ភ្នំពេញៈ សកម្មភាពនៃការរៀបចំផ្ទះត្រចៀកកាំ បានបង្ហាញពីសញ្ញាកើនឡើងជាបន្តបន្ទាប់ បើទោះបីជាបញ្ហាទីផ្សារ និងតម្លៃផលិតផលពីទឹកមាត់ត្រចៀកកាំ មិនបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ក៏ដោយ។ នេះបើយោងតាមអ្នកនៅក្នុងវិស័យមួយនេះ។
លោក ទ្រី និមល ម្ចាស់អាជីវកម្មរៀបចំផ្ទះត្រចៀកកាំ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីពេលថ្មីៗនេះថា បើគិតពីចំនួនអតិថិជនដែលមករកក្រុមការងាររបស់លោកឱ្យជួយរៀបចំ ឬសង់ផ្ទះត្រចៀកកាំ (ទាំងផ្ទះធំ និងតូច) ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២១ គឺមានចំនួនជាង ៥០ កន្លែង ខណៈកាលពីឆ្នាំ ២០២០ ក្រុមការងារលោកបានរៀបចំ ឬសង់ផ្ទះត្រចៀកកាំបានត្រឹមតែជាង ២០ កន្លែងប៉ុណ្ណោះ។
លោកបន្តថា កំណើននៃការរៀបចំ ឬសង់ផ្ទះថ្មីសម្រាប់ត្រចៀកកាំ អាចបណ្តាលមកពីកត្តាចម្បងចំនួន ២ គឺក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ អាជីវកម្មមួយចំនួនមិនអាចបើកដំណើរការបានដែលធ្វើឱ្យអ្នកមានទីតាំង និងធនធានមួយចំនួនបង្វែរប្រាក់មកសង់ផ្ទះត្រចៀកកាំ, និងទឹកមាត់ ឬសប្បុកត្រចៀកកាំមានតម្រូវការទីផ្សារច្រើនជាងមុន។
លោកប្រាប់ថា៖ «ការសម្លឹងឃើញពីឱកាសទីផ្សារដែលអាចទទួលបានតម្លៃខ្ពស់ និងការជាប់គាំងអាជីវកម្ម ដោយសារកូវីដ ១៩ បានបង្វែរការចាប់អារម្មណ៍ឱ្យអ្នកមានធនធានមួយចំនួនឱ្យមកបណ្តាក់ទុនលើការចិញ្ចឹមត្រចៀកកាំ»។
បើតាមលោក និមល ការវិនិយោគលើការចិញ្ចឹមសត្វត្រចៀកកាំ ប្រសិនបើមានផ្ទះស្រាប់ គេអាចចំណាយប្រាក់ចាប់ពីជាង ១ ម៉ឺនដុល្លារឡើងទៅក្នុងការរៀបចំ ប៉ុន្តែប្រសិនបើមិនមានផ្ទះ ដោយត្រូវសង់ផ្ទះថ្មីគេអាចចំណាយចាប់ពី ៣,៥ ម៉ឺនដុល្លារឡើងទៅ សម្រាប់ផ្ទះដែលមានទំហំ ៥x២០ ម៉ែត្រ។
ប្រធានសហព័ន្ធសម្បុកត្រចៀកកាំកម្ពុជាលោក ណាង សុធី បាននិយាយថា ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យក្តីប្រាថ្នារបស់អ្នកវិនិយោគលើផ្ទះត្រចៀកកាំក្នុងការនាំចេញផលិតផលទាំងនេះដោយផ្ទាល់ទៅប្រទេសចិនត្រូវស្ងប់ស្ងាត់ ព្រោះវិបត្តិកូវីដ ១៩ បានធ្វើឱ្យផែនការចុះមកពិនិត្យគុណភាពនៅទីតាំងផ្ទាល់របស់អ្នកជំនាញចិននៅកម្ពុជាត្រូវពន្យារពេលជាបន្តបន្ទាប់។
លោកបន្តថា៖ «សម្រាប់ពេលនេះទីផ្សារទឹកមាត់ត្រចៀកកាំមិនមានសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ទេ ព្រោះមិនមានទីផ្សារផ្ទាល់នៅក្រៅប្រទេស ពិសេសប្រទេសចិន ដែលជាទីផ្សារធំ និងមានប្រជាជននិយមចូលចិត្តទទួលទាន»។
យោងតាមលោក សុធី គុណភាពសម្បុកត្រចៀកកាំកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានគុណភាពល្អ ព្រោះកម្ពុជាមានតំបន់ធម្មជាតិច្រើន និងមិនសូវមានឧស្សាហកម្មធំៗដែលបញ្ចេញផ្សែងច្រើន។
កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់សំណើទៅរដ្ឋាភិបាលចិន ដើម្បីនាំចេញផលិតផលកសិកម្មមួយចំនួនដោយផ្ទាល់ទៅទីផ្សាររបស់ចិន ដែលមានដូចជា ទឹកមាត់ត្រចៀកកាំ ផ្លែមៀនប៉ៃលិន ម្រេច ទុរេន ក្រូចថ្លុងជាដើម។
យោងតាម លោក ណាង សុធី តម្លៃផលិតផលពីសត្វត្រចៀកកាំនៅកម្ពុជាមិនប្រែប្រួលទេនាពេលនេះធៀបនឹងចុងឆ្នាំ ២០២០ ដោយសម្បុកត្រចៀកកាំមិនទាន់សម្អាតមានតម្លៃពី ៥០០-៨០០ ដុល្លារ ក្នុង ១ គីឡូក្រាម និងសម្បុកសម្អាតរួចមានតម្លៃពី ១ ៨០០ ដុល្លារ ដល់ ៣ ៥០០ ដុល្លារ។ នៅកម្ពុជាមានផ្ទះអភិរក្សត្រចៀកកាំប្រមាណ ៣ ០០០ ខ្នង៕