ភ្នំពេញ៖ វៀតណាម និងកម្ពុជានឹងសហការគ្នារៀបចំពិធីតាំងពិព័រណ៍ជា Vietnam Defence –Economic Exposition 2021 (VIDEX) តាមរយៈអនឡាញ ជាលើកដំបូងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
ក្រសួងពាណិជ្ជកម្មក្នុងនាមជាអ្នកសម្របសម្រួលជាមួយស្ថានទូតវៀតណាម ក៏ដូចជាគណៈកម្មការរៀបចំពិព័រណ៍ VIDEX បានអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលធ្វើធុរកិច្ចលើផ្នែកសិប្បកម្ម សេវាកម្ម និងឧស្សាហកម្ម អាចចូលក្នុងការតាំងព័រណ៍នេះបាន ដើម្បីជំរុញកិច្ចសហការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ វៀតណាម-កម្ពុជា។
លោក លី បិនឆុង (Le Bien Cuong) ទ្រីប្រឹក្សានៃពិព័រណ៍ VIDEX នេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃ ១៧ វិច្ឆិកានេះថា បច្ចុប្បន្នក្រុមការងាររស់លោក និងក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងមមាញឹកក្នុងការរៀបចំពិព័រណ៍ ព្រោះថាមានក្រុមហ៊ុនខ្លះបានទាក់ទងមកបណ្តើរៗហើយ។
លោកបានបន្ថែមថា ដោយសារតែវៀតណាម និងកម្ពុជា ទើបតែរៀបចំពិព័រណ៍តាមរយៈអនឡាញជាលើកដំបូង ដូចនេះជួបការលំបាកច្រើនដែរ។ យ៉ាងណាមិញ លោករំពឹងថា ទោះពិព័រណ៍នេះត្រូវរៀបចំតាមអនឡាញក៏ដោយ តែនឹងនៅមានក្រុមហ៊ុនច្រើនចូលរួមដដែល។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមសម្រេចបានជាង ៦ ពាន់លានដុល្លារក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ កើនជាង ១០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ១ ខែកញ្ញា។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថាសព្វថ្ងៃវៀតណាម និងកម្ពុជាគឺជាដៃគូដែលអាចជឿទុកចិត្តបានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលឈរលើមូលដ្ឋានសមភាពប្រសិទ្ធភាព និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនទាំង ២។
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបន្តថាក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាសម្រេចបាន ៦០៣៤ ពាន់លានដុល្លារកើនឡើង ១០៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
ក្នុងនោះទំនិញវៀតណាមនាំចេញមកកម្ពុជាមានតម្លៃជាប្រាក់ ២ ៧៧៣ ពាន់លានដុល្លារកើនឡើង ១៨,៣ ភាគរយ ខណៈទំនិញកម្ពុជានាំចេញទៅវៀតណាមវិញមានតម្លៃ ៣ ២៦១ ពាន់លានដុល្លារកើនឡើង ៤៥២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជានាំចេញទំនិញទៅវៀតណាមក្នុងតម្លៃ ៣៨៥,៧៩ លានដុល្លារកាលពីឆ្នាំ ២០២០ កើន ១៤,៨៨ ភាគរយធៀបនឹង ៣៣៥,៨២ លានដុល្លារកាលពីឆ្នាំ ២០១៩។ ទោះយ៉ាងណាការនាំទំនិញពីប្រទេសវៀតណាមមកកម្ពុជាវិញបានធ្លាក់ចុះ ៣,១៩ ភាគរយដោយមានតម្លៃ ២,៦៣៤ ពាន់លានដុល្លារធៀបនឹង ២,៧១៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕