ទីក្រុងប៉ារីសៈ ​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ឱ្យ​អង្គការ OPEC និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ចាត់វិធានការ​ ដើម្បី​ជួយ​ធ្វើឱ្យ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ដល់​ «​កម្រិត​សម​ហេតុផល​»​។

លោក FatihBirolIEA ​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាងខ្លាំង​ថា​នឹង​ឃើញ​កិច្ចប្រជុំ​បន្ទាប់ ឬ​កិច្ចប្រជុំ​ផ្សេងទៀត​...​ពួកគេ​ធ្វើការ​ចាត់វិធានការ​ចាំបាច់​ ដើម្បី​ឱ្យ​សុខ​ស្រួល​ទីផ្សារ​ប្រេង​ក្នុង​សកលលោក​ និង​ជួយ​ទាញ​ទម្លាក់​តម្លៃ​ដល់​កម្រិត​សមរម្យ​»​។

ប្រមុខ​ IEA ដែល​បង្រួបបង្រួម​ប្រទេស​ប្រើប្រាស់​ប្រេង​ក៏​បាន​ដាក់​គោលដៅ​លើ​រុស្ស៊ី​ជុំវិញ​ឧស្ម័ន​ផងដែរ​។

លោក Birol ​បាន​និយាយថា​៖ «​រុស្ស៊ី​អាច​បង្កើន​ការនាំចេញ​ទៅកាន់​អឺរ៉ុប​យ៉ាង​ងាយស្រួល​ប្រហែល​ ១៥ ​ភាគរយ​... និង​ជួយ​សម្រាលទុក្ខ​យ៉ាងខ្លាំង​ដល់​ទីផ្សារ​ឧស្ម័ន​នៅ​អឺរ៉ុប​»​។

តម្លៃ​ឧស្ម័ន​ធម្មជាតិ​នៅ​អឺរ៉ុប​បាន​កើនឡើង​នៅ​ឆ្នាំនេះ ហើយ​រុស្ស៊ី​ដែល​ជា​អ្នកផ្គត់ផ្គង់​ដ៏សំខាន់​ក្នុង​តំបន់ មាន​ការយឺតយ៉ាវ​ក្នុង​ការបង្កើន​ការដឹកជញ្ជូន​។

បណ្តា​ប្រទេស​នៅក្នុង​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ​ (OPEC) ​និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ រួមទាំង​រុស្ស៊ី បាន​ព្រមព្រៀង​គ្នា​ក្នុង​ខែកក្កដា ដើម្បី​បង្កើន​ទិន្នផល​ប្រេង​របស់​ពួកគេ​ជា​រៀងរាល់ខែ ឆ្ពោះ​ទៅ​រក​កម្រិត​មុន​ការរាតត្បាត ខណៈ​សេដ្ឋកិច្ច​ពិភពលោក​ងើបឡើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩​។

ប្រទេស​នាំចេញ​ប្រេង​បាន​បដិសេធ​ក្នុង​ការធ្វើ​ដំណើរ​លឿន​ជាង​នេះ បើទោះបី​ជា​តម្លៃ​កើនឡើង​ដល់​ជាង​ ៨០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល ជា​កម្រិត​មួយ​ដែល​អ្នកវិភាគ​ជាច្រើន​បារម្ភ​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការស្ទុះ​ងើប​សេដ្ឋកិច្ច​ពិភពលោក​។

ពួកគេ​គ្រោង​នឹង​ពិនិត្យ​ឡើងវិញ​នូវ​យុទ្ធសាស្ត្រ​របស់​ពួកគេ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខែធ្នូ​។

សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ប្រើប្រាស់​ប្រេង​មួយចំនួន​តូច​ផ្សេងទៀត​បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​បញ្ចេញ​ការផ្គត់ផ្គង់​ប្រេង​ពី​តំបន់​បម្រុង​ទុក​យុទ្ធសាស្ត្រ​របស់​ពួកគេ​។

ការសម្រេច​នេះ​មាន​បំណង​ច្រៀក​តម្លៃ​ដែល​កំពុង​កើនឡើង​នៅ​កន្លែង​បូម​ប្រេង​ដែល​កំពុង​ស្រូប​លុយ​ពី​អ្នកប្រើប្រាស់ និង​បង្កើន​តម្លៃ​ដឹកជញ្ជូន​ហក់​ឡើង​ខ្ពស់​៕ RR