ភ្នំពេញៈ កម្ពុជាទទួលបានប្រាក់ជាង ២៨៣ លានដុល្លារពីការនាំចេញផលិតផលទៅទីផ្សារប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ ថយចុះ ១១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈការនាំចូលមានតម្លៃជាង ៥០៨ លានដុល្លារ ថយចុះ ១១ ភាគរយផងដែរ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យទើបចេញផ្សាយរបស់ Kita ឱ្យដឹងថាវិបត្តិនៃការឆ្លងរាលដាលជំងឺផ្តាសាយសកលកូវីដ ១៩ បានធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ រយៈពេល ១០ ខែឆ្នាំ ២០២១ មានតម្លៃសរុប ៧៩១,៥៩ លានដុល្លារ ធ្លាក់ចុះពីចំនួន ៨៨៥,៣២ លានដុល្លារ ឬស្មើនឹង ១០,៥៨ ភាពរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ដោយក្នុងនោះការនាំចេញពីកម្ពុជាទៅប្រទេសកូរ៉េមាន ២៨៣,០៨ លានដុល្លារ ធ្លាក់ចុះ ១១ ភាគរយពីចំនួន ៣១៨,១១ លានដុល្លារ និងការនាំចូលពីប្រទេសកូរ៉េ មាន ៥០៨,៥១ លានដុល្លារធ្លាក់ចុះ ១១,៥ ភាគរយពីចំនួន ៥៦៧,២១ លានដុល្លារ។
ដោយឡែកសម្រាប់ពាណិជ្ជកម្មទ្វេភាគីក្នុងខែតុលា ឆ្នាំ ២០២១ គឺមានទឹកប្រាក់សរុប ៧២,៥ លានដុល្លារ កើនឡើង ២,១៩ ភាគរយពី ៧០,៩៥ លានដុល្លារ នាខែតុលា ឆ្នាំ ២០២០។ សម្រាប់ការនាំចេញពីកម្ពុជា មានទឹកប្រាក់ ២៣,៦៣ លានដុល្លារកើនឡើង ១២,៩២ ភាគរយ និងការនាំចូល ៤៨,៨៦ លានដុល្លារ ធ្លាក់ចុះ ២,៣ ភាគរយពី ៥០,០២ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៦ ខែវិច្ឆិកាថា មូលហេតុធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ ធ្លាក់ចុះគឺការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលទាញទម្លាក់ប្រាក់ចំណូលគ្រួសារ កំណើនសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់ផលិតផលគ្រប់ផ្នែក។
លោកបន្តថា ម្យ៉ាងទៀតផលិតផលដែលប្រទេសទាំង ២ ផលិតមួយចំនួនក៏មានលក្ខណៈស្រដៀងគ្នា។ ចំណុចនេះទាមទារឱ្យកម្ពុជាត្រូវធ្វើពិពិធកម្មលើផលិតកម្មរបស់ខ្លួនឱ្យមានលក្ខណៈចម្រុះបន្ថែមទៀត។
លោកថ្លែងថា៖ «ឧបសគ្គនៃការធ្វើដំណើរ និងដឹកជញ្ជូនដែលកើតឡើងពីឥទ្ធិពលនៃការឆ្លងរាលដាលកូវីដ-១៩ បានធ្វើឱ្យការបញ្ជាទិញរវាងកម្ពុជា និងកូរ៉េ ធ្លាក់ចុះរៀងៗខ្លួន»។
លោកលើកឡើងទៀតថា ទោះយ៉ាងណាបើគេពិនិត្យមើលលើទិន្នន័យនាំចេញ-នាំចូលរវាងប្រទេសទាំង ២ នាខែចុងក្រោយនេះ ឃើញថា ចាប់ផ្តើមកើនឡើងវិញបណ្តើរហើយ។ ចំនួននេះនឹងកើនឡើងខ្លាំងនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចុះហត្ថលេខារួមគ្នាកាលពីចុងខែតុលាកន្លងមក ចូលជាធរមាន។
កម្ពុជា និងកូរ៉េ កាលពីចុងខែតុលា ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាតាមតាមប្រព័ន្ធអនឡាញ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចខាងលើបានអះអាងទៀតថា៖ «ការសម្រេចរបស់កម្ពុជាក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ក៏នឹងរួមចំណែកធ្វើឱ្យកំណើនពាណិជ្ជកម្មកម្ពុជា កូរ៉េ ងើបឡើងមួយកម្រិត មុននឹងស្ទុះឡើងខ្លាំងពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីខែកញ្ញាថា កិច្ចព្រមព្រៀងសេរីនេះ (CKFTA) នឹងបង្កើតឱកាសសម្រាប់ការនាំចេញទំនិញកម្ពុជាមួយចំនួនទៅប្រទេសកូរ៉េ ដែលមានដូចជា ផលិតផលកសិផល កសិឧស្សាហកម្ម សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់ គ្រឿងផ្គុំអេឡិចត្រូនិក និងផលិតផលឧស្សាហកម្មធុនស្រាល។ កិច្ចព្រមព្រៀងនេះក៏នឹងជួយសម្រួលដល់ការនាំចូលគ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងបន្លាស់រថយន្ត ព្រមទាំងវត្ថុធាតុដើម គ្រឿងម៉ាស៊ីន និងឧបករណ៍ផ្សេងទៀតដែលត្រូវការសម្រាប់ឧស្សាហកម្មកម្ពុជា។
លោកលើកឡើងថា៖ «កិច្ចព្រមព្រៀង FTA នឹងផ្តល់ការរួចពន្ធដល់ទំនិញកម្ពុជាជាង ១ ម៉ឺនមុខ ទៅកាន់កូរ៉េ»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េមានចំនួន ៨៨៤,៨៨ លានដុល្លារក្នុងឆ្នាំ ២០២០ ធ្លាក់ចុះ ១៧,៧៧ ភាគរយធៀបនឹងឆ្នាំ ២០១៩ ក្នុងនោះការនាំចេញរបស់កម្ពុជាមានតម្លៃជាង ៣១៧ លានដុល្លារ ធ្លាក់ចុះ ៥,៤ និងការនាំចូលជាង ៥៦៧ លានដុល្លារធ្លាក់ចុះ ១៨,៦ ភាគរយ។ នេះបើ យោងតាម Kita៕ LA