ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច (AMRO) អាស៊ាន+៣ ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមក្នុងអត្រា ២,៨ ភាគរយ ដែលជំរុញដោយកំណើនមិនស្មើគ្នានៅក្នុងវិស័យនានា។
ការព្យាកររបស់ស្ថាប័នមួយនេះគឺខ្ពស់ជាង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលព្យាករក្នុងអត្រា ២,២ ភាគរយ និង ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងអត្រា ១,៩ ភាគរយ។
យោងតាមរបាយការណ៍ពិគ្រោះយោបល់ប្រចាំឆ្នាំ ២០២១ របស់ AMRO ស្តីពីប្រទេសកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ការពង្រឹងការគ្រប់គ្រងជំងឺរាតត្បាត និងការអនុវត្តគោលនយោបាយមានភាពបត់បែន ដើម្បីគាំទ្រដល់វិស័យដែលងាយរងគ្រោះ និងធ្វើឱ្យសេដ្ឋកិច្ចដើរលើផ្លូវស្ទុះងើបឡើងវិញដ៏រឹងមាំនៅតែមានសារៈសំខាន់ ខណៈដែលការចាក់វ៉ាក់សាំងក្នុងល្បឿនលឿនដែលកំពុងបន្តនឹងធានាបាននូវការបើកសេដ្ឋកិច្ចឡើងវិញប្រកបដោយស្ថិរភាព។
AMRO លើកឡើងបន្តថា៖ «សន្ទុះនៃការស្ទុះងើបឡើងវិញត្រូវបានរារាំង ដោយការវិលត្រឡប់មកវិញយឺតនៃភ្ញៀវទេសចរអន្តរជាតិ ទោះបីជាមានការបន្ធូរបន្ថយវិធានការទប់ស្កាត់»។
AMRO បានបន្ថែមទៀតថា ចំពេលមានភាពប្រសើរឡើងនៅក្នុងប្រព័ន្ធសុខភាពសាធារណៈ ការពឹងផ្អែកខ្លាំងរបស់កម្ពុជាលើវិស័យសេវាកម្មដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងវិស័យផលិតកម្មដែលប្រើប្រាស់កម្លាំងពលកម្មច្រើនផ្ដល់នូវការស្ទុះងើបឡើងវិញរបស់ខ្លួនដល់វិស័យងាយរងគ្រោះខ្លាំងដោយសារការរីករាលដាលជំងឺកូវីដ ១៩។
IMF កាលពីដើមខែតុលាបានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងអត្រា ២,២ ភាគរយនៅឆ្នាំ ២០២១ កើនឡើងជាបណ្ដើរៗដល់អត្រា ៦,៥ ភាគរយមុនវិបត្តិជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
IMF ក៏បានគូសបញ្ជាក់ថាវិបត្តិជំងឺកូវីដ ១៩ បង្កឱ្យតម្រូវការខាងក្រៅធ្លាក់ចុះយ៉ាងខ្លាំង កាលពីឆ្នាំមុនដែលធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងថាការរីករាលដាលវីរុសរលកទី ៣ របស់កម្ពុជាក្នុងឆ្នាំ ២០២១ បន្ថែមលើការព្រួយបារម្ភបន្ថែមទៀត។
IMF ថា៖ «ទោះបីជាសកម្មភាពបានបង្ហាញពីសញ្ញានៃការកើនឡើងដល់ចុងឆ្នាំ ២០២០ ក៏ដោយ ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសនេះចាប់ពីខែកុម្ភៈឆ្នាំនេះបានរារាំងសេដ្ឋកិច្ចជាថ្មីទៀត។ ដូចនៅតាមបណ្ដាប្រទេសជាច្រើនផ្សេងទៀត វិបត្តិនេះបានដាក់សម្ពាធលើលទ្ធភាពរបស់គ្រួសារ និងក្រុមហ៊ុនលើសេវាកម្មប្រាក់កម្ចី។
ទន្ទឹមនឹងនេះ AMRO បានចង្អុលបង្ហាញថាហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុអាចបណ្តាលមកពីការធ្លាក់ចុះនៃគុណភាពឥណទាន និងអតិផរណាតម្លៃទ្រព្យសកម្មដែលអាចកើតមាន។ ជំងឺរាតត្បាតអាចបន្សល់ទុកនូវស្លាកស្នាមឈឺចាប់រយៈពេលវែងលើសក្ដានុពលកំណើនសេដ្ឋកិច្ចកម្ពុជា។
AMRO ឱ្យដឹងថា៖ «ដោយសារការស្ទុះងើបឡើងវិញយឺត និងមិនស្មើគ្នានៅក្នុងបរិយាកាសនៃភាពមិនច្បាស់លាស់ខ្ពស់ ការគាំទ្រគោលនយោបាយសារពើពន្ធដែលកំណត់ទិសដៅ និងអាចបត់បែនបានកាន់តែច្រើន គឺចាំបាច់បំផុត»។
AMRO បានចង្អុលបង្ហាញថា ធនាគារជាតិនៃកម្ពុជាគួរតែធានាថាការបន្ធូរបន្ថយវិធានការធំៗនានា ត្រូវតែមានទំនាក់ទំនងល្អ ដើម្បីកាត់បន្ថយភាពមិនច្បាស់លាស់នៃគោលនយោបាយ។ កិច្ចខិតខំសម្របសម្រួល ដើម្បីដោះស្រាយឧបសគ្គរចនាសម្ព័ន្ធគួរតែត្រូវបានបង្កើនល្បឿន ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច៕LA