ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានអំពាវនាវឱ្យម្ចាស់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ ដើម្បីមានតម្លាភាព និងអភិបាលកិច្ចល្អក្នុងការបង់ពន្ធ ដោយយកក្រុមហ៊ុនស្រាបៀរ Heineken Cambodia ធ្វើជាគំរូ ដែលជាការចូលរួមចំណែកដល់ការប្រមូលចំណូលពន្ធសម្រាប់អភិវឌ្ឍប្រទេសជាតិ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងក្នុងពេលចូលរួមបើកដំណើរការជាផ្លូវការនូវឧបករណ៍វាស់បរិមាណភេសជ្ជៈ និងស្រាបៀរក្រុមហ៊ុនស្រាបៀរ Heineken នាថ្ងៃទី ១០ ខែវិច្ឆិកាថា ការដាក់ឧបករណ៍វាស់បរិមាណភេសជ្ជៈ និងស្រាបៀររបស់ក្រុមហ៊ុនស្រាបៀរ Heineken Cambodia បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះមានការអនុលោមតាមច្បាប់ និងដើរតួធ្វើជាគំរូសម្រាប់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈផ្សេងទៀត។ Heineken ជារោងចក្រផលិតស្រាបៀរដំបូងគេដែលដំឡើងឧបករណ៍វាស់បរិមាណនេះ។
លោកថ្លែងថា៖ «យន្តការវាស់ស្រាបៀរ និងភេសជ្ជៈនេះសាមញ្ញណាស់។ ដោយសារតែអ្នកមានរង្វាស់ស្រាបៀរ និងភេសជ្ជៈរួចហើយ ហើយរង្វាស់ស្រាបៀរ និងភេសជ្ជៈដែលដំឡើងនេះ គឺគ្រាន់តែជាការបន្ថែមទៅលើរង្វាស់ស្រាបៀរ និងភេសជ្ជៈដែលមានស្រាប់តែប៉ុណ្ណោះ។ ទិន្នន័យទាំងអស់របស់ឧបករណ៍នេះនឹងត្រូវបញ្ជូនទៅការិយាល័យខ្ញុំ ដូច្នេះខ្ញុំអាចមើលឃើញ ហើយខ្ញុំចែករំលែកព័ត៌មាននៅក្នុងចំណោមមន្ដ្រីនៅនាយកដ្ឋានពន្ធដាររបស់ខ្ញុំសម្រាប់ការវាយតម្លៃ»។
លោកបន្តថា៖ «ក្រុមហ៊ុនទាំងអស់ត្រូវតែយល់ថា យើងគ្មានជម្រើសទេ។ អ្នកត្រូវតែមានការកែលម្អអភិបាលកិច្ចសាជីវកម្មរបស់អ្នកផងដែរ។ ប្រសិនបើអ្នកមិនមានការរក្សាការកត់ត្រាទុកបញ្ជិកាឱ្យបានត្រឹមត្រូវ តើការគ្រប់គ្រងរោងចក្រដ៏ធំដែលអ្នកបង្កើតឡើងនេះបានត្រឹមត្រូវដូចម្ដេច?»។
លោកបន្ថែមថា៖ «ខ្ញុំសន្យាថា នឹងធ្វើឱ្យប្រាកដថា គ្រប់គ្នាត្រូវតែគោរពតាមច្បាប់ក្នុងនាមជាអ្នកប្រកួតប្រជែងដោយស្មើភាព។ ខ្ញុំសូមអរគុណចំពោះការបន្តពង្រីកការវិនិយោគរបស់អ្នក [Heineken] និងបន្តធ្វើតួនាទីជាគំរូក្នុងនាមជាអ្នកបង់ពន្ធ ១ រូប»។
លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុន Heineken Cambodia បានឱ្យដឹងថា ការទទួលបានលិខិតសរសើរដែលបោះត្រាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកបង់ពន្ធលេខ ១ ក្នុងប្រទេសនេះ គឺដោយសារតែការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងជាពិសេសក៏ឆ្លុះបញ្ជាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ និងការរក្សានូវអាយុជីវិតរបស់ប្រជាជន។
លោកនិយាយថា៖ «ការរួមចំណែកបង់ពន្ធ គឺជាកត្តាចាំបាច់បំផុតដើម្បីជួយដល់ការស្ទុះងើបឡើងវិញសេដ្ឋកិច្ចរបស់ប្រទេស និងសុខុមាលភាពរបស់ប្រជាជន។ ក្រុមហ៊ុន Heniken ប្តេជ្ញាចិត្តក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការរួមចំណែកផ្សេងៗរបស់យើងចំពោះប្រទេសមួយនេះ។ យើងជឿថា ការដាក់ឧបករណ៍វាស់បរិមាណស្រាបៀរ និងភេសជ្ជៈ គឺមានភាពចាំបាច់ នឹងធានាបាននូវការបង់ពន្ធត្រឹមត្រូវ ស្មើភាព និងត្រូវបានប្រមូលដោយ GDT»។
លោកលើកឡើងថា៖ «ដូច្នេះយើងមានសេចក្តីសោមនស្សរីករាយ ដើម្បីខិតខំឱ្យអស់ពីសមត្ថភាពចំពោះ GDT លើបញ្ហានេះ។ យើងជឿថា ក្រុមហ៊ុនស្រាបៀរផ្សេងទៀតដែលទទួលខុសត្រូវពិតប្រាកដ និងមាននិរន្តរភាពធ្វើដូចគ្នានេះដែរ»។
កម្ពុជាបាននាំចូលស្រាបៀរ ស្រា និងស្រាសក្នុងតម្លៃ ១៧,៨៩ លានដុល្លារកាលពីឆ្នាំ ២០២០ ធ្លាក់ចុះ ៤៩,៧៨ ភាគរយធៀបនឹង ៣៥,៦១ លានដុល្លារកាលពីឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម។
នៅកម្ពុជាមានប្រតិបត្តិកររោងចក្រផលិតស្រាបៀរ និងភេសជ្ជៈចុះបញ្ជីចំនួន ១៣។ នេះបើតាមទិន្នន័យបានពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ LA