ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថ្លែងថា «អក្ខរកម្មឌីជីថល» កំពុងដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ពីវិបត្តិជំងឺកូវីដ ១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើឱ្យការគ្រប់គ្រង និងការអភិវឌ្ឍ ក្នុងពេលបច្ចុប្បន្ន និងអនាគតស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
ការថ្លែងបែបនេះត្រូវបានធ្វើឡើងដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩ នាពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជាកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក ថោង ខុន បាននិយាយថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាទំនាក់ទំនងរវាងកោសិកាគ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍។
លោកថ្លែងថា៖ «ជាការពិត ការគិតគូរពីអក្ខរកម្មឌីជីថល គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីបង្ហាញនូវជំហានថ្មីមួយក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បម្រើដល់ការគ្រប់គ្រង និង ការអភិវឌ្ឍវិស័យទេសចរណ៍ជាតិឱ្យមានការរីកចម្រើន»។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានប្រាប់ថា ដើម្បីជំរុញអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍ កម្ពុជាត្រូវបន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន។ លោកបន្តថារាល់អ្នកពាក់ព័ន្ធគឺត្រូវបន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គមសេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបានត្រូវស្រូបយក និងសម្របខ្លួននឹងបច្ចេកវិទ្យាថ្មីៗតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅអ៊ីនធឺណិត។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានប្រាប់ថា នៅពេលដែលមានការប្រើប្រាស់ និងការអនុវត្តបច្ចេកវិទ្យាក្នុងប្រទេសមានភាពទូលំទូលាយ វានឹងជួយសម្រួលដល់ប្រតិបត្តិការសេវាកម្មកក់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាកម្មផ្សេងៗទៀត ដែលបម្រើក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើន និងមួយទៀត បច្ចុប្បន្នបច្ចេកវិទ្យាស្មាតហ្វូនបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការប្រើប្រាស់សម្រាប់ទំនាក់ទំនងនានា ដើម្បីជួយជំរុញវិស័យទេសចរណ៍ផងដែរ។
លោកនិយាយថា៖ «ចំណេះផ្នែកបច្ចេកវិទ្យាតាមរយៈការបណ្តុះបណ្តាលនេះនឹងជួយដល់ការផ្សព្វផ្សាយផលិតផលសេវាកម្មទេសចរណ៍កម្ពុជាទៅដល់ដៃភ្ញៀវនៅក្នុងរយៈពេលខ្លី ដោយមិនចំណាយថវិកាច្រើន ព្រមទាំងជួយដល់ប្រតិបត្តិការសេវាកម្មជូនភ្ញៀវ មិនឱ្យមានការពិបាកទាក់ទង ឬសួរនាំច្រើនលើកច្រើនសានោះទេ»៕ LA