ភ្នំពេញៈ ទោះបីជាវិបត្តិជំងឺកូវីដ ១៩ នៅបន្តអូសបន្លាយពេលការឆ្លងរាលដាលពេញពិភពលោក ក៏ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន រយៈពេល ៣ ត្រីមាសដំបូង ឆ្នាំ ២០២១ នៅតែរក្សាបានសញ្ញាវិជ្ជមាន ដោយតាមការកត់ត្រារបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បង្ហាញថា មានតម្លៃសរុបជាង ១,៧៥ ពាន់លានដុល្លារ កើនឡើងជាង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យ Jetro កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឱ្យដឹងថា គិតពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានតម្លៃសរុប ១ ៧៥៤,៣៧ លានដុល្លារកើន ១៣,១០ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃ ១ ៥៥១,១៥ លានដុល្លារ។
ក្នុងនោះការនាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុនមានតម្លៃ ១ ៣១៦,២៥ លានដុល្លារ កើនឡើង ៨,៧ ភាគរយពីចំនួន ១ ២១១,៨១ លានដុល្លារ និងការនាំទំនិញពីជប៉ុនមកកម្ពុជាមានចំនួន ៤៣៨,១២ លានដុល្លារកើន ២៩,១ ភាគរយពីចំនួន ៣៣៩,៣៤ លានដុល្លារ។
ដោយឡែកពាណិជ្ជកម្មទ្វេភាគីក្នុងខែកញ្ញា ឆ្នាំ ២០២១ មានតម្លៃសរុប ២៤១,៩៨ លានដុល្លារ កើនឡើង ២០,២៣ ភាគរយពីចំនួន ២០១,២៧ លានដុល្លាររយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់កម្ពុជា ចំនួន ១៨៩,០១ លានដុល្លារ កើនឡើង ១៦,១ ភាគរយ និងទំនិញនាំចូលពីជប៉ុនមានតម្លៃ ៥២,៩៧ លានដុល្លារ កើនឡើង ៣៧,៨ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនបានកើនឡើងជារៀងរាល់ឆ្នាំ លើកលែងក្នុងឆ្នាំ ២០២០ ដែលធ្លាក់ចុះដោយសារឥទ្ធិពលពីការរឹតបន្តឹងការធ្វើចរាចរណ៍ឆ្លងប្រទេស។ កំណើននៃការនាំចេញ និងនាំចូលទំនិញបញ្ជាក់ពីភាពល្អប្រសើរនៃទំនាក់ទំនងការទូត និងទំនុកចិត្តរបស់អតិថិជននៃប្រជាជនប្រទេសទាំង ២ លើគុណភាពផលិតផល។
លោកបន្ថែមថា កំណើននេះនឹងឡើងច្រើនបន្ថែមទៀត ខណៈកម្ពុជាបាននិងកំពុងរៀបចំ និងដាក់ចេញនូវច្បាប់វិនិយោគថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញឱ្យវិនិយោគិនបរទេស រួមទាំងជនជាតិជប៉ុនចូលមកបើកដំណើរការផលិតសម្រាប់នាំចេញនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា៖ «ជប៉ុនជាទីផ្សារមានសក្តានុពលមួយរបស់កម្ពុជា ហេតុនេះខ្ញុំរំពឹងថាការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកើនឡើងបន្តទៀត ពិសេសពេលកម្ពុជាបើកទទួលភ្ញៀវទេសចរ និងអ្នកវិនិយោគទូលំទូលាយឡើងវិញចាប់ពីចុងខែវិច្ឆិកា នេះតទៅ»។
វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យការហោះហើរត្រង់ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរជប៉ុន ANA ផ្អាកការហោះហើរមកកម្ពុជា រហូតមកដល់ពេលនេះ។
លោកបន្ថែមទៀតថា បច្ចុប្បន្នកសិផលកម្ពុជាកាន់តែច្រើនក៏កំពុងត្រូវបានអតិថិជនជប៉ុនបញ្ជាទិញជាបន្តបន្ទាប់។
លោកស្រី អ៊ិន ឡៃហ៊ួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នៅខេត្តកំពង់ធំបាននិយាយថា សិប្បកម្មលោកស្រីបានទទួលការបញ្ជាទិញគ្រាប់ស្វាយចន្ទី (ផលិតផលសម្រេច) ជាបន្តបន្ទាប់ពីក្រុមហ៊ុន Top Planning Japan (TPJ) សម្រាប់នាំទៅលក់នៅទីផ្សារប្រទេសជប៉ុន ប៉ុន្តែដោយសារសមត្ថភាពផលិតនៅមានកម្រិតលោកស្រីមិនអាចផលិតទាន់តាមការបញ្ជាទិញទេ។ លោកស្រីបន្តថា ផលិតផលកម្ពុជានឹងទទួលបានការគាំទ្រកាន់តែច្រើនបន្ថែមនៅប្រទេសជប៉ុន បើមានការរៀបចំកែច្នៃ និងវេចខ្ចប់បានកាន់តែល្អ។
លោកស្រីបានលើកឡើងថា៖ «ជប៉ុនគឺជាទីផ្សារធំ ប៉ុន្តែគ្រប់ផលិតផលត្រូវតែមានគុណភាពស្តង់ដាកម្រិតខ្ពស់»។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពីជប៉ុនមានដូចជា គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ ចំណែកផលិតផលជប៉ុននាំមកកម្ពុជា មានភាគច្រើនជា គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបៗ។
វិបត្តិកូវីដ ១៩ ធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា ជប៉ុនក្នុងឆ្នាំ ២០២០ មានតម្លៃសរុប ២ ១០១,៧៨ លានដុល្លារធ្លាក់ចុះ ៨,៣៥ ភាគរយបើធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញមានទឹកប្រាក់ ១៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និងនាំចូលមាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ ១៣,៨ ភាគរយ។ នេះបើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro៕ LA