺជួយផ្នែកហិរញ្ញប្បទាន ឬក៏ជាកម្ចីដែលមានការប្រាក់ទាបដល់ម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរ ត្រឡប់មកវិញនៅពេលខាងមុខនេះ»៕ LA