ភ្នំពេញៈ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ នៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២១ មានទឹកប្រាក់សរុប ៥,៩៧ ពាន់លានដុល្លារ កើន ១៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានទឹកប្រាក់ ៥,០៨ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក។
យោងតាមរបាយការណ៍ ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសថៃមានតម្លៃ ៦៨៧ លានដុល្លារ ធ្លាក់ចុះ ២៨ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៩៥៨ លានដុល្លារ ចំណែកការនាំពីប្រទេសថៃមកវិញមានតម្លៃ ៥,២៨ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយពី ៤,៦១ ពាន់លានដុល្លារ។
ដោយឡែកសម្រាប់ខែកញ្ញា ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ៧៣២ លានដុល្លារ កើនឡើង ៤៨ ភាគរយធៀបនឹងខែកញ្ញា ឆ្នាំ ២០២០ ដែលមានទឹកប្រាក់ ៤៩៥ លានដុល្លារ។
លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកកបានឱ្យដឹងថា ទោះបីមានការបិទខ្ទប់ ឬការរឹតបន្តឹងលើការធ្វើដំណើររវាងប្រទេសទាំង ២ ប៉ុន្តែការដោះដូរទំនិញឆ្លងដែននៅតែបន្តធ្វើជាប្រក្រតី។
លោកថ្លែងថា៖ «ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា ថៃនៅតែកើនឡើង ដោយសាររដ្ឋាភិបាលប្រទេសទាំង ២ រឹតត្បិតតែការធ្វើដំណើរ ប៉ុន្តែពុំបានរឹតត្បិតការធ្វើពាណិជ្ជកម្ម ពោលគឺសកម្មភាពដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំង ២ នៅតែបន្តធ្វើរៀងរាល់ថ្ងៃ»។
លោក សុធា សម្បត្តិ ប្រធានសមាគមក្រុមប្រឹក្សាធុរកិច្ចកម្ពុជា (CBC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៤ ខែវិច្ឆិកាថា ការកើនឡើងនៃការដោះដូរទំនិញទ្វេភាគីរវាងកម្ពុជា ថៃក្នុងរយៈពេលនេះ គឺឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់រដ្ឋាភិបាលប្រទេសទាំង ២ ក្នុងការជួយសម្រួលការដោះដូរទំនិញអំឡុងពេលដ៏លំបាកនៃការផ្ទុះកូវីដ ១៩ ក្នុងសហគមន៍។
លោកនិយាយថា៖ «កំណើននេះជាសញ្ញាល្អ ខណៈប្រទេសទាំង ២ បានពុះពារក្នុងការជំរុញការដោះដូរទំនិញក្នុងកាលៈទេសៈដ៏លំបាកនៃការផ្ទុះជំងឺកូវីដ ១៩ ក្នុងសហគមន៍»។
បើតាមលោក សម្បត្តិ CBC កំពុងព្យាយាមធ្វើទំនាក់ទំនង និងបើកទីផ្សារសម្រាប់ផលិតផលខ្មែរចូលទៅទីផ្សារប្រទេសថៃឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងទាក់ទាញវិនិយោគពីថៃមកកាន់កម្ពុជា។
លោកនិយាយថា៖ «ឥឡូវនេះ CBC បានចុះហត្ថលេខាជាមួយក្រុមហ៊ុនធំៗ ២ នៅប្រទេសថៃឱ្យជួយនាំផលិតផលខ្មែរទៅដាក់លក់នៅទីផ្សារថៃ នេះគឺជាតួនាទីរបស់យើងក្នុងរយៈពេលខ្លីដែលទើបបង្កើតនេះ»។
លោកបន្តថា ស្របពេលប្រទេសទាំង ២ បានប្រកាសការបើកសេដ្ឋកិច្ចឡើងវិញដោយមានការអនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញនោះ CBC ក៏កំពុងរៀបចំវេទិកាជំនួញមួយរវាងកម្ពុជា-ថៃ ស្តីពីវិស័យកសិកម្មនាពេលខាងមុខនេះ។
យោងតាមរបាយការណ៍ទំនិញសំខាន់ៗដែលកម្ពុជានាំទៅប្រទេសថៃ រួមមាន វាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងពាក់កណ្តាលសម្រេច ចំណែកទំនិញនាំពីប្រទេសថៃ មានដូចជា ថាមពល ត្រី សាច់ បន្លែ រថយន្ត ជីសរីរាង្គ ស៊ីម៉ងត៍ និងគ្រឿងឧបភោគ បរិភោគ៕ LA