ភ្នំពេញៈ ទោះបីការរីករាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច ក៏ការប្រមូលចំណូលពន្ធដារមិនបានរងផលប៉ះពាល់ខ្លាំងទេ ដែលនេះឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការពង្រឹងអភិបាលកិច្ចពន្ធ និងតម្លាភាពក្នុងការបង់ពន្ធ។ នេះបើយោងតាមការលើកឡើងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT)។
សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធរយៈពេល ១០ ខែ ឆ្នាំ ២០២១ បានឱ្យដឹងថា ការប្រមូលចំណូលពន្ធដារក្នុងរយៈពេល ១០ ខែឆ្នាំ ២០២១ សម្រេចបាន ២ ៣១៥,៥៥ លានដុល្លារស្មើនឹង ១០៣,២៣ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ បើធៀបនឹងចំណូលពន្ធអាករ នៅក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០ ឃើញថា ថយចុះចំនួន ១២៣,៣៤ លានដុល្លារ ឬស្មើនឹង -៥,០៥ភាគរយ។
ដោយឡែកការប្រមូលចំណូលក្នុងខែតុលាសម្រេចបាន ២០៨,០៥ លានដុល្លារ ស្មើនឹង ៩,២៨ ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។ បើធៀបនឹងចំណូលពន្ធអាករប្រចាំខែតុលា ឆ្នាំ ២០២០ ឃើញថា កើនឡើង ១២,៥២ លានដុល្លារ ស្មើនឹង ៦,០ ភាគរយ។
លោក គង់ វិបុល កាលពីសប្តាហ៍មុនបានថ្លែងថា៖ «ខ្ញុំទទួលស្គាល់ថា វាចុះ ប៉ុន្តែវាមិនអាក្រក់ទេ។ នៅក្នុងឆ្នាំ ២០២១ នេះ ឃើញថា ពន្ធលើប្រាក់ចំណូលមានការថយចុះបន្តិចជាងឆ្នាំ ២០២០ ដោយសារតែវិស័យមួយចំនួនរដ្ឋបានអនុញ្ញាតលើកលែងពន្ធ ឧទាហរណ៍ដូចជា វិស័យធនាគារដែលចូលទៅក្នុងផ្សារភាគហ៊ុន គឺរដ្ឋបានលើកលែងពន្ធខ្លះដែលជាហេតុធ្វើឱ្យចំណូលពន្ធមានការថយចុះខ្លះ ប៉ុន្តែមិនអាក្រក់ជាងឆ្នាំ ២០២០ នោះទេ បើគិតទៅថយប្រហែលជា ១០ ទៅ ២០ លានដុល្លារ គឺមិនអាក្រក់ទេ»។
លោកបានបន្តថា ឆ្នាំ ២០២១ នេះគឺជាស្ថានការណ៍អាក្រក់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា ដោយសារការផ្ទុះរីករាលដាលជំងឺកូវីដ ១៩ បានរហូតឈានទៅដល់ការបិទខ្ទប់ក្នុងខែមេសា ធ្វើឱ្យអាជីវកម្មបិទស្ទើរតែទាំងអស់ ដែលវាជាកត្តាចម្បងប៉ះពាល់ដល់ការកៀរគរពន្ធ។ ប៉ុន្តែជាមួយនឹងការត្រៀមទុកជាមុនក្នុងការធ្វើទំនើបកម្មនៃការបង់ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា បានជួយសម្រួលដល់អ្នកបង់ពន្ធ ដោយមិនចាំបាច់មកដោយផ្ទាល់។
«ខ្ញុំសូមបញ្ជាក់ថា ដោយសារការកែទម្រង់របស់យើងតាមរយៈការពង្រឹងអភិបាលកិច្ចល្អ ការកែទម្រង់តម្លាភាពឱ្យមានប្រព័ន្ធ E-filing, E-Vat crossed check, e-payment ការបង់ពន្ធតាមប្រព័ន្ធធនាគារនេះ គឺជាតម្លាភាពមួយដែលប្រាក់ពន្ធមិនលេច មិនបាត់ គឺយើងព្យាយាមធ្វើឱ្យប្រាក់ចំណូលពន្ធមិនលេច គឺយើងបានបិទឱ្យហូរចូលក្នុងច្រកតែមួយគឺរដ្ឋាភិបាល។ ដូច្នេះទាំងរដ្ឋ និងវិស័យឯកជនត្រូវពង្រឹងអភិបាលកិច្ចល្អ ដែលជាកត្តាធ្វើឱ្យរក្សាបានស្ថិរភាពនៃចំណូល»។ នេះបើយោងតាមការបញ្ជាក់របស់លោក គង់ វិបុល។
យោងតាមអគ្គនាយកដ្ឋានពន្ធដារ លទ្ធផលនៃការប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១០ ខែ ឆ្នាំ ២០២១ ទោះបីមិនទាន់ល្អប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក៏ប៉ុន្តែវានៅតែអាចមានស្ថានភាពល្អប្រសើរ ដោយសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
ក្នុងឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារ ស្មើនឹង ៣,៧៣ ភាគរយធៀបនឹងឆ្នាំ ២០១៩៕ LA