ភ្នំពេញៈ ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េប្រចាំកម្ពុជាលោក Park Heung-Kyeoung មានសុទិដ្ឋិនិយមថា ការដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ស្របពេលប្រទេសទាំង ២ គ្រោងនឹងអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខនឹងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការលើកកម្ពស់ការដោះដូរទំនិញទ្វេភាគី និងលំហូរវិនិយោគទុនផ្ទាល់ (FDI) ពីកូរ៉េមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។
ការលើកឡើងរបស់មន្ត្រីទូតរូបនេះធ្វើឡើងនាអំឡុងពេលដែលរូបលោកចូលរួមកិច្ចប្រជុំវេទិកាកម្ពុជា-កូរ៉េ ឆ្នាំ ២០២១ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងភ្នាក់ងារជំរុញវិនិយោគិន និងពាណិជ្ជកម្មកូរ៉េ (KOTRA) កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដល់វិនិយោគិនកូរ៉េប្រមាណ ១០០ នាក់។
លោក Park Heung-Kyeoung បានលើកឡើងពីទំនាក់ទំនងការទូតល្អរវាងប្រទេសទាំង ២ ដែលត្រូវបានលើកកម្ពស់ជាលំដាប់ចាប់តាំងពីការផ្សារភ្ជាប់ឡើងវិញនៅក្នុងឆ្នាំ ១៩៩៧ ដែលធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់។
លោកនិយាយថា៖ «ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េរួមជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ ពិតជានឹងមានកំណើនកាន់តែខ្ពស់ជាក់ជាមិនខាន»។
បើតាមលោក Park ទំហំពាណិជ្ជកម្មប្រទេសទាំង ២ កាលពីឆ្នាំ ២០១៩ សម្រេចបានជាង ១ ពាន់លានដុល្លារ ខណៈប្រទេសកូរ៉េ គឺជាអ្នកវិនិយោគធំជាងគេទី ២ នៅកម្ពុជាដោយបានបណ្តាក់ទុនជិត ៧ ពាន់លានដុល្លារ គិតពីឆ្នាំ ១៩៩៧ មកដល់បច្ចុប្បន្ន។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានសម្តែងការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDC និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានតាក់តែងច្បាប់វិនិយោគថ្មីនេះឡើង និងទទួលបានការឡាយព្រះហត្ថលេខារបស់ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្របពេលដែលកម្ពុជា-កូរ៉េកំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកលបណ្តាលមកពីកូវីដ ១៩។
លោកស្រីថ្លែងថា៖ «ការដាក់ចេញនូវច្បាប់វិនិយោគថ្មី និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េកាលពីចុងខែកន្លងទៅ បានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំង ២ នឹងកើនឡើងមួយកម្រិតទៀត ដែលនឹងចូលរួមលើកកម្ពស់ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ ១៩»។
អគ្គលេខាធិការ CDC លោក សុក ចិន្តាសោភា បានឱ្យដឹងថា សហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជាតាមរយៈស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា KOTRA និងភាគីពាក់ព័ន្ធបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង ២។
លោកថ្លែងថា៖ «ជាមួយនឹងច្បាប់វិនិយោគថ្មីនេះ ខាងភាគីកូរ៉េនឹងបន្តជួយធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ធុរជន និងវិនិយោគិនកូរ៉េ ដើម្បីពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគកាន់តែច្រើនបន្ថែមទៀត»។
លោកបន្តថា ការវិនិយោគរបស់កូរ៉េនាពេលកន្លងមកគឺបានផ្តោតទៅស្ទើរគ្រប់វិស័យ ដែលមានវិស័យចម្បងៗដូចជា កសិកម្ម វាយនភណ្ឌ ដំឡើងរថយន្ត ធនាគារ ផ្សារមូលបត្រ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសទាំង ២ ក្នុងការបង្កើនលំហូរពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីភាគីទាំង ២ ជូនដំណឹងឱ្យគ្នាទៅវិញទៅមក តាមរយៈការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងសម្រាប់ការផ្តល់សច្ចាប័ន៕ LA