ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក គិត ម៉េង បានអះអាងថា ការអនុម័តដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី ពិតជាមានសារៈសំខាន់ និងចំពេល ខណៈប្រទេសកម្ពុជាត្រូវស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ដោយច្បាប់នេះនឹងរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាទាញយកផលប្រយោជន៍បានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ការថ្លែងរបស់លោក លោក គិត ម៉េង ធ្វើឡើងក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មី ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រោមកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដល់ថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រមាណ ៤០០ នាក់ ក្រោមអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក គិត ម៉េង បានបន្តថា៖ «ផ្នែកឯកជនមានការជឿជាក់យ៉ាងមុតមាំទៅលើច្បាប់ស្តីពីវិនិយោគនេះថា នឹងមានការអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតបានក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន និងប្រកបដោយភាពអំណោយផលការវិនិយោគ»។
លោក សុខ ចិន្តាសោភា បានលើកឡើងថា ច្បាប់វិនិយោគថ្មីត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលបង្កឡើងដោយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ច, បដិវត្តន៍ឧស្សាហកម្មទី៤, បរិវត្តឌីជីថល និងការរអាក់រអួលនៃខ្សែចង្វាក់តម្លៃសកល ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ ១៩។
លោកបញ្ជាក់ថា៖ «ច្បាប់វិនិយោគថ្មីនេះក៏បានគិតគូរដល់ការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមផងដែរ តាមរយៈការផ្តល់ការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព និងជំរុញការតភ្ជាប់ជាមួយសហគ្រាសខ្នាតធំ»។
លោកបន្ថែមថា ភាពជាដៃគូរវាងរដ្ឋាភិបាល និងផ្នែកឯកជនគឺជារឿងចាំបាច់ក្នុងការជួយឱ្យសេដ្ឋកិច្ចរីកលូតលាស់។
ច្បាប់ស្ដីពីវិនិយោគថ្មីនេះត្រូវបានតាក់តែងឡើងតាមការចង្អុលបង្ហាញនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ និងបានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងតាក់តែងឡើងយ៉ាងហ្មត់ចត់ដោយក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាប់តាំងពីឆ្នាំ ២០១៥ រហូតបញ្ចប់នៅចុងឆមាសទី១ ឆ្នាំ ២០១៩ ស្របតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី ១៨ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩។ ច្បាប់វិនិយោគថ្មីនេះត្រូវបានអនុម័តដោយរដ្ឋសភា កាលពីខែតុលាកន្លងមកនេះ។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការបណ្តាក់ទុនថ្មីៗនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនោះទេ ជាក់ស្តែងចាប់ពីខែមករា ដល់ខែសីហា មានគម្រោងវិនិយោគឯកជននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសត្រឹម ៧៥ គម្រោងប៉ុណ្ណោះដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ដោយបានធ្លាក់ចុះ ៣០ គម្រោង បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ គម្រោងថ្មីៗទាំងនេះបង្កើតការងារបានប្រមាណ ៥៧ ០០០ នាក់ ធ្លាក់ចុះ ៣២,៣ ភាគរយ និងមានទុនវិនិយោគ ១ ១០៦ លានដុល្លារ ធ្លាក់ ៥២,៥ ភាគរយ៕ LA