ភ្នំពេញៈ សកម្មភាពនៃការនាំចេញ-នាំចូល របស់តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ (SSEZ) ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានតម្លៃប្រមាណជាង ១,៧ ពាន់លានដុល្លារ កើនឡើងជិត ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមទិន្នន័យពី SSEZ។
ទិន្នន័យចេញផ្សាយក្នុងថ្ងៃទី ១៧ ខែវិច្ឆិកា នេះឱ្យដឹងថា ចាប់ពីខែមករា ដល់ដំណាច់ខែតុលា ឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ (SSEZ) ទទួលបានបរិមាណនាំចូល និងនាំចេញសរុប ១ ៧៦៧ លានដុល្លារអាមេរិក កើនឡើង ៣៨,៨១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។
SSEZ បានបញ្ជាក់ថា៖ «តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុកំពុងអភិវឌ្ឍឱ្យស្ថិតស្ថេរ ដោយផ្តោតលើការការពារជំងឺរាតត្បាតនៅលើដៃម្ខាង និងធានាការផលិតនៅលើដៃម្ខាងទៀត»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនវិនិយោគលើការផលិត និងវិធានប្រយុទ្ឌប្រឆាំងនឹងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាដែលជំរុញធ្វើឱ្យការនាំចេញ និងនាំចូលរបស់ SSEZ កើនឡើងជាបន្តបន្ទាប់។ ចំនួននេះនឹងកើនឡើងខ្ពស់បន្ថែមទៀតចាប់ពីពេលនេះតទៅ ខណៈពេលដែលរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញស្ទើរ ១០០ ភាគរយហើយនាពេលនេះ។
លោកអះអាងថា៖ «ស្ថិរភាពនៃខ្សែចង្វាក់ផលិតកម្ម និងកំណើននៃការបញ្ជាទិញ បានធ្វើឱ្យការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច របស់ SSEZ កើនឡើងជាប្រចាំ»។
លោកលើកឡើងទៀតថា បន្ថែមលើការបើកសេដ្ឋកិច្ច ច្បាប់វិនិយោគថ្មីដែលទើបត្រូវបានដាក់ឱ្យអនុវត្តក៏នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៅក្នុងការទាក់ទាញឱ្យបានការចូលមកបណ្តាក់ទុនកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ ការនាំចេញទំនិញរបស់កម្ពុជា (ដកមាស) មានទឹកប្រាក់សរុប ១១ ០១០ លានដុល្លារ កើនឡើង ២០,៤ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ និងការនាំចូលទំនិញ (ដកមាស) មានទឹកប្រាក់ ១៤,៦ ពាន់លានដុល្លារ កើនឡើង ២៦,៧ ភាគរយ។
កាលពីឆ្នាំ ២០២០ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននាំចូល និងនាំចេញ សរុបជាង ១,៥៦ ពាន់លានដុល្លារ កើនឡើង ២៦,៥២ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាម SSEZ៕ LA