ភ្នំពេញៈ ស្របពេលវិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តរក្សាបានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ និងតែង ទាក់ទាញនូវវិនិយោគិនថ្មីៗចូលក្នុងវិស័យនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តជាគោលការណ៍ លើការកែតម្រូវលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង»។
សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង» ដែលជាមូលដ្ឋាននៃច្បាប់ស្តីពីការធានារ៉ាប់រងត្រូវបានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) អនុម័តជាគោលការណ៍លើខ្លឹមសារនៅក្នុងកិច្ចប្រជុំលើកទី ៥ នៃអាណត្តិទី ១ ជាផ្លូវការហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ «ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ»។
កិច្ចប្រជុំនេះបានរៀបចំឡើងកាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកានៃក្រុមប្រឹក្សា អ.ស.ហ។
សេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង» ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តក្នុងឆ្នាំ ២០១៤ អនុក្រឹត្យស្តីពីការធានារ៉ាប់រង ដែលបានដាក់ឱ្យអនុវត្តក្នុងឆ្នាំ ២០០១, គោលការណ៍គ្រឹះធានារ៉ាប់រង, និងការសិក្សាអំពីច្បាប់ និងបទប្បញ្ញត្តិនៃវិស័យធានារ៉ាប់រងរបស់បណ្តាប្រទេសនៅក្នុងតំបន់។
លោក យក់ ចំរើនរិទ្ធ ប្រធានអគ្គនាយកនៃក្រុមហ៊ុន Forte Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេនៅកម្ពុជាបានសាទរជាមួយនឹងការកែការសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការធានារ៉ាប់រង» នេះ បើទោះបីមានបទប្បញ្ញត្តិតឹងរ៉ឹងជាងមុន ប៉ុន្តែវាធានាដល់ការរីកចម្រើននៃវិស័យនេះប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ថា៖ «យើងសង្កេតឃើញថា វិស័យធានារ៉ាប់រងនៅកម្ពុជាយើងមានការរីកចម្រើនប្រកបដោយសុគតភាពល្អ ដែលទាមទារឱ្យមានការកំណត់នូវ Minimum Stanadard មួយមានភាពតឹងរ៉ឹងជាងមុន ដើម្បីធានាធ្វើយ៉ាងណាឱ្យវិស័យនេះបន្តភាពរីកចម្រើនរបស់ខ្លួនប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន»។
យោងតាមសេចក្តីប្រកាសព័ត៌មាន សេចក្តីព្រាងអនុក្រឹត្យនេះមាន ៦ ជំពូក និង ១១៥ មាត្រា ដែលតាក់តែងឡើងក្នុងគោលបំណងកំណត់នូវវិធាន នីតិវិធី និងនិយាមសម្រាប់ការគ្រប់គ្រង និងការត្រួតពិនិត្យសកម្មភាពធានារ៉ាប់រងសំដៅធានានូវអភិបាលកិច្ចល្អ ប្រសិទ្ធភាព ការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ ការការពារផលប្រយោជន៍ និងការបង្កើនទំនុកចិត្តដល់សាធារណជន។
ទោះយ៉ាងណាក្រុមប្រឹក្សា អ.ស.ហ. ក៏បានផ្តល់អនុសាសន៍ឱ្យកែសម្រួលលើចំណុចគន្លឹះៗមួយចំនួន ព្រមទាំងបានណែនាំឱ្យយកសេចក្តីព្រាងអនុក្រឹត្យនេះដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជួយពិនិត្យមុននឹងស្នើសុំការពិនិត្យសម្រេចពីថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាល។
បើយោងតាមសមាគមធានារ៉ាប់រងកម្ពុជា (IAC) វិស័យធានារ៉ាប់រងនៅកម្ពុជាទទួលបានប្រាក់បុព្វលាភសរុបចំនួន ៨៥ លានដុល្លារនៅត្រីមាសទី ១ ឆ្នាំនេះកើន ១៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
ក្នុងចំណោមនោះ ប្រាក់បុព្វលាភធានារ៉ាប់រងទូទៅមានចំនួន ៣៩,១ លានដុល្លារកើនឡើង ១៩,៥ ភាគរយ និងបុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ៤៤,៦ លានដុល្លារ កើនឡើង ១៥,៥ ភាគរយធៀប។ ប្រាក់បុព្វលាភធានារ៉ាប់រងទូទៅមានចំនួន ៤៦ ភាគរយ និងប្រាក់បុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ៥៣ ភាគរយនៃចំនួនសរុប។ ប្រាក់បុព្វលាភធានារ៉ាប់រងខ្នាតតូចមាន ១,២ លានដុល្លារ ធ្លាក់ចុះ ២៦,៧ ភាគរយ និងមានចំនួន ១,៤ ភាគរយនៃចំនួនសរុប។ នេះបើយោងតាម IAC។
វិស័យធានារ៉ាប់រងនៅកម្ពុជាបានចំណាយលើប្រាក់សំណងប្រហែល ១១,៣ លានដុល្លារចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២១៕ LA