ភ្នំពេញៈ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៤ ៣៦៨,៨ លានដុល្លារ កើនឡើង ៥១,២៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមាន ២ ៨៨៨,២ លានដុល្លារ។ នេះបើតាមតួលេខក្រសួងពាណិជ្ជកម្ម។
តួលេខបង្ហាញថា ក្នុងរយៈពេលខាងលើការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ជាង ១១២,៣ លានដុល្លារ ថយចុះ ៩៥,៤៧ ភាគរយធៀបឆ្នាំមុនដែលមាន ២ ៤៧៨,១ លានដុល្លារ។ ដោយឡែកចំពោះការនាំចូលពីសិង្ហបុរីវិញ មានទឹកប្រាក់ជាង ៤ ២៥៦,៤៧ លានដុល្លារ កើនឡើង ៩៣៨,១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ៤១០ លានដុល្លារ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាទូទៅការដោះដូរពាណិជ្ជកម្ម តែងតែប្រែប្រួលជារឿងធម្មតា ដោយវាអាស្រ័យទៅលើតម្រូវការតិច ឬច្រើន ខណៈការនាំចូលកើនឡើងខ្លាំងបែបនេះ ដោយសារមុខទំនិញសំខាន់មួយចំនួនដូចជា ប្រេងឥន្ធនៈ កៅស៊ូក្រាលថ្នល់ សារធាតុគីមីឧស្សាហកម្ម គ្រឿងអគ្គិសនី និងភេសជ្ជៈ។
លោកថ្លែងថា៖ «មូលហេតុមិនធំដុំទេ ព្រោះការធ្វើពាណិជ្ជកម្មគឺដូចតម្លៃនៅលើទីផ្សារអ៊ីចឹង ថ្ងៃខ្លះលក់ដាច់បានច្រើន ថ្ងៃខ្លះលក់ដាច់បានតិច ហើយវាមិនអាចគ្រប់រឿងសុទ្ធតែជាបញ្ហា ឬរាល់ការប្រែប្រួលសុទ្ធតែជាបញ្ហានោះទេ»។
ចំពោះកំណើនទំហំពាណិជ្ជកម្មនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាននិយាយថា មួយរយៈចុងក្រោយនេះមានអ្នកវិនិយោគសិង្ហបុរីមកវិនិយោគនៅកម្ពុជាច្រើន គួបផ្សំនឹងកិច្ចព្រមព្រៀងលើកលែងពន្ធត្រួតគ្នាទើបបានជំរុញឱ្យមានកំណើនពាណិជ្ជកម្មបែបនេះ។
លោកបានបន្តថា កម្ពុជាឆ្លងកាត់សិង្ហបុរីច្រើន ហើយមួយទៀតដោយសារការនាំចេញរបស់កម្ពុជាភាគច្រើនជាផលិតផលកសិកម្ម ដូចនេះទើបទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីគឺមានចំនួនតិចតួចជាងការនាំចូល។
លោកបានបន្ថែមថា៖ «ទីផ្សារសិង្ហបុរីមិនធំទេ គឺត្រឹមតែជាប្រទេសសម្រាប់ទំនិញឆ្លងកាត់ប៉ុណ្ណោះ ដូច្នេះការនាំទៅសិង្ហបុរី ខ្ញុំជឿថាមិនមានប៉ុន្មាននោះទេ ម្យ៉ាងប្រជាជនគេតិច ហើយផលិតផលយើងភាគច្រើនគឺកសិកម្ម ដូច្នេះការនាំចេញទៅសិង្ហបុរីគឺមានទំហំតូច»។
លោកប្រាប់ថា មួយរយៈចុងក្រោយនេះមានក្រុមហ៊ុនសិង្ហបុរីមកវិនិយោគនៅកម្ពុជាច្រើន ភាគច្រើនផ្នែកសំណង់ ផ្នែកវាយនភណ្ឌកាត់ដេរ កសិកម្ម និងសណ្ឋាគារ ជាដើម៕LA