ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថានឹងមានក្រុមហ៊ុនមកពីអាមេរិកកាន់តែច្រើនចូលមកវិនិយោគ និងពង្រីកអាជីវកម្មនៅកម្ពុជា ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងអាមេរិករយៈពេល ៨ ខែដើមឆ្នាំ ២០២១ មានចំនួនជាង ៥,៥ ពាន់លានដុល្លារកើនឡើង ២៨, ៤៦ ភាគរយបើធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ ២០២០។
ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធអនឡាញជាមួយនឹងគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) ដែលដឹកនាំដោយលោក Amb. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងជំរុញការវិនិយោគមកពីសហរដ្ឋអាមេរិក មកប្រទេសកម្ពុជា។
កិច្ចប្រជុំដែលរៀបចំកាលពីថ្ងៃទី ១ ខែវិច្ឆិកា ក៏មានការចូលរួមពីមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងតំណាងក្រុមហ៊ុនជាច្រើនទៀតដូចជា ក្រុមហ៊ុន Conoco Phillips, Ford Motor, Amazon, Walmart, Pernod Ricard, Visa និងក្រុមហ៊ុន Jhpiego ជាដើម។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា ភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ បានធ្វើឱ្យប្រទេសកម្ពុជាត្រៀមខ្លួនរួចរាល់សម្រាប់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនឡើងវិញលើគ្រប់វិស័យ។ លោកបន្តថា ក្រៅពីនេះកម្ពុជាក៏បាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការជាច្រើន ព្រមទាំងដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងសង្គមជាច្រើន ដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិជំងឺកូវីដ ១៩។
លោក សូរស័ក្តិ ថ្លែងថា៖ «ខ្ញុំសូមលើកទឹកចិត្ត និងបន្តគាំទ្រព្រមទាំងសម្របសម្រួលដល់ក្រុមហ៊ុនអាមេរិក ដែលមានសំណូមពរ និងចម្ងល់ផ្សេងៗអាចទាក់ទងមកក្រសួងពាណិជ្ជកម្ម ឬខ្ញុំផ្ទាល់ដើម្បីដោះស្រាយ និងសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ»។
ពេលថ្មីនេះប្រទេសកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដូចជា គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់,ច្បាប់ស្តីពីការប្រកួតប្រជែង, មុខងារ និងតួនាទីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ, និងជាពិសេសការយកចិត្តទុកដាក់ដល់ការការពារកម្មសិទ្ធិបញ្ញា ជាដើម។ ក្រៅពីនេះកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។ នេះបើតាមលោកសូរស័ក្តិ។
លោក Amb. Michalak បានសម្ដែងការសាទរចំពោះកម្ពុជាដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំង និងការបើកសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ព្រមទាំងថ្លែងអំណរគុណដល់កម្ពុជាដែលតែងយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចសហប្រតិបត្តិការដល់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាននៅកម្ពុជា។ លោក Michalak ក៏បានសន្យាថានឹងជំរុញវិនិយោគិនអាមេរិកឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ ដើម្បីជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយជំងឺកូវីដ ១៩។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣ ខែវិច្ឆិកាថា ការទទួលបានវិនិយោគិនពីប្រទេសធំៗ គឺជាក្តីប្រាថ្នារបស់គ្រប់ប្រទេសនៅលើពិភពលោក។ អាមេរិកមិនត្រឹមតែជាប្រទេសធំ និងមានសេដ្ឋកិច្ចរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រទេសប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗទៀតផង។ ការចូលមកវិនិយោគរបស់វិនិយោគិនអាមេរិកនឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗមកកាន់កម្ពុជាផងដែរ។
លោកលើកឡើងថា៖ «រដ្ឋាភិបាលកម្ពុជាកំពុងធ្វើកិច្ចការជាច្រើន ដើម្បីបង្កើនសក្តានុពលក្នុងការទាក់ទាញវិនិយោគិនពីគ្រប់ប្រទេសឱ្យចូលមកបណ្តាក់ទុន»។ លោកបន្ថែមទៀតថា៖ «ច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសចិន, កូរ៉េ និងតំបន់ក៏នឹងក្លាយជាកម្លាំងចលករជួយទាក់ទាញការចូលបណ្តាក់ទុននៅកម្ពុជាផងដែរ»៕ LA