ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា លោក Park Heung-Kyeong បានសន្យានឹងខិតខំជួយជំរុញភ្ញៀវទេសចរកូរ៉េឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន ខណៈប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ពេញលេញដូចគ្នា ហើយប្រទេសកម្ពុជាក៏បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗជាច្រើនសម្រាប់ទាក់ទាញវិស័យទេសចរណ៍ផងដែរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក Park Heung-Kyeong បានប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា លើការបើកទទួលទេសចរណ៍អន្តរជាតិចាក់វ៉ាក់សាំងពេញលេញ និងបានសន្យាជួយជំរុញភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាបន្ថែមទៀត ដោយសារប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានអត្រាខ្ពស់ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញដូចគ្នា។
លោកបានថ្លែងថា៖ «ខ្ញុំសូមកោតសរសើរដល់ការរៀបចំរបស់ក្រសួងទេសចរណ៍ ជាពិសេសលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិកូវីដ ១៩ តាមរយៈការដាក់ចេញនូវផែនការមេ និងយុទ្ធសាស្ត្រថ្មីៗជាច្រើន»។
ក្នុងន័យស្តារវិស័យទេសចរណ៍ពីវិបត្តិជំងឺកូវីដ ១៩ ឡើងវិញ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានដាក់ចេញនូវផែនការ និងយុទ្ធសាស្ត្រថ្មីៗជាច្រើនដូចជា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី, យុទ្ធសាស្ត្របើកទេសចរណ៍ចាក់វ៉ាក់សាំង និងគោលនយោបាយទេសចរណ៍ផ្ទៃក្នុងជាដើម។
កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងលើកដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុងចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ មុននឹងបន្តទៅតំបន់សៀមរាបអង្គរនៅខែមករា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស បានជាង ៨០ ភាគរយហើយ។ តាមរយៈលទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍បានធ្វើឱ្យកម្ពុជាក្លាយជាមូលដ្ឋានប្រកបដោយភាពកក់ក្តៅក្នុងការបើកសេដ្ឋកិច្ចសង្គមជាជំហានៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបន្តថា កន្លងមកកម្ពុជាក៏ទទួលបានភាពជោគជ័យនៃការបើកទេសចរណ៍ផ្ទៃក្នុងផងដែរ ដោយមានការអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដែលដាក់ចុះដោយក្រសួងទេសចរណ៍ បន្ថែមលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ១៩ និងផែនការយុទ្ធសាស្ត្រដទៃទៀត ដែលមានស្រាប់ ដើម្បីឈានទៅការបើកប្រទេសទាំងមូលប្រកបដោយសុវត្ថិភាព។
លោកលើកឡើងថា៖ «លទ្ធផលនៃការបើកទេសចរណ៍ផ្ទៃក្នុង គឺជាការដកបទពិសោធន៍ក្នុងការបើកទទួលទេសចរអន្តរជាតិពេញលេញនាពេលខាងមុខ»៕