ភ្នំពេញៈ តម្លៃលក់រាយប្រេងឥន្ធនៈដែលកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩។
តម្លៃប្រេងសាំងលក់រាយនៅកម្ពុជាបានកើន ២០០ រៀល ក្នុង ១ លីត្រកាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នឹងត្រូវលក់ ៤,៧១០ រៀល ក្នុង ១ លីត្រសម្រាប់សាំងធម្មតា EA92 និង ៤ ២៦០ រៀល ក្នុង ១ លីត្រសម្រាប់ប្រេងម៉ាស៊ូត។
សេចក្តីជូនដំណឹងបានបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ ក្នុង ១ លីត្រ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី ១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នឹងចុះមក ៤ ៥៥០ រៀល ក្នុង ១ លីត្រ សម្រាប់សាំងធម្មតា EA 92 និង ៤ ១០០ រៀល ក្នុង ១ លីត្រសម្រាប់ប្រេងម៉ាស៊ូត។
អ្នកលក់ប្រេងឥន្ធនៈឱ្យស្ថានីយ PTT ស្ថិតនៅតាមផ្លូវជាតិលេខ ២ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងថ្ងៃទី ២ ខែវិច្ឆិកាថា ប្រេងសាំងធម្មតាបានឡើង ២៥០ រៀលថែមទៀត ដែលកាលពីមុន ៤ ៣០០ រៀល ក្នុង ១ លីត្រ ហើយពេលនេះ ៤ ៥៥០ រៀល ក្នុង ១ លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរពីមុនមានតម្លៃ ៤ ៨៥០ រៀលកើនដល់ ៥ ០៥០ រៀល។ ជាមួយគ្នានេះប្រេងម៉ាស៊ូត កើនឡើង ១០០ រៀលក្នុង ១ លីត្រ ដោយពីមុន ៤ ០០០ រៀល និងពេលនេះមានតម្លៃ ៤ ១០០ រៀល។
លោក ចាន់ ភីន អ្នកបើកបររថយន្តតាក់ស៊ីបាននិយាយថា ចំពោះតម្លៃប្រេងសាំងឡើងថ្លៃជាបន្តបន្ទាប់នេះបានធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីគ្រប់ប្រភេទពិសេសអ្នកបើកតាក់ស៊ី ព្រោះចំណូលបានមកគ្រាន់តែចាក់សាំងទៅវិញស្ទើរមិនគ្រប់ផង។
លោកថ្លែងថា៖ «ខ្ញុំចាក់សាំងអស់ ២០ ដុល្លារ ខ្ញុំរត់បានលុយមកវិញតែ ៥ ម៉ឺនទេវាអត់រួចថ្លៃចាក់សាំងទៅវិញផង។ ចំណែកតម្លៃជើងសា App របស់ Grab តម្លៃជើងសា ២៥ ភាគរយ គេទម្លាក់ឱ្យភ្ញៀវ ៥០ ភាគរយ ប៉ុន្តែគេអត់បញ្ចុះតម្លៃជើងសាពី អ្នកបើកបរទេ។ ទូទាត់ចុះឡើងគឺអត់មានចំណេញ ហើយប្រេងសាំងឡើងថ្លៃទៀត»។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាយល់ឃើញថា តម្លៃប្រេងឥន្ធនៈពេលនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនដែលនៅតំបន់ទីក្រុង និងនៅតាមព្រំដែន ជាងប្រជាជនរស់នៅតាមជនបទ ស្របពេលកម្មករនិយោជិត និងអាជីវករមួយចំនួនធំបាត់បង់ចំណូលដែលបង្កដោយជំងឺកូវីដ ១៩។
លោកបានប្រាប់ថា៖ «នៅពេលប្រេងឥន្ធនៈឡើងថ្លៃបានធ្វើឱ្យចង្វាក់ផលិតកម្មរោងចក្រឧស្សាហកម្មដែលប្រើប្រាស់ម៉ាស៊ីនឡើងថ្លៃដូចគ្នា និងជំរុញឱ្យសម្ភារនៅក្នុងទីផ្សារឡើងថ្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ បន្ថែមពីលើនេះកូវីដ ១៩ បានគំរាមកំហែងដល់ជីវភាពរបស់ប្រជាជនធ្ងន់ធ្ងរមួយសារទៀត។ ឥឡូវសាំងឡើងថ្លៃទៀត រឹតតែធ្វើឱ្យប្រជាជនកាន់តែដុនដាប»។
ទោះយ៉ាងណាលោក ឌិន ពុទ្ធី ទទួលស្គាល់ថា តម្លៃប្រេងលើពិភពលោកបានឡើងថ្លៃ មិនថាតែប្រេងឥន្ធនៈនៅប្រទេសកម្ពុជានោះទេ។ រដ្ឋាភិបាលគួរតែមានប្រាក់បម្រុងណាមួយ ដើម្បីទប់ស្កាត់កុំឱ្យវាឡើងថ្លៃដែលវាចំណុចល្អក្នុងការជួយប្រជាពលរដ្ឋដែលកំពុងជួបលំបាកនៅពេលនេះ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បាននិយាយថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃដោយសារកត្តាមួយចំនួនរួមមាន ការកើនឡើងថ្លៃប្រេងជាសកលដែលបណ្តាលមកពីវិបត្តិនៅមជ្ឈិមបូព៌ា, អង្គការ OPEC បានកាត់បន្ថយប្រេងក្នុងការផលិត ការបើកប្រទេសឡើងវិញក្រោយជំងឺកូវីដ ១៩ មិនមែនមានតែប្រទេសកម្ពុជាទេ និងមួយទៀតតម្រូវការប្រេងនៅក្នុងប្រទេសចិនមានការកើនឡើង ដោយសារវិបត្តិធ្យូងថ្មនៅក្នុងប្រទេស។
លោកបន្ថែមថា ចំពោះតម្លៃប្រេងសាំងឡើងថ្លៃនេះ វាបានប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ដែលទើបតែចាប់ផ្តើមមានសម្ទុះសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដើម្បីធ្វើឱ្យមនុស្សធ្វើចរាចរណ៍ ប៉ុន្តែនៅពេលដែលថ្លៃប្រេងឡើងថ្លៃជាង ១០ ភាគរយប្រសិនបើធៀបជាមួយនឹងតម្លៃពីខែមុន បានរារាំងមិនឱ្យប្រជាពលរដ្ឋធ្វើដំណើរ និង ការស្តារសេដ្ឋកិច្ចឡើងវិញនឹងមានការថមថយ។
លោកថ្លែងថា៖ «ក្នុងពេលនេះ មិនគួរតម្លៃថ្លៃប្រេងដល់កម្រិតនេះទេ ប៉ុន្តែក្រុមហ៊ុនប្រេងនៅក្នុងប្រទេសកម្ពុជា ជាក្រុមហ៊ុនផ្តាច់មុខ អ៊ីចឹងគាត់ត្រូវធ្វើការដំឡើងថ្លៃប្រេង ដើម្បីទទួលបានផលចំណេញពីឱកាសបើកសេដ្ឋកិច្ចនេះផងដែរ»៕ LA