
ATM ឯកភាពគ្នាពង្រឹងការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ ១៩។ ហុង មិនា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧ (ATM) បានឯកភាពគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនផ្លូវអាកាសជាមួយប្រទេសជាដៃគូសន្ទនារបស់ខ្លួន ដូចជាកូរ៉េ ជប៉ុន ចិន អាមេរិក នូវែលសេឡង់ និងសហភាពអឺរ៉ុប ដើម្បីស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវីដ ១៩។
កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១១ ខែវិច្ឆិកា តាមរយៈប្រព័ន្ធវីដេអូ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែវិច្ឆិកាថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី ២៧ បានឯកភាពក្នុងការជំរុញឱ្យក្រុមការងារពាក់ព័ន្ធបន្តធ្វើការងារឆ្ពោះទៅរកការបញ្ចប់ដោយជោគជ័យ និងទទួលបានកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ (ASA) ជាមួយប្រទេសនូវែលសេឡង់ ជប៉ុន និងកូរ៉េ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងមានភាពសេរីកាន់តែច្រើនក្នុងទិដ្ឋភាព ដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាសរវាងអាស៊ាន និងដៃគូ។
លោកបន្តថា សម្រាប់ប្រទេសចិន អាស៊ានក៏បានស្វាគមន៍ចំពោះការអនុម័តសេចក្តីព្រាងកម្មវិធីសកម្មភាពឆ្នាំ ២០២១-២០២៥ នៃផែនការយុទ្ធសាស្ត្របច្ចុប្បន្នភាពសម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន និងបានប្រគល់ភារកិច្ចឱ្យឧត្តមមន្ត្រីពង្រឹងការសម្របសម្រួលជាមួយចិន ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការឱ្យមានប្រសិទ្ធភាពខ្ពស់។
ដោយឡែកជាមួយសហភាពអឺរ៉ុប អាស៊ាន កត់សម្គាល់ថា កិច្ចចរចាស្តីពីកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-អឺរ៉ុប (AE CATA) ត្រូវបានបញ្ចប់ដោយជោគជ័យនៅកិច្ចប្រជុំឧត្ដមមន្ត្រីដឹកជញ្ជូនវិសាមញ្ញអាស៊ាន-សហភាពអឺរ៉ុបដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២ មិថុនា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូ។
ចំណែកអាមេរិក អាស៊ានកំពុងទន្ទឹងរង់ចាំការអនុម័តលក្ខខណ្ឌយោង (TOR) និងផែនការការងារអាស៊ាន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូន នៅឯកិច្ចសន្ទនាឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន-អាមេរិក លើកទី ១ នៅឆ្នាំ ២០២២ ខាងមុខ។
លោកបានថ្លែងថា៖ «សម្រាប់ខ្ញុំយល់ឃើញថាមានតែការដឹកជញ្ជូនតាមផ្លូវអាកាសទេដែលជាចំណុចខ្លាំង បន្ទាប់មកការដឹកជញ្ជូនតាមនាវាសមុទ្រ ដែលត្រូវតភ្ជាប់នៅក្នុងតំបន់អាស៊ាន និងប្រទេសជាដៃគូ។ ការដឹកជញ្ជូនតាមផ្លូវអាកាស បានផ្តល់ចំណូលដល់សេដ្ឋកិច្ចយ៉ាងច្រើន ព្រោះវិស័យអាកាសចរណ៍ខ្លាំងដោយសារទេសចរប៉ុន្តែដោយសារជំងឺកូវីដ ១៩ វាបានថយចុះទាំងអស់»។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី ឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានជាមួយបណ្តាប្រទេសដៃគូអាស៊ានដែលកម្ពុជាជាអ្នករៀបចំ បានពង្រឹងវិស័យដឹកជញ្ជូនរួមមានផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ និងទៅមុខនឹងមានផ្លូវដែកទៀត។
លោកបន្តថា ជាមួយគ្នានេះកម្ពុជាដែលជាសមាជិកអាស៊ានក៏ជាចំណែកមួយ និងមានសក្តានុពលផងដែរលើវិស័យដឹកជញ្ជូន ពិសេសវិស័យអាកាសចរណ៍។ មួយទៀតការដឹកជញ្ជូនតាមផ្លូវគោក ក៏ត្រូវតែមានផែនការដើម្បីធ្វើយ៉ាងណាឱ្យមានភាពប្រកួតប្រជែងខ្លាំងទៅថ្ងៃអនាគត។
លោកថ្លែងថា៖ «ការដឹកជញ្ជូនតាមផ្លូវអាកាសមិនមែនដឹកតែទំនិញនោះទេ ប៉ុន្តែក៏មានការដឹកជញ្ជូនទេសចរ ដែលនឹងផ្តល់នូវផាសុកភាព និងភាពងាយស្រួល ព្រមជាមួយការតភ្ជាប់ក្នុងសហគមន៍អាស៊ានផងដែរ»៕ LA