ភ្នំពេញៈ ទោះបីបញ្ហាកង្វះទូកុងតឺន័រ និងការកើនឡើងតម្លៃដឹកជញ្ជូនបានប៉ះពាល់ទៅដល់កំណើននាំចេញអង្ករទៅទីផ្សារអឺរ៉ុប និងបស្ចិមប្រទេស ក៏កម្ពុជានៅតែអាចសម្រេចបានគោលដៅនាំចេញស្រូវ-អង្កររបស់ខ្លួនល្អប្រសើរ ដោយបាននាំចេញជាង ៣ លានតោនក្នុងតម្លៃជាង ៩៥៧ លានដុល្លារនារយៈពេល ១០ ខែកន្លងមក។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
សេចក្តីប្រកាសព័ត៌មានរបស់ CRF ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២១ កម្ពុជានាំចេញស្រូវ និងអង្ករក្នុងបរិមាណសរុប ៣ ១១៩ ៨២៩ តោន ដែលមានតម្លៃសរុប ៩៥៧,៣០ លានដុល្លារ។
នៅក្នុងនោះការនាំចេញអង្ករគ្រប់ប្រភេទមានចំនួន ៤៦០ ១៦៩ តោន គិតជាប្រាក់ចំនួន ៣២៣,៤៧ លានដុល្លារ ដោយបាននាំទៅគោលដៅទីផ្សារ ៥៥ ប្រទេស និងតំបន់ស្វយ័ត។
ដោយឡែកការនាំចេញស្រូវគឺមានចំនួន ២ ៦៥៩ ៦៦០ តោន គិតជាប្រាក់ប្រមាណ ៦៣៣,៨២ លានដុល្លារ។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា កត្តាអាកាសធាតុអំណោយផល និងភាពប្រសើរឡើងនៃប្រព័ន្ធធារាសាស្ត្របានជួយឱ្យការប្រមូលផលក្នុងឆ្នាំ ២០២១ កើនឡើង ហើយវាក៏បានរួមចំណែកដល់សម្ទុះនៃការនាំចេញផងដែរ។
លោកអះអាងថា៖ «ដូចយើងឃើញសម្រាប់ឆ្នាំនេះលំហូរទឹកភ្លៀងធ្លាក់មកល្អ ដូច្នេះវាបានអំណោយផលដល់កសិករឱ្យប្រមូលផលបានច្រើន។ ម្យ៉ាងទៀតប្រព័ន្ធធារាសាស្ត្រយើង ក៏មានភាពល្អប្រសើរជាងពេលមុនផងដែរក្នុងការស្រោចស្រពស្រូវប្រាំង ដែលវាជាចំណែកធ្វើឱ្យបរិមាណស្រូវរបស់យើងមានការកើនឡើង»។
ទោះយ៉ាងណា បញ្ហាកង្វះទូកុងតឺន័រ និងការកើនឡើងថ្លៃដឹកជញ្ជូន គឺនៅតែជាឧបសគ្គសម្រាប់ការនាំចេញអង្ករទៅទីផ្សារឆ្ងាយៗដូចជាសហគមន៍អឺរ៉ុប និងបណ្តាប្រទេសផ្សេងៗទៀត។ នេះបើយោងតាមលោក សុង សារ៉ន។
លោកបានពន្យល់ថា៖ «ស្របពេលតម្រូវការនៃការនាំចេញទៅទីផ្សារផ្លូវឆ្ងាយជួបឧបសគ្គខ្លះៗពាក់ព័ន្ធនឹងការដឹកជញ្ជូន ហេតុដូច្នេះយើងក៏បានបង្វែរទៅជាការនាំចេញស្រូវឱ្យបានច្រើនវិញ ពិសេសនាំទៅទីផ្សារវៀតណាមក្នុងឆ្នាំ ២០២១»។
លោកបន្តថា ចិន គឺជាប្រទេសដែលបើកទូលាយសម្រាប់ទីផ្សារអង្ករកម្ពុជានៅក្នុងរយៈពេលដ៏លំបាកនេះ ទោះបីការនាំចេញទៅទីផ្សារផ្សេងមានការធ្លាក់ចុះ ប៉ុន្តែមានការកើនឡើងច្រើនទៅកាន់ទីផ្សារប្រទេសចិន។
លោក ចាន់ សុខឃាំង ប្រធានក្រុមហ៊ុននាំចេញអង្ករ Signature Asia បានលើកឡើងនូវបញ្ហាកង្វះទូកុងតឺន័រ និងការឡើងថ្លៃដឹកជញ្ជូនថា ជារនាំងយាយីដល់ការនាំចេញរបស់ក្រុមហ៊ុននៅកម្ពុជា។ លោកបានបញ្ជាក់ថា៖ «ការនាំចេញរបស់យើងនៅតែមានបញ្ហារឿងកប៉ាល់ និងតម្លៃការដឹកជញ្ជូន គឺវាថ្លៃស្ទើរគុណនឹង ៦ ដងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់យើងនាពេលនេះ»។
បើតាម CRF ចំពោះប្រភេទអង្ករនាំចេញក្នុងរយៈពេល ១០ ខែនេះ គឺអង្ករក្រអូប មានចំនួន ៣២៤,៣៦៤ តោន ក្រៅពីនោះជាប្រភេទអង្ករសគ្រាប់វែង, អង្ករចំហុយ និងអង្ករសរីរាង្គ។
កាលពីឆ្នាំ ២០២០ កម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោនដោយមានតម្លៃ ៥៣៩ លានដុល្លារ កើន ១១,៤០ ភាគរយ ធៀបនឹងឆ្នាំ ២០១៩។ រីឯការនាំចេញស្រូវក្រៅផ្លូវការមាន ២ ២០៨ ១២៦ តោន។ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម៕ LA