ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនូវគម្រោងវិនិយោគចំនួន ១៥ ដែលមានតម្លៃសរុប ៥៤៩,១ លានដុល្លារ និងបង្កើតការងារបាន ១៣ ៩៥២ កន្លែង នៅក្នុងរយៈពេល ២ សប្តាហ៍ដំបូងនៃខែវិច្ឆិកា។
យោងតាមសេចក្តីប្រកាសព័ត៌មាន CDC គម្រោងវិនិយោគទាំង ១៥ នោះ គឺមានគម្រោងធំៗមួយចំនួន ដូចជា គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន R M A Automotive (Cambodia) Co., Ltd នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ទុនវិនិយោគ ២១ លានដុល្លារ, គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងចក្រ រថយន្តសណ្តោង និងរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទរបស់ក្រុមហ៊ុន EM Automobile Co., Ltd នៅស្រុកស្រែអំបិល ខេត្តកោះកុង មានទុនវិនិយោគ ១៦,៣ លានដុល្លារ, គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃរបស់ក្រុមហ៊ុន Schneitec Western Co., Ltd ទុនវិនិយោគ ១១១ លានដុល្លារ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវរបស់ក្រុមហ៊ុន Schneitec Northern Co., Ltd មានទុនវិនិយោគ ៣៣០ លានដុល្លារ។ ចំណែកគម្រោងផ្សេងទៀតរួមមានវិស័យកាត់ដេរ និងរោងចក្រកែច្នៃផ្លែឈើ រោងចក្រផលិតទឹកបរិសុទ្ធ ជាដើម។
អនុប្រធានសភាពាណិជ្ជកម្ម-កម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៥ ខែវិច្ឆិកាថា ការអនុម័តគម្រោង និងទុនវិនិយោគក្នុងចំនួនច្រើនបែបនេះ គឺបញ្ជាក់ពីទំនុកចិត្ត និងភាពរឹងមាំនៃទីផ្សារដែលវិនិយោគិនសម្លឹងឃើញពីការបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាប្រទេសមានស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ពិសេសប្រទេសចិន ដែលជាទីផ្សារមានប្រជាជនច្រើនជាងគេលើពិភពលោក។ លោកបន្តថា អ្វីដែលពិសេសនាពេលនេះ គឺការចូលមកបណ្តាក់ទុនកាន់តែច្រើនលើឧស្សាហកម្មធុនមធ្យម និងធ្ងន់ ហើយចំនួននេះនឹងបន្តកើនឡើងទៀតចាប់ពីពេលនេះតទៅ។
លោកថ្លែងថា៖ «ការប្រកាសបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមស្ទើរទាំងស្រុងឡើងវិញពីសំណាក់ប្រមុខរដ្ឋាភិបាលចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ក៏ជាកម្លាំងចលករបន្ថែមទៀតដែលនឹងធ្វើឱ្យវិនិយោគិនកាន់តែច្រើនបញ្ចេញទុននៅកម្ពុជា»។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បាននិយាយថា មានកត្តារួមផ្សំជាច្រើនធ្វើឱ្យកម្ពុជាទទួលបានកំណើននៃការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់ ដែលរួមមានភាពល្អប្រសើរ និងអំណោយផលនៃស្ថិរភាពនយោបាយ, ភូមិសាស្ត្រ, ទំនាក់ទំនងការទូត, ច្បាប់វិនិយោគថ្មីៗ, មានតំបន់សេដ្ឋកិច្ចពិសេសច្រើន និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ លោកបន្តថា ក្រៅពីលក្ខណៈអំណោយផលទាំងនេះ កម្ពុជាក៏កំពុងពង្រឹងសមត្ថភាពកម្លាំងពលកម្ម ដើម្បីឆ្លើយតបនឹងតម្រូវការរបស់រោងចក្រសហគ្រាសនានា ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគីត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់។
លោកអះអាងថា៖ «កំណើននៃការបណ្តាក់ទុនថ្មីៗនេះ គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមចំណែកស្តារកំណើនសេដ្ឋកិច្ចជាតិក្នុង និងក្រោយវិបត្តិជំងឺកូវីដ ១៩»។
បើយោងតាមលោក វណ្ណៈ តួលេខនៃកំណើនវិនិយោគក៏ជាសូចនាករមួយក្នុងការបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគផ្សេងទៀតឱ្យងាកមកចាប់អារម្មណ៍បញ្ចេញទុនវិនិយោគនៅកម្ពុជាផងដែរ។
យោងតាមការគណនារបស់ភ្នំពេញប៉ុស្តិ៍ចំពោះគម្រោងដែលត្រូវបាន CDC អនុម័ត ហើយបង្ហោះនៅលើហ្វេសប៊ុកផ្លូវការចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២១ មានចំនួន ៧០ ជាមួយទុនវិនិយោគសរុប ២ ៤២៨ លានដុល្លារ ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងផ្គុំអគ្គិសនី គ្រឿងផ្គុំទោចក្រយាន គ្រឿងសង្ហារិម វិស័យថាមពលអគ្គិសនី និងបដិសណ្ឋារកិច្ចជាដើម៕ LA