ភ្នំពេញៈ ប្រទេសជប៉ុនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់សម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ហើយក៏ជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ផងដែរ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងជប៉ុន លើកទី ១៩ ដែលមានការចូលរួមពីលោក Nakayama Norihiro រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដែលជាសហប្រធានកិច្ចប្រជុំ និងការចូលរួមរបស់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល ដែលប្រធាននៃកិច្ចប្រជុំនេះបានលើកឡើងថា ប្រទេសជប៉ុនកំពុងដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ដែលជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ សម្រាប់អាស៊ាន និងជាដៃគូឈានមុខក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការផ្តល់ធនធានយ៉ាងច្រើនក្នុងការគាំទ្រដល់ការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥។
លោកថ្លែងថា៖ «ក្នុងវិស័យដឹកជញ្ជូន ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុននាពេលនេះ បានឈានដល់កម្រិតនៃភាពចាស់ទុំ និងការយោគយល់ថ្មីមួយ ដោយសារការទំនាក់ទំនងទៅវិញ ទៅមកមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទំនាក់ទំនងកាន់តែរឹងមាំ និងទូលំទូលាយកំពុងត្រូវបានបង្កើតឡើងតាមរយៈការធ្វើសមាហរណកម្មស្ថាប័ន ដែលបង្ហាញឱ្យឃើញនូវការរីកចម្រើនលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដឹកជញ្ជូនសំខាន់ៗ»។
លោកលើកឡើងទៀតថា ជាការកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សកម្មភាព កម្មវិធី និងគម្រោងផ្សេងៗត្រូវបានអនុវត្តដោយជោគជ័យក្រោមក្របខ័ណ្ឌភាពជាដៃគូដឹកជញ្ជូនអាស៊ាន-ជប៉ុន (AJTP) ដោយផ្តោតជាសំខាន់លើសសរស្តម្ភសំខាន់ៗចំនួន ៤ គឺកិច្ចសម្រួលការដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងគុណភាព និងការអភិវឌ្ឍធនធានមនុស្ស៕