ភ្នំពេញៈ ស្របពេលរាជរដ្ឋាភិបាលកំពុងរៀបចំយុទ្ធសាស្ត្របើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ និងដើម្បីធានាសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក ក្រុមហ៊ុនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងបានប្រកាសពីផែនការបើកដំណើរការហោះហើរសាកល្បងលើកដំបូងនៅចុងខែមករា ឬដើមខែកុម្ភៈ ខាងមុខ។
ព័ត៌មាននេះត្រូវបានលេចឮកាលពីថ្ងៃទី ៣០ ខែតុលា នាអំឡុងពេលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ទៅជួបតំណាងក្រុមហ៊ុនសាងសង់ព្រលានយន្តហោះតារាសាគរ។ តំណាងក្រុមហ៊ុនបានឱ្យដឹងថា ការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ពេលនេះសម្រេចបានប្រមាណ ៩៥ ភាគរយហើយ។
«តាមផែនការគ្រោងនឹងប្រតិបត្តិការហោះហើរសាកល្បងលើកដំបូងនាចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ ២០២២»។ នេះបើតាមការអះអាងពីតំណាងក្រុមហ៊ុនដែលត្រូវបានទូរទស្សន៍ BTV ដកស្រង់សម្តី។
ក្នុងឱកាសនោះ លោក ថោង ខុន បានសំណូមឱ្យក្រុមហ៊ុន សាងសង់ ពន្លឿនការងាររបស់ខ្លួន ដើម្បីឆាប់បានបម្រើសេវាកម្មដឹកទេសចរមកកម្សាន្តនៅតំបន់តារាសាគរ ខេត្តកោះកុងដែលជាទីតាំងរដ្ឋាភិបាលបានរៀបចំ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរលាតសន្ធឹងលើផ្ទៃដីទំហំ ៤,៥ ហិកតាស្ថិតក្នុងស្រុកបទុមសាគរ ខេត្តកោះកុងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិន Tianjin Union Development Group(UDG) ជាមួយទុនវិនិយោគ ៣៥០ លានដុល្លារ។ អាកាសយានដ្ឋាននេះអាចផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះ Boeing-777 និង Airbus A-340។
កាលពីថ្ងៃទី ២៨ ខែតុលា រដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារយុទ្ធសាស្ត្រសំខាន់ចំនួន ២ ដើម្បីជាការចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំង និងធានាបាននូវសុវត្ថិភាពទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក។
ឯកសារទាំង ២ រួមមាន «ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» និង «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០៣២»។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តឯកសារទាំង ២ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍បានឱ្យដឹងថា ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសង្គមសេដ្ឋកិច្ចស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ដែលជាចន្ទល់គន្លឹះសំខាន់មួយរបស់កម្ពុជាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងមិនធ្លាប់មាន ដោយចំនួនភ្ញៀវទេសចរអន្តរជាតិបានបាត់បង់ស្ទើរទាំងស្រុងនៅឆ្នាំ ២០២០-២០២១ ខណៈលំហូរនៃការធ្វើដំណើរ ទេសចរណ៍ផ្ទៃក្នុងក៏បានថមថយយ៉ាងច្រើនផងដែរ។
លោកថ្លែងថា៖ «ការដាក់ចេញនូវឯកសារយុទ្ធសាស្ត្រសំខាន់ទាំង ២ គឺឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ព្រមទាំងអាចចាប់យកកាលានុវត្តភាពពីវិបត្តិនេះ ដើម្បីដាក់ចេញនូវការកែទម្រង់ស៊ីជម្រៅសំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ដែលនឹងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ ១៩»។
តាមផែនការកម្ពុជានឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិក្នុងក្របខ័ណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយចាប់ផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង តំបន់តារាសាគរមុននឹងឈានទៅខេត្តសៀមរាបក្នុងខែមករា ឆ្នាំក្រោយ៕ LA
វីដេអូ៖