ភ្នំពេញៈ កម្ពុជាទទួលបានប្រាក់ជាង ៦,១ ពាន់លានដុល្លារពីការនាំទំនិញទៅទីផ្សារអាមេរិកក្នុងរយៈពេល ៩ ខែឆ្នាំ ២០២១ កើនឡើងជា ២៨ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈការនាំពីអាមេរិកមានទឹកប្រាក់ជាង ៣០០ លានដុល្លារ កើនជាង ៣០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីការិយាល័យជំរឿនអាមេរិក។
ទិន្នន័យចេញផ្សាយចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់ ៦ ៤៧៩,៣ លានដុល្លារ កើន ២៨,៣៧ ភាគរយ ពីចំនួន ៥ ០៤៧,១ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅអាមេរិក មានទឹកប្រាក់ ៦ ១៧៥,៨ លានដុល្លារ កើន ២៨,២៦ ភាគរយ និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៣០៣,៥ លានដុល្លារ កើនឡើង ៣០,៧០ ភាគរយ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៧ ខែវិច្ឆិកា ថា ការកើនឡើងទំហំពាណិជ្ជកម្មនេះបញ្ជាក់ថា ក្រៅពីទំនិញកម្ពុជាមានតម្រូវការខ្ពស់នៅទីផ្សារអាមេរិក ប្រទេសទាំង ២ ក៏មានទំនាក់ទំនងការទូតល្អជាមួយគ្នាដែរ។ តាមទិន្នន័យនេះ កម្ពុជារំពឹងថានឹងមានអ្នកវិនិយោគកាន់តែច្រើនចូលមកបណ្តាក់ទុនសម្រាប់ផលិតនាំទៅលក់នៅទីផ្សារអាមេរិក។
លោកលើកឡើងថា៖ «ការចាប់ផ្តើមបើកដំណើរការវិស័យទេសចរណ៍ឡើងវិញរបស់ប្រទេសជាច្រើន គឺជាហេតុផលមួយដែលធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាមានផលជាវិជ្ជមានជាបន្តបន្ទាប់ ពិសេសសម្រាប់ផលិតផលវាយនភណ្ឌ និងផលិតផលធ្វើដំណើរ។ កន្លងមកយើងសុទ្ធតែដឹងហើយថា មានឧស្សាហកម្មកាត់ដេរជាច្រើនបានផលិតសម្រាប់នាំទៅទីផ្សារអាមេរិក»។
ទោះយ៉ាងណា លោក វណ្ណៈ បានជំរុញឱ្យកម្ពុជាត្រូវខិតខំធ្វើពិពិធកម្មលើការផលិត ផលិតផលផ្សេងៗក្រៅពីអ្វីដែលកំពុងមាននាពេលនេះ។
ស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញកាលពីថ្ងៃទី ២៤ ខែកញ្ញា បានបើកការិយាល័យក្រសួងកសិកម្ម (USDA) ដំបូងរបស់ខ្លួននៅកម្ពុជា។ ការិយាល័យនេះស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញ ដោយមានតួនាទីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានចាត់ទុកការបើកការិយាល័យនេះជាការល្អសម្រាប់ប្រទេសទាំង ២ ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់អាមេរិកក្នុងការធ្វើឱ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាពពីអាមេរិក។
លោកនិយាយថា៖ «នៅកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មពីអាមេរិក ហេតុនេះការិយាល័យថ្មីរបស់ USDA នឹងជំរុញកិច្ចការនេះដើម្បីឱ្យអតិថិជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឱ្យបានកាន់តែច្រើនពីអាមេរិក»។
ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអាមេរិកក្នុងឆ្នាំ ២០២០ មានតម្លៃសរុប ៦ ៩២១,៣ លានដុល្លារ ឡើង ១៧,៨៩ ភាគរយធៀបឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃ ៦ ៥៧៧,៧ លានដុល្លារ កើន ២២,៧៩ ភាគរយ ចំណែកការនាំពីអាមេរិកមកកម្ពុជាមានតម្លៃ ៣៤៣,៦ លានដុល្លារ ធ្លាក់ ៣៣,១៥ ភាគរយ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មអាមេរិក៕ LA