ភ្នំពេញៈ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលប្រកាសពីការបញ្ឈប់ការកំណត់ចំនួនអ្នកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ដោយគ្រាន់តែតម្រូវឱ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនោះ សកម្មភាពអាជីវកម្មនានាពាក់ព័ន្ធនឹងពិធីនេះ ដូចជា ផ្នែកចុងភៅ សម្អាងការ និងមជ្ឈមណ្ឌលសម្រាប់រៀបចំមង្គលការ ជាដើម បានចាប់ផ្តើមមានឡើងវិញជាបណ្តើរៗ ដែលជាការឆ្លុះបញ្ចាំងអំពីការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា បានប្រកាសអនុញ្ញាតឱ្យម្ចាស់ដើមការអាចរៀបចំពិធីមង្គលការ ដោយមានមនុស្សចូលរួមមិនកំណត់ ប៉ុន្តែត្រូវគោរពវិធានការសុខាភិបាលឱ្យម៉ឺងម៉ាត់ ដោយលោកបានចាត់ទុកថានេះជាការបើកទូលាយបន្ថែមទៀត សម្រាប់ការបើកប្រទេសឡើងវិញ។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់ដើមការ ត្រូវពិនិត្យឱ្យបានច្បាស់ចំពោះអ្នកចូលរួមពិធីអាពាហ៍ពិពាហ៍ ដោយអញ្ជើញតែមនុស្សណាដែលបានចាក់វ៉ាក់សាំង ២ ដូសរួចហើយ ប៉ុន្តែករណីអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារការហាមឃាត់របស់គ្រូពេទ្យមិនមែនជាបញ្ហានោះទេ។
លោកថា៖ «អ្នកគេចវេះពីការចាក់វ៉ាក់សាំង មិនគួរគប្បីលើកទឹកចិត្តឱ្យមានការចូលរួមក្នុងអាពាហ៍ពិពាហ៍ទេ ដែលអាចទៅជាភ្នាក់ងារចម្លងក្នុងអាពាហ៍ពិពាហ៍នោះ»។
លោក ទូច រដ្ឋា អ្នកគ្រប់គ្រងទូទៅហាងចុងភៅ សេង ហុកហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែវិច្ឆិកាថា ចាប់តាំងពីខែតុលាមកខាងចុងភៅ សេង ហុកហេង បានទទួលការកក់ជាបណ្តើរៗជាលក្ខណៈសែន ១ ព្រឹក រហូតដល់មានការប្រកាសបើកឱ្យមានការរៀបចំអាពាហ៍ពិពាហ៍ថែមទៀត។ ការកក់សម្រាប់ពិធីមង្គលការបានកើនឡើង ១០ ដង។
លោកបានបន្ថែមថា៖ «ការកក់នៅពេលនេះបានកើនឡើងគំហុក បើយើងនិយាយទៅគឺកើនខ្លាំងគឺប្រមាណ ១០ ដងបើធៀបនឹងកាលពីមិនទាន់ប្រកាសបើកឡើងវិញ ព្រោះពីមុនមកអ្នកដែលមានគម្រោងក៏មិនទាន់ហ៊ានគិតគូរអីដែរ ដោយសារមិនដឹងថា ស្ថានភាពបែបណា ប៉ុន្តែឥឡូវយើងដឹងស្ថានភាពច្បាស់ទៅៗគឺមានការបើកទូលាយ ទោះមិនសេរី តែក៏ក្នុងបើកលក្ខណៈមានវិធានការការពារត្រឹមត្រូវ»។
អាជីវកម្មអគារជួលរៀបចំពិធីមង្គលការក៏មើលឃើញនូវកំណើនតម្រូវការផងដែរ។
លោក ទេ វង្ស អ្នកទទួលរៀបចំការកក់នៅមជ្ឈមណ្ឌលរៀបចំអាពាហ៍ពិពាហ៍ លាភ មង្គល ក្នុងខណ្ឌពោធិ៍សែនជ័យបាននិយាយថា នៅក្នុងរយៈពេលជាង ១ ខែចុងក្រោយនេះ មជ្ឈមណ្ឌលលាភមង្គលដែលមានអគារចំនួន ៣ និងផ្ទុកអ្នកចូលរួមបានជាង ៥០០ ក្នុង ១ អគារ បានទទួលការកក់ច្រើនជាពិសេសសម្រាប់ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ។
លោកបញ្ជាក់ថា៖ «អគារយើងមានភាពធំទូលាយ អ៊ីចឹងយើងអាចរៀបចំភ្ញៀវពីមួយតុទៅមួយ ដោយមានទុកចន្លោះពី ១ ម៉ែត្រកន្លះទៅ ២ ម៉ែត្រ យើងក៏តម្រូវឱ្យភ្ញៀវគាត់មានអាល់កុលតាមខ្លួនដែរ។ មានអតិថិជនទាក់ទងកក់កន្លែងជាន់គ្នាច្រើនដែរ។ មួយវិញទៀតដោយសារស្រុកយើងមានអ្នកចាក់វ៉ាក់សាំងច្រើនដែរ ហើយស្ថានការណ៍ក៏ប្រសើរឡើងច្រើន អ៊ីចឹងខ្ញុំគិតថា ឆ្នាំក្រោយអាចបើកទូលំទូលាយជាងហ្នឹងទៀត»។
ម្ចាស់សម្អាងការប្រណីតនារី អ្នកស្រី ថម ថានី បានប្រាប់ថា មានអតិថិជនជាច្រើនបានមករកសេវាកម្មរបស់អ្នកស្រី និងមានមួយចំនួនបានស្នើសុំប្តូរពីការរៀបពិធី ១ ព្រឹក ទៅពេញ ១ ថ្ងៃវិញ បូករួមនឹងការកក់ថ្មីក៏មានច្រើនគួរសមដែរ។
អ្នកស្រីនិយាយថា៖ «ពេលសម្តេចប្រកាសបើក ឥឡូវមានភ្ញៀវមកកក់ច្រើន គ្រាន់តែមានអ្នកកក់ ១ ព្រឹកសិន តែសម្រាប់អ្នកគម្រោងរៀបចំពិធីនៅខែក្រោយៗទៀត បានសុំប្តូរពីរៀបចំពិធីតែ ១ ព្រឹកទៅរៀបចំពិធីពេញ ១ ថ្ងៃវិញ»។
អ្នកស្រីបន្តថា មានភ្ញៀវខ្លះទៀតជួបបញ្ហា ដោយសារតែការកក់ជួលទីតាំងអគាររៀបចំមង្គលការមានច្រើន ហើយជាន់ថ្ងៃគ្នា ធ្វើឱ្យអតិថិជនខ្លះមានភាពស្ទាក់ស្ទើរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១២ ខែវិច្ឆិកា បានអនុញ្ញាតឱ្យមានការចូលរួមក្នុងពិធីមង្គលការ និងពិធីសាសនាផ្សេងៗដោយមិនកំណត់ចំនួន ប៉ុន្តែត្រូវគោរពឱ្យបានហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និងដើម្បីការពារសុវត្ថិភាព៕LA